ជាតិ
ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ជាប់​ជ័យលាភី​បដិសណ្ឋារកិច្ច​ផ្នែក​សេវាសាធារណៈ​ល្អ​ជាងគេ
27, Feb 2017 , 7:22 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ ក្រុង​សំរោង​ស្ថិតនៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ បានទទួល​ជ័យលាភី​បដិសណ្ឋារកិច្ច​ផ្នែក​សេវាសាធារណៈ​ល្អ​ជាងគេ ក្នុងចំណោម​ក្រុង​៣​នៃ​ខេត្ត​/​រាជធានី​ផ្សេងគ្នា ក្រុង​សំរោង​ទទួលបាន​ពិន្ទុ​ខ្ពស់​ជាងគេ ដែលមាន​បដិសណ្ឋាកិច្ច​ផ្នែក​សេវាសាធារណៈ​ល្អ​កម្រិត​ស្នាមញញឹម​៣​។  នេះ​បើ​យោងតាម​របាយការណ៍​វាយតម្លៃ​របស់​ក្រសួងទេសចរណ៍​។ 



របាយការណ៍​វាយតម្លៃ​របស់​ក្រសួងទេសចរណ៍ បាន​រកឃើញថា ក្រុង​សំរោង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​មានជ័យ ទទួលបាន​ពិន្ទុ​ខ្ពស់​ជាងគេ ផ្នែក​ផ្តល់​សេវាសាធារណៈ​ប្រកបដោយ​ភាពកក់ក្តៅ​កម្រិត​ខ្ពស់​។

​របាយការណ៍​ខាងលើ បាន​ចាត់​ចំណាត់ថ្នាក់​ក្រុង​នីមួយ​ដោយ​ឈរលើ​មូលដ្ឋាន​«​ធ្វើ​ឲ្យ​បាន ធ្វើ​ឲ្យ​លឿន ធ្វើ​ឲ្យ​មាន​តម្លាភាព​» ដោយ​ក្នុងនោះ ក្រសួង​បាន​បែងចែក​ជ័យលាភី​ជា​៣​កម្រិត គឺ​ស្នាមញញឹម​៣ មានន័យថា ផ្តល់​សេវាសាធារណៈ​ប្រកបដោយ​ភាពកក់ក្តៅ​ជូន​ប្រជាពលរដ្ឋ​កម្រិត​ខ្ពស់​។ ឯ​ស្នាមញញឹម​២ មានន័យថា បង្គួរ ខណៈ​ស្នាមញញឹម​១ មានន័យថា មធ្យម​។

​ក្រុង​ចំនួន​៣ ដែល​ជាប់​ចំណាត់ថ្នាក់​ស្នាមញញឹម​៣ ក្នុងនោះ​រួមមាន​៖ ក្រុង​សំរោង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ទទួលបាន​ពិ​ន្ទ​៨២,៨ ក្រុង​ច្បារមន​ខេត្តកំពង់ស្ពឺ ទទួលបាន​ពិន្ទុ​៨១,៤១ ខ័ណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ ទទួលបាន​ពិន្ទុ​៨១,២៤​។  

ចំណែកឯ​ក្រុង​ទទួលបាន​ចំណាត់ថ្នាក់​ស្នាមញញឹម​២ មាន​ចំនួន​២៧​ក្រុង​/​ខ​ណ្ឌ ដូចជា​៖ ក្រុង​ស្វាយរៀង​ខេត្តស្វាយរៀង ក្រុង​ក្រចេះ ​ខេត្តក្រចេះ ខណ្ឌ​៧​មករា​ រាជធានី​ភ្នំពេញ​…​។ រីឯ​ក្រុង​/​ខ័​ណ្ឌ​ដែល​ទទួលបាន​ចំណាត់ថ្នាក់​ស្នាមញញឹម​១ គឺមាន​៨​ក្រុង​/​ខណ្ឌ ដូចជា​៖ ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ ខណ្ឌទួលគោក​រាជធានី​ភ្នំពេញ​…​។

ចំណែក ជ័យលាភី​បដិសណ្ឋាកិច្ច​ល្អ​របស់​ច្រកទ្វារ​អន្តរជាតិ​វិញ អាកា​យានដ្ឋាន​អន្តរជាតិ​សៀមរាប​ខេត្តសៀមរាប និង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ទទួលបាន​ចំណាត់ថ្នាក់​ស្នាមញញឹម​៣ ខណៈ​ច្រកទ្វារព្រំដែន​អន្តរ​ជាត​បាវិត​ខេត្តស្វាយរៀង ទទួលបាន​ចំណាត់ថ្នាក់​ស្នាមញញឹម​១៕  



Tag:
 ​ថោង ខុន​
 ​ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com