ជាតិ
សេដ្ឋកិច្ច
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី ថា រដ្ឋាភិបាល​ចង់​គេច​ពី​ការទទួលខុសត្រូវ​បញ្ហា​ហិរញ្ញវត្ថុ​ពលរដ្ឋ​
28, Feb 2017 , 3:35 pm        
រូបភាព
​ភ្នំពេញ​៖ «​មីក្រូហិរញ្ញវត្ថុ​ជា​របស់​ឯកជន មិនមែនជា​របស់​រដ្ឋ​ទេ​»​។ នេះ​ជា​សារ​ថ្មី​មួយ ដែល​សម្ដេច ហ៊ុន សែន បាន​បញ្ជារ​ឲ្យ​ស្ថាប័ន​ប្រាក់កម្ចី​ទាំងនោះ សរសេរ​ពាក្យស្លោក​នេះ​នៅ​គ្រប់​ស្ថាប័ន​ពួកគេ​។ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និយាយថា មូល​ហេតុដែល​សម្ដេច ហ៊ុន សែន បង្គាប់​ឲ្យ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ សរសេរ​សារ​បែបនេះ ដោយសារតែ​រដ្ឋាភិបាល​ចង់​គេចវេស​ពី​ការទទួលខុសត្រូវ​លើ​បញ្ហា​ហិរញ្ញវត្ថុ​របស់​ប្រជាពលរដ្ឋ ដែល​កំពុង​ធ្លាក់​ដុនដាប​។​



«​សារ​ដែល​គេ (​ហ៊ុន សែន​) ផ្សព្វផ្សាយ​បែបនេះ គ្រាន់តែ​ដើម្បី​ឲ្យ​រដ្ឋាភិបាល​គ្រលាស់​ដៃ មិន​យកចិត្តទុកដាក់ ហើយ​មិន​ទទួលខុសត្រូវ ចំពោះ​ស្ថានភាព​ហិរញ្ញវត្ថុ​ដ៏​ដុនដាប របស់​កសិករ​ខ្មែរ​រាប់លាន​នាក់ ដែល​ជំពាក់​លុយ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ទាំងនោះ យ៉ាង​វ័ណ្ឌក​»​។ នេះ​ជាការ​លើកឡើង​របស់លោក សម រង្ស៊ី ដែល​បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ថា រដ្ឋាភិបាល​ត្រូវតែ​ទទួលខុសត្រូវ ចំពោះ​ទុក្ខវេទនា​របស់​កសិករ​រាប់លាន​នាក់ ដែល​ធ្វើស្រែ​ចំការ​ដោយ​ខាតបង់​រាល់​ឆ្នាំ ជាហេតុ​តម្រូវ​ឲ្យ​កសិករ​ទាំងនោះ​ខ្ចីប្រាក់​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​កាន់តែ​ច្រើនឡើងៗ ដើម្បី​បំពេញ​កង្វះខាត​របស់​ពួកគេ​នេះ​។​

​ក្នុងន័យ​ខាងលើនេះ លោក សម រង្ស៊ី ទំនង​មិន​ចង់​ឲ្យ​រដ្ឋាភិបាល​ចេញមុខ​ដោះស្រាយ​បំណុល​ជូន​កសិករ​នោះទេ ។ តែ​លោក ចង់​ឲ្យ​រដ្ឋាភិបាល​រៀបចំ​វិស័យ​កសិកម្ម​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ធានា​ដល់​លទ្ធភាព​ប្រជាកសិករ ក្នុងការ​ខ្ចីប្រាក់​ពី​ស្ថាប័នហិរញ្ញវត្ថុ​ទាំងនោះ ហើយ​អាច​បង់​សង់បំណុល​ត្រឡប់​ទៅវិញ​។​អតីត​ប្រធាន​គណបក្សប្រឆាំង​រូបនេះ បាន​សរសេរ​ដូច្នេះ​ថា​៖«​រដ្ឋាភិបាល​ត្រូវតែ​រៀបចំ​វិស័យ​កសិកម្ម​ឡើងវិញ ដើម្បី​ធានា​ឲ្យ​កសិករ​មាន​ដីធ្លី​គ្រប់គ្រាន់​ដើម្បី​ប្រកប​អាជីវកម្ម មានទឹក​គ្រប់គ្រាន់​ដើម្បី​ស្រោចស្រព​ស្រែចំការ មានការ​ទ្រទ្រង់​បច្ចេកទេស​គ្រប់បែបយ៉ាង​ដើម្បី​បង្កើន​ផលិតភាព​កសិកម្ម ។​ហើយ​ជាពិសេស ត្រូវតែ​រៀបចំ​ទីផ្សារ​ដើម្បី​ឲ្យ​កសិករ​អាច​លក់​ផលដំណាំ​ដែល​ប្រមូលបាន ក្នុងតម្លៃ​ខ្ពស់​សមរម្យ ដើម្បី​ទ្រទ្រង់​ជីវភាព​រស់នៅ ដោយ​មិនចាំបាច់​ទៅ​ខ្ចីលុយ​ពី​គេ ឬក៏​បង្ខំចិត្ត​ចំណាកស្រុក ដូច​សព្វថ្ងៃ​»​។​

​នៅពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​បាន​តម្រូវ​ឲ្យ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ទាំងអស់ ផ្សព្វផ្សាយ និង​ដាក់​សម្គាល់ថា​ជា​«​គ្រឹះស្ថាន​ឯកជន​» ដើម្បី​បញ្ចៀស​ការភាន់ច្រឡំ​រប​ស់​មហាជន​ថា​គ្រឹះស្ថាន​ទាំងនោះ​ជា​របស់​រដ្ឋ​។ មូលហេតុ ដែល​រដ្ឋាភិបាល​កំណត់​បែបនេះ ដោយសារ​កន្លងមក​មាន​គ្រឹះស្ថាន​ហិរញវត្ថុ​ឯកជន​មួយចំនួន បាន​រឹបអូស​ផ្ទះសំបែង​របស់​ពលរដ្ឋ ហើយ​ពលរដ្ឋ​ភាន់ច្រឡំ​ថា គ្រឹះស្ថាន​ទាំងនោះ​ជា​របស់​រដ្ឋ​។ មកទល់នឹង​ពេលនេះ មាន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចំនួន​ពីរ​ហើយ គឺ​ធនាគារ​អេស៊ីលីដា និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់ ដែល​ត្រូវបាន​រដ្ឋាភិបាល​បញ្ជា​ឲ្យ​ផ្លាស់ប្ដូរ​និមិត្តសញ្ញា​របស់ខ្លួន ក្រោម​ហេតុផល​ថា ស្ថាប័នហិរញ្ញវត្ថុ​ទាំងពីរ​នេះ មាន​និមិត្តសញ្ញា ដែល​អាច​ឲ្យ​ពលរដ្ឋ​ភាន់ច្រឡំ ថា​ជា​របស់ «​រដ្ឋ​»​។

​ក្រៅពីនេះ​សម្ដេច ហ៊ុន សែន ក៏បាន​ដាក់​បម្រាម​ដល់​មន្ត្រី​មូលដ្ឋាន​មិនអោយ​ចូលរួម​ពាក់ព័ន្ធ និង​សេវាកម្ម​របស់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ទាក់ទង​នឹង​ការចូលរួម​រៀបចំ​ឯកសារ ឬ​ការចូលរួម​រឹបអូស​ដីធ្លី ផ្ទះសម្បែង​របស់​ពលរ​ដ្ឋ​ផងដែរ ដើម្បី​បញ្ចៀស​ការយល់ច្រឡំ​ពី​សាធារណជន​។ ចំណែក​បុគ្គល​នយោបាយ​ណា​ដែល​ដើរ​ឃោសនា​តាម​មូលដ្ឋាន ដោយ​សន្យាថា ពួកគេ​នឹង​លុប​បំណុល​ជូន​ពលរដ្ឋ ដែល​ជំពាក់​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ នៅពេលដែល​គណបក្ស​ពួក​គេ​ជាប់ឆ្នោត​នោះ ក៏ត្រូវ​រង​ការចាប់ខ្លួន​ពី​សំណាក់​អាជ្ញាធរ​នៅ​កន្លែង​ភ្លាមៗ​ផងដែរ​។ សម្ដេច ហ៊ុន សែន ចាត់ទុក​ការឃោសនា​របស់​បុគ្គល​ទាំងនោះ គឺជា​ការសន្យា​បោកប្រាស់​ពលរដ្ឋ ដើម្បី​កេងចំណេញ​នយោបាយ ដែលជា​រឿង​មិនអាច​ទៅរួច​ឡើយ​៕


Tag:
 ហ៊ុន សែន​
  មីក្រូហិរញ្ញវត្ថុ​
© រក្សាសិទ្ធិដោយ thmeythmey.com