ជាតិ
ក្រសួង​អប់រំ និង បរិស្ថាន រៀបចំ «​ការប្រឡងប្រណាំង​ពានរង្វាន់​សាលា​មេត្រី​បរិស្ថាន​»
01, Mar 2017 , 8:19 am        
រូបភាព
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួងបរិស្ថាន បាន​សហការគ្នា​រៀបចំ «​ការប្រឡងប្រណាំង​ពានរង្វាន់​សាលា​មេត្រី​បរិស្ថាន​»​។ កម្មវិធី​នេះ ចាប់ផ្ដើម​ចែក​ពាក្យ​ពី​ខែកុម្ភៈ​ដល់​ថ្ងៃទី​១៥ មីនា ដែល​ផ្ដល់ឱកាស​ដល់​សាលា​ចំណេះ​ទូទៅ​ទាំងអស់​នៅ​កម្ពុជា​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​អប់រំ​។​



​កម្មវិធី​ប្រកួតប្រជែង​ពានរង្វាន់​សាលា​មេត្រី​បរិស្ថាន គឺជា​កម្មវិធី​ដែល​រៀបចំ​ដោយ​ក្រសួងបរិស្ថាន និង​ក្រសួង​អប់រំ យុវជន និង​កីឡា​។ ការប្រឡងប្រណាំង​សាលា​មេត្រី​បរិស្ថាន​នេះ  ដើម្បី​លើកកម្ពស់​ការយល់ដឹង និង​ការថែរក្សា​បរិស្ថាន​នៅតាម​សាលារៀន​ចំណេះ​ទូទៅ ដោយ​រួមចំណែក​ការពារ​បរិស្ថាន ការគ្រប់គ្រង​ធនធានធម្មជាតិ និង​ការអភិរក្ស​ជីវៈចម្រុះ​។​

​ការប្រឡងប្រណាំង​ពានរង្វាន់​នេះ នឹង​ផ្ដល់ឱកាស​ដល់​សាលា​ចំណេះ​ទូទៅ​នៅ​កម្រិត​បឋមសិក្សា និង​មធ្យមសិក្សា​ទូទាំងប្រទេស​។ លក្ខខណ្ឌ​ក្នុងការ​ចូលរួម​ប្រកួត ផ្ដោតទៅលើ​ប្រធានបទ «​សាលា​មេត្រី​បរិស្ថាន​នៅ​កម្ពុជា​»​។ ជាមួយគ្នានេះ សាលារៀន​ដែល​អាច​ចូលរួមបាន ជា​សាលារៀន​ទាំងអស់​នៅ​កម្ពុជា និង​ជា​សាលា ដែល​អនុវត្ត​សកម្មភាព​ក្នុង​គោលការណ៍​ណែនាំ​ស្ដីពី​សាលា​មេត្រី​បរិស្ថាន​នៅ​កម្ពុជា​។

​សម្រាប់​ដំណើរការ​នៃ​ការប្រកួតប្រជែង សាលា​ទាំងអស់  អាច​ទទួលយក​ពាក្យ​ចូលរួម​ប្រកួត​ពី​នាយកដ្ឋាន​អប់រំ​បរិស្ថាន ឬ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក សាលា​មេត្រី​បរិស្ថាន -Eco-schools in Cambodia​។ ការដាក់​ពាក្យស្នើសុំ​ចូល​រួម​គឺ​ចាប់​ខែកុម្ភៈ រហូតដល់​ថ្ងៃទី​១៥ ខែមីនា​។ ចំណែក​ការវាយតម្លៃ និង​ជ្រើសរើស​ចាប់ពី​ថ្ងៃទី​១៥-៣១ ខែមីនា និង​ចុះ​វាយតម្លៃ​ដោយផ្ទាល់​នៅ​សាលា ចាប់ពី​ថ្ងៃទី​១-៣០ ខែមេសា ឆ្នាំ​២០១៧​។ ការប្រកាស​លទ្ធផល នឹងធ្វើ​នៅ​ខែឧសភា​។​

​គួរ​បញ្ជាក់ថា សាលា​មេត្រី​បរិស្ថាន ជា​ចលនា​មួយ មាន​គោលបំណង​លើកទឹកចិត្ត​សិស្សានុសិស្ស​ក្នុងការ​ចូលរួម​ផ្លាស់ប្ដូរ​ឥរិយាបថ និង​ធ្វើ​សកម្មភាព​បរិស្ថាន​ក្នុង​សាលា និង​សហគមន៍ ឆ្ពោះទៅរក​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។ សាលារៀន​ដែលជា​ប់​ជា​សាលា​មេត្រី​បរិស្ថាន​នៅ​កម្ពុជា និង​ត្រូវ​បញ្ជូនទៅ​ចូលរួម​ប្រកួតប្រជែង​ពានរង្វាន់​សាលា​មេត្រី​បរិស្ថាន​ក្នុង​ក្របខណ្ឌ​អាស៊ាន​បន្តទៀត​។ ព័ត៌មាន​បន្ថែម​អាចទាក់ទង នាយកដ្ឋាន​បរិស្ថាន នៃ​ក្រសួងបរិស្ថាន ០១៦ ៦៥៤ ៥០៤ និង​អ៊ី​ម៉ែ​ល [email protected]


Tag:
 អប់រំ​
 ​ បរិស្ថាន​
  ​សាលា​មេត្រី​បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com