ជាតិ
សេដ្ឋកិច្ច
ក្រសួង​សេដ្ឋកិច្ច និង​IFAD ចុះ​កិច្ច​ព្រម​ព្រៀម លើ​គម្រោង​ទីផ្សារ​កសិកម្ម​ខ្នាតតូច​នៅ​១៥​ខេត្ត​
02, Mar 2017 , 9:19 am        
រូបភាព
ក្រសួងសេដ្ឋកិច្ច និងIFAD ចុះកិច្ចព្រមព្រៀម
ក្រសួងសេដ្ឋកិច្ច និងIFAD ចុះកិច្ចព្រមព្រៀម
​ភ្នំពេញ​៖ ក្រសួង​សេដ្ឋកិច្ច  និង​ហិរញ្ញវត្ថុ  និង​មូលនិធិ​អន្តរជាតិ​សម្រាប់​ការអភិវឌ្ឍ​កសិកម្ម (IFAD) បាន​ចុះ​កិច្ចព្រមព្រៀង លើ​គម្រោង​ជំរុញ​ទីផ្សារ​កសិកម្ម​ខ្នាតតូច ប្រមាណ ៣៦,៣០ លាន​ដុល្លារ​។ គម្រោង​នេះ អនុវត្ត​លើ​កសិករ​ក្រីក្រ ប្រមាណ ៧​ម៉ឺន​៥​ពាន់ គ្រួសារ ក្នុង​ខេត្ត​ចំនួន ១៥  ដោយ​ផ្ដោតលើ​មុខទំនិញ ៥​មុខ រួមមាន  ស្រូវ​, បន្លែ​, ដំ​ឡូ​វ​,​សូត្រ និង​ការចិញ្ចឹម​មាន់​លក្ខណៈ​គ្រួសារ​។ គម្រោង​នេះ មាន​រយៈពេល ៦​ឆ្នាំ ចាប់ពី​២០១៧-២០២២​។​



​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហរិញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន និង​លោក Gilbert Fossoun Houngbo ប្រធាន​មូលនិធិ​អន្តរជាតិ​សម្រាប់​ការអភិវឌ្ឍ​កសិកម្ម (IFAD) នៅ​ថ្ងៃទី​២៨ កុម្ភៈ នាទី​ក្រុង​រ៉ូម ប្រទេស​អ៊ីតាលី បាន​ចុះ​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច ដែលមាន​ទឹកប្រាក់​ចំនួន ៣៦,៣០ លាន​ដុល្លារ​។ កិច្ច​ព្រម​ព្រៀម​នេះ មាន​រយៈពេល​អនុវត្ត​ចំនួន ៦​ឆ្នាំ ចាប់ពី​២០១៧-២០២២​។​

​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លើកឡើងថា​៖ «​រាជរដ្ឋាភិបាល​នឹងចូលរួម​ជា​ថវិកាបដិភាគ ប្រមាណ ៨,៦៥ លាន​ដុល្លារ​។ ដោយ​រំពឹងថា គម្រោង​នេះ នឹង​អាច​កៀងគរ​ទុនវិនិយោគ​ពី​អ្នកទទួលផល និង​វិស័យ​ឯកជន​បាន​ប្រមាណ ១៦,៧០ លាន​ដុល្លារ​បន្ថែមទៀត ដែល​ធ្វើ​ឲ្យ​គម្រោង​កើន ទឹកប្រាក់​ប្រមាណ ៦១,៦៥ លាន​ដុល្លារ​»​។

​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃទី​០១ មីនា លោក អូន ព័ន្ធមុនីរ័ត្ន បញ្ជាក់ថា គម្រោង​នេះ ជា​គម្រោង​ទី​១ ដែល​ត្រូវ​បានរៀបចំ ដើម្បី​គៀរគរ​ឲ្យ​មានការ​ចូលរួម​ជា​ទុនវិនិយោគ​របស់​វិស័យ​ឯកជន ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​កសិកម្ម គាំទ្រ​ដល់​ការលើកកម្ពស់​ជីវភាព​កសិករ​ក្រីក្រ​។

​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច​នេះ មាន​គោលដៅ​លើកកម្ពស់​ជីវភាព​កសិក​រ​ខ្នាតតូច ដើម្បី​ទទួលបាន​ផលចំណេញ​ខ្ពស់​ពី​ការធ្វើ​កសិកម្ម តាមរយៈ​ការចូល​ធ្វើ​អន្តរា​គម​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​កសិកម្ម​។ ជាមួយគ្នានេះ ក្នុង​ដំណាក់​ដំបូង គម្រោង​នេះ​នឹង​ផ្តោតលើ​មុខទំនិញ ៥​មុខ រួមមាន  ស្រូវ​, បន្លែ​, ដំ​ឡូ​វ​,​សូត្រ និង​ការចិញ្ចឹម​មាន់​លក្ខណៈ​គ្រួសារ​។​

​ការចាប់​អនុវត្ត​គម្រោង​នេះ នឹង​ផ្ដល់​ផលប្រយោជន៍​ដោយផ្ទាល់​ដល់​កសិករ​ក្រី​ក្រ ប្រមាណ ៧​ម៉ឺន​៥​ពាន់ គ្រួសារ ក្នុង​ខេត្ត​ចំនួន ១៥ រួមមាន​៖ ខេត្តកំពត​, តាកែវ​, កណ្ដាល​, ព្រៃវែង​, ត្បូងឃ្មុំ​, កំពង់ចាម​, កំពង់ធំ​, ក្រចេះ​, រតនគិរី​,​ស្ទឹងត្រែង​, ព្រះវិហារ​, សៀមរាប​, បន្ទាយមានជ័យ​, បាត់ដំបង និង​ប៉ៃលិន​។ គម្រោង​នេះ ចាប់ផ្ដើម​អនុវត្ត ដោយ​ក្រសួងពាណិជ្ជកម្ម ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ធនាគារ​អភិវឌ្ឍ​ជនបទ​។​

​លោក អូន ព័ន្ធមុនីរ័ត្ន  ក៏បាន​ថ្លែងអំណរគុណ​ចំពោះ IFAD ដែល​បានរួម​ចំណែក​ផ្ដល់​ហិរញ្ញប្បទាន​គាំទ្រ​គម្រោង​នេះ​។ គួរបញ្ជាក់​ផងដែរ គិត​មកដល់​បច្ចុប្បន្ន  ដោយ​រាប់​តាំង​គម្រោង​នេះ​ផង ទំហំ​កិច្ចសហប្រតិបត្តិការ​រ​វាង IFAD ជាមួយ​រដ្ឋាភិបាល​កម្ពុ​ជា បាន​កើន​ឡើងដល់ ១៨០ លាន​ដុល្លារ​៕


Tag:
 ក្រសួង​សេដ្ឋកិច្ច​
  IFAD
 ​ កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com