ពីនេះ ពីនោះ
ព័ត៍មានសុខភាព
រន្ធ​ញើស​លើ​មុខ​ចេះតែ​រីក​ធំ​មែន​ទេ​? ម៉េច​មិន​ធ្វើតាម​រូបមន្ត​ទាំងនេះ​សិន​ទៅ​!!!
08, Mar 2017 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
​រន្ធ​ញើស​លើ​ស្បែក​គឺជា​ច្រកចេញ​មួយ​សម្រាប់​ការបញ្ចេញ​ជាតិ​ប្រេង​សេ​ប៉ូ​ម​ដើម្បី​ឲ្យ​ស្បែក​មាន​ភាព​រលោង​។ ប្រេង​នេះដែរ​មាន​សារៈសំខាន់​ជួយ​ឲ្យ​ស្បែក​មាន​សុខ​ភាពល្អ និង​ការពារ​ភាព​ស្ងួត​។ ប៉ុន្តែ ការដែល​រន្ធ​ញើស​រីក​ធំ​ពេក​អាចជា​រឿង​មិនល្អ​ទៅវិញ​សម្រាប់​រូបរាង​ខាងក្រៅ ហើយក៏​មិនមាន​នរណា​ចង់​ឲ្យ​វា​កើតឡើង​អញ្ចឹង​ដែរ​។​



​ចំពោះ​ទំហំ​រន្ធ​ញើស ជាទូទៅ​ត្រូវបាន​កំណត់ដោយ​កត្តា​ហ្សែ​ន ប៉ុន្តែ​វា​ក៏មាន​កត្តា​ផ្សេងៗ​ទៀត​ចូលរួម​ដែរ​ដូចជា​៖
•    អាយុ​កាន់តែច្រើន​
•    ប្រភេទ​ស្បែក​ដែលមាន​ជាតិ​ប្រេង​ច្រើន​
•    ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ​

​មាន​ទម្លាប់​តិចតួច​មួយចំនួន​ដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​ជួយ​ឲ្យ​ស្បែក​មាន​ស្ថាន​ភាពល្អ​ឡើងវិញ​មានដូចជា​៖
1.    លាង​សម្អាត​ស្បែក​ថ្នមៗ​ដើម្បី​កំចាត់​ធូលី​ដី និង​ប្រេង​ដែល​ស្ទះ​ក្នុង​រន្ធ​ញើស​
2.    ចូរ​ជ្រើសរើស​ផលិតផល​សម្អាង​ដោយ​ប្រុងប្រយ័ត្ន និង​លាងជម្រះ​វា​ជានិច្ច​មុនពេល​ចូល​គេង​
3.    ប្រើ​វិធី​ជម្រះ​កោសិកា​ស្បែក​ងាប់ៗ​មួយ​សប្តាហ៍​ម្តង​។​

​វិធី​ធម្មជាតិ​ដែល​អាចជួយ​ពង្រឹង​ដល់​ស្ថានភាព​ស្បែក​ផង និង​ឲ្យ​រន្ធ​ញើស​រួម​តូច​វិញ​នោះ​មានដូចជា​៖

​ទឹកដោះគោ​យ៉ា​អួ​
​យ៉ា​អួ​មាន​សារធាតុ Lactic Acid ដែល​អាច​កំចាត់​កោសិកា​ស្បែក​ងាប់ៗ និង​បន្តឹង​រន្ធ​ញើស​បាន​ផង​។ ចូរ​យក​ទឹកដោះ​គោមួយ​នេះ​លាប​ពីលើ​មុខ​ហើយ​ទុកចោល ២០​នាទី​ចាំ​លាងជម្រះ​ចេញ ព្រោះ​វា​នឹង​ជួយផ្តល់​សំណើម​ដល់​ស្បែក​កាន់តែ​ល្អ​។ ក្រៅពីនេះ សារធាតុ​ប្រឆាំងនឹង​ការ​រលាក​របស់​វា​អាច​កាត់បន្ថយ​ជំងឺ​មុន ដែល​បណ្តាលមកពី​ការស្ទះ​រន្ធ​ញើស​បាន​ទៀត​។​

​ទឹកខ្មេះ​ផ្លែ​ប៉ោម​
​ជាតិ​អាស៊ីត​ក្នុង​ទឹកខ្មេះ​ផ្លែ​ប៉ោម​អាចជួយ​បង្រួម​រន្ធ​ញើស​ដែល​រីក​ធំ​បាន​។ អ្នក​គ្រាន់តែ​លាយ​ទឹកខ្មេះ​នេះ​ពីរ​បី​ដំណក់​ជាមួយនឹង​ក្រែ​ម​ផ្តល់​សំណើម​របស់​អ្នក​ដែល​ប្រើ​រាល់ថ្ងៃ ហើយ​លាប​លើ​ស្បែ​កមុខ នោះ​នឹងធ្វើ​ឲ្យ​ស្បែក​មើលទៅ​កាន់តែ​រលោង​ថែមទៀត​។ ដោយសារតែ​ជាតិ​អាស៊ីត​របស់​ទឹកខ្មេះ​ផ្លែ​ប៉ោម​ខ្ពស់ ដូច្នេះ​ចូរ​ប្រាកដថា អ្នក​បាន​លាយ​វា​រួចហើយ​មុននឹង​លាប​លើ​ផ្ទៃមុខ​។​

​ទឹកក្រូច​ឆ្មា​
​ទឹកក្រូច​ឆ្មា​ពោរពេញ​ទៅដោយ​សារធាតុ Alpha Hydroxy Acids ដែល​អាចជួយ​កំចាត់​កោសិកា​ស្បែក​ងាប់ៗ​បាន​។ ដើម្បី​បង្រួម​រន្ធ​ញើស​ដែល​រីក​ធំ ចូរ​លាយ​ទឹក​ក្រូចឆ្មា​ជាមួយ​ទឹក​ធម្មតា រួច​លាង​លើ​មុខ​។​

​ប៉េងប៉ោះ​
​ប៉េងប៉ោះ​ច្រើនតែ​ត្រូវបាន​គេ​ប្រើប្រាស់​ដើម្បី​ដោះស្រាយ​បញ្ហា​រន្ធ​ញើស​រីក​ធំ​។ វា​ផ្ទុក​ទៅដោយ​សារធាតុ Lycopene វីតាមីន A និង C ព្រមទាំង​អង់​ទី​អុកស៊ីដ​ង់​ខ្ពស់ ដែល​សុទ្ធសឹងតែ​អាចជួយ​កាត់បន្ថយ​ជំងឺ​មុន និង​កំចាត់​ការស្ទះ​ក្នុង​រន្ធ​ញើស​បាន​ទាំងអស់​។ អ្នក​គ្រាន់តែ​យក​ចំណិត​ផ្លែ​ប៉េងប៉ោះ​ធំ​មួ​យមក​បិទ​ពីលើ​ផ្ទៃមុខ​ហើយ​ទុកចោល​ប្រមាណ ៣០​នាទី​ប៉ុណ្ណោះ ចាំ​លាងជម្រះ​វិញ​៕​

ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com