ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មាន​ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​អាច​ញ៉ាំ​ស៊ុត និង​ទឹកដោះគោ​បានទេ​?
11, Mar 2017 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ស៊ុត និង​ទឹកដោះគោ ច្រើនតែ​ត្រូវបាន​គេ​ជឿថា ធ្វើ​ឲ្យ​អាកា​រៈ​ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​កាន់តែ​ធ្ងន់ធ្ងរ ប៉ុន្តែ​វា​ច្រើនតែ​ល្អ​ចំពោះ​សុខភាព​ទៅវិញ​ទេ​។ នៅពេល​យើង​និយាយ​ដល់​ជំងឺ​នេះ ពាក្យ​ថា​អាស៊ីត​អ៊ុយ​រិ​ក និង​ប្រូតេអ៊ីន​ច្រើនតែ​ជា​បញ្ហា​។ សម្រាប់​អ្នក​ដែលមាន​ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​ប្រហែល​ធា្ល​ប់​លឺ​ច្រើនដង​ហើយ​អំពី​មូលហេតុ​ដែល​ពួកគេ​ត្រូវ​ឈប់​ញ៉ាំ​ប្រូតេអ៊ីន​។ ពីមួយថ្ងៃ​ទៅមួយថ្ងៃ អ្នក​ទំនងជា​ធ្លាប់​លឺ​គេ​និយាយថា ចូរ​កុំ​ញ៉ាំ​ស៊ុត និង​ទឹកដោះគោ​អី ព្រោះ​វា​មាន​ជាតិ​ប្រូតេអ៊ីន​ធ្វើ​ឲ្យ​សន្លាក់​កាន់តែ​ឈឺ​ខ្លាំង​។ យ៉ាងណាមិញ អ្វីដែល​យើង​ត្រូវ​ដឹង​នោះ​គឺថា ប្រូតេអ៊ីន​ដែលមាន​ក្នុង​អាហារ​ទាំងពីរ​មុខ​នេះ​មិនមែនជា​ប្រូតេអ៊ីន​ធ្វើ​ឲ្យ​ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ​ធ្វើទុក្ខ​នោះទេ​។​



​ស៊ុត​
​កំហុស​ដ៏​ធំ​បំផុត​ដែល​យើង​ធ្វើ​នោះ​គឺថា យើង​ចាត់ទុក​ប្រូតេអ៊ីន​ថា​ដូចៗ​គ្នា​ទាំងអស់​។ ផ្ទុយទៅវិញ មិនមែន​អាហារ​សម្បូរ​ជាតិ​ប្រូតេអ៊ីន​សុទ្ធតែ​អាច​បំ​លែង​ទៅជា​សារធាតុ​អាស៊ីត​អ៊ុយ​រិ​ក​ទាំងអស់​នោះទេ​។ ប្រូតេអ៊ីន​ខ្លះ​ដូចជា​បន្លែ និង​គ្រាប់​ធញ្ញជាតិ​មិនត្រូវ​បាន​គេ​ចាត់ទុកថា​អាក្រក់​ចំពោះ​អ្នកជំងឺ​រលាក​សន្លាក់​ប្រភេទ​នេះឡើយ​។ ស៊ុតមាន​ជាតិ Purine ដែល​បំ​លែង​ទៅជា​អាស៊ីត​អ៊ុយ​រិ​ក​តិច​បំផុត​។ ស៊ុត​ក៏​ជា​ប្រភព​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី​ដ៏​ល្អ​មួយ​ដែរ​។ វា​ក៏​ពោរពេញ​ទៅដោយ​វីតាមីន B សំខាន់ៗ​ដូចជា Choline, Biotin និង Folic Acid​ដែរ​។​

​ទឹកដោះគោ​
​ការសិក្សា​បានបញ្ជាក់​ថា ទឹក​គោ​ល្អ​បំផុត​សម្រាប់​កាត់បន្ថយ​អាស៊ីត​អ៊ុយ​រិ​ក​ក្នុង​ឈាម ដូច្នេះ វា​ក៏​កាត់បន្ថយ​ភាព​ធ្ងន់ធ្ងរ​របស់​ជំងឺ​រលាក​សន្លាក់​ហ្គោ​ដែរ​។ ទឹកដោះគោ​ផ្តល់នូវ​ជាតិ​កាលស្យូម​គ្រប់គ្រាន់​សម្រាប់​ការបង្កើត​ឆ្អឹង និង​កាត់បន្ថយ​អាស៊ីត​អ៊ុយ​រិ​ក​។​

​តើ​ស៊ុត និង​ទឹកដោះគោ​ប៉ុន្មាន​ដែល​អ្នក​អាច​ញ៉ាំ​ក្នុង​រយៈពេល​មួយថ្ងៃ​?
​អ្នក​អាច​ញ៉ាំ​ទឹកដោះគោ ៤០០​មី​លី​លីត្រ​ជា​រៀងរាល់ថ្ងៃ​។ ចំពោះ​ស៊ុត​វិញ អាច​ញ៉ាំ​មួយថ្ងៃ​មួយគ្រា​ប់​។ ការបញ្ចូល​ស៊ុត និង​ទឹកដោះគោ​ក្នុង​របប​អាហារ គឺជា​ជំ​ហ៊ាន​ដ៏​សំខាន់​មួយ​ដើម្បី​ច្បាស់​ថា រាងកាយ​អ្នកទទួលបាន​ជាតិ​ប្រូតេអ៊ីន​គ្រប់គ្រាន់​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com