ពីនេះ ពីនោះ
តើ​ពាក្យ​«​សម្លាញ់​,​សំឡាញ់​,​សំលាញ់​» មួយណា​ជា​ពាក្យ​ត្រឹមត្រូវ​?
11, Mar 2017 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ដ្បិត​ពាក្យ​«​សម្លាញ់​,​សំឡាញ់​,​សំលាញ់​» មាន​សូរសំឡេង​ដូចគ្នា ប៉ុន្តែ ពាក្យ​ដែល​ត្រឹមត្រូវ​នោះ គឺ​គេ​សរសេរថា សម្លាញ់​។



​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត បាន​ពន្យល់ថា​៖
​សម្លាញ់ (​ន​) មានន័យថា អ្នក​ដែលជា​ទីស្រឡាញ់​ស្និទ្ធស្នាល​,​មិត្ត​ជិតដិត​។ ឧទាហរណ៍​៖ ខ្ញុំ​សុំ​ឯង​ធ្វើជា​មិត្តសម្លាញ់​។

​ពាក្យ​ថា «​សម្លាញ់​» ពេលខ្លះ គេ​ប្រើ​ភ្ជាប់​ជាមួយ​ពាក្យ​«​មិត្ត​»​។ ឧទាហរណ៍​៖ មិត្តសម្លាញ់​។ ប៉ុន្តែ យើង​ក៏​អាច​ប្រើពាក្យ «​សម្លាញ់​» ទទេ​ក៏បាន​ដែរ ព្រោះ ពាក្យ​នេះ មាន​ថ្នាក់​ជា​នាម ដែល​គេ​អាច​ប្រើ​ជំនួស​ពាក្យ​មិត្ត​ស្និទ្ធស្នាល​បាន​។

​សូមបញ្ជាក់ថា ពាក្យ​«​សម្លាញ់​» មិនមែន​មានន័យ​ស្មើ​ពាក្យ​«​មិត្ត​»​នោះ​ទ ពីព្រោះ មិត្ត មាន​ពីរ​ប្រភេទ គឺ​កល្យាណមិត្ត និង​បាបមិត្ត​។ ក្នុងករណី​ដែល​មិត្ត​នោះ គឺជា​កល្យាណមិត្ត ទើប​គេ​អាច​ហៅថា​«​សម្លាញ់​»​។ តែបើ​មិត្ត​នោះ គឺជា​បាបមិត្ត គេ​មិនអាច​ប្រើពាក្យ​ថា «​សម្លាញ់​» បានទេ ពីព្រោះ បាបមិត្ត គឺ​មានន័យថា មិត្ត​អាក្រក់ ឬ​មិត្ត​មិនល្អ​៕        


Tag:
 សម្លាញ់
© រក្សាសិទ្ធិដោយ thmeythmey.com