ជាតិ
សង្គមជាតិ
លោក កែ គឹមយ៉ាន កំណត់​គោលដៅ​បង្ក្រាប​គ្រឿងញៀន ទៅលើ​សិស្ស​ដែល​មិន​ចូល​សាលារៀន​
11, Mar 2017 , 9:30 pm        
រូបភាព
​ភ្នំពេញ​៖​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន លោក កែ គឹមយ៉ាន បានកំណត់​គោលដៅ​ចំនួន​៨​កន្លែង ដើម្បី​បន្ត​យុទ្ធនាការ​បោសសម្អាត​គ្រឿងញៀន​ទូទាំងប្រទេស ក្នុង​រយៈពេល​៦​ខែ​នេះ​។ ប៉ុន្តែ​គោលដៅ​បង្ក្រាប​គ្រឿងញៀន ដែល​លោក កែ គឹមយ៉ាន បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​ចុះបង្ក្រាប​ឲ្យ​ខាងតែបាន​នោះ គឺ​ទីតាំង​ដែល​សិស្ស​និយម​មិន​ចូល​សាលារៀន យក​ធ្វើជា​កន្លែង​ជួបជុំគ្នា​។ បើតាម​លោក កែ គឹមយ៉ាន សិស្ស​ដែល​មិនសូវ​ចូល​សាលារៀន​នេះហើយ ភាគច្រើន​អាចជា​ប់​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​គ្រឿងញៀន​។


 
​ក្រៅពី​កំណត់​គោលដៅ​បង្ក្រាប​គ្រឿងញៀន ទៅលើ​សិស្ស​ដែល​មិន​ចូល​សាលារៀន​នេះ លោក គឹមយ៉ាន ក៏​បញ្ជា​ឲ្យ​អាជ្ញាធរ​អនុវត្ត​ការបង្ក្រាប​ទីតាំង​ដែល​សង្ស័យថា មានការ​លួច​ប្រើប្រាស់​គ្រឿងញៀន​ផងដែរ រួមមាន​ផ្ទះសំណាក់ ,​សណ្ឋាគារ ,​ក្លឹប​កម្សាន្ត និង​កន្លែង​ម៉ាស្សា​ជាដើម​។​
 
​សូម​ស្ដាប់​ការលើកឡើង​របស់លោក កែ គឹមយ៉ាន់ នៅក្នុង​ពិធី​ប្រជុំ​ផ្សព្វផ្សាយ ផែនការ​សកម្មភាព នៃ​យុទ្ធនា​ការប្រឆាំង​គ្រឿងញៀន កាលពី​ថ្ងៃទី​៧  ខែមីនា  ឆ្នាំ​២០១៧៖


 
 
​កន្លងមក​អ្នកនាំពាក្យ​ក្រសួង​អប់រំ លោក រស់ សា​លីន បាន​ឲ្យ​ដឹងថា ក្រសួង​បានសម្រេច​បង្កើត​ក្រុមការងារ​រួចរាល់​ហើយ សម្រាប់​អនុវត្ត​វិធានការ​ទៅលើ​សិស្ស​នៅតាម​សាលារៀន ដែល​សង្ស័យថា​ប្រើប្រាស់​គ្រឿងញៀន​។ ប៉ុន្តែ​ត្រូវការ​ពេល​ពិនិត្យមើល​លទ្ធភាព​អនុវត្ត​ឲ្យ​បានច្បាស់លាស់​សិន​។ លោក រស់ សា​លីន បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ ដូច្នេះ​ថា​៖«​ក្រុមការងារ​ក្រសួង​នឹង​ប្រជុំ​បន្តទៀត ដើម្បី​រៀបចំ​វិធានការ និង​បែងចែក​ការងារ​អនុវត្ត​វិធានការ​នេះ ។ ហើយ​ក្រសួង​ត្រូវការ​ពេល​សិក្សា​ថា តើ​ការអនុវត្ត​វិធានការ​នេះ មាន​ផល​ល្អ​អ្វីខ្លះ​ដល់​សិស្ស ហើយ​អនុវត្ត​បែបណា កុំ​ឲ្យ​ប៉ះពាល់​ដល់​ការសិក្សា​របស់​សិស្ស​។ នៅពេលដែល​យើង​សិក្សា​ច្បាស់លាស់​ហើយ ក្រសួង​នឹង​ផ្សព្វផ្សាយ​ជា​សាធារណៈ​»​។ 
 
​ចាប់ពី​ថ្ងៃទី​១ ខែមករា រហូតដល់​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៧ កម្លាំង​សមត្ថកិច្ច​ចម្រុះ បាន​អនុវត្តន៍​នូវ​យុទ្ធនាការ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដោយបាន​បង្ក្រាប​បទល្មើស ជួញដូរ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន បាន​ចំនួន ២២១១​ករណី ឃាត់ខ្លួន​ជនសង្ស័យ​បាន ៥១៤១​នាក់ (​ស្រី ៥១៤​នាក់​) ។ ក្នុងនោះ​ដកហូត​វត្ថុតាង សារធាតុ​ញៀន​បាន​ជាង ១៧​គីឡូក្រាម ថ្នាំ​កញ្ចប់ ២៨៨៤​កញ្ចប់​តូច និង​១១​ធំ កញ្ឆា​ក្រៀម​ជាង ៧​គីឡូក្រាម និង​កញ្ឆា​ដើម ៩៧៥៦០​ដើម ។ នេះ​បើតាម​របាយការណ៍​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​៕

Tag:
 កែ គឹមយ៉ាន​
  គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com