ជាតិ
សង្គមជាតិ
UNDP នឹង​ផ្ដល់ជំនួយ ១១​លាន​ដុល្លារ សម្រាប់​បោសសម្អាត​មីន​នៅ​កម្ពុជា​
11, Mar 2017 , 6:35 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ តំណាង​ទីប្រឹក្សាបច្ចេកទេស​លើ​វិស័យ​មីន​នៃ​អង្គការ​UNDP បានប្រកាស​ផ្ដល់​ថវិកា ១១,៧ លាន​ដុល្លារ​បន្ថែមទៀត ដើម្បី​បន្ដ​ការគាំទ្រ​ដល់​សកម្មភាព​អាជ្ញាធរ​មីន​កម្ពុជា ក្នុងការ​បោសសម្អាត​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​ដែល​នៅ​សេសសល់​ក្នុងប្រទេស​កម្ពុជា​។​


 
​លោក Edwin Faigmane ទីប្រឹក្សាបច្ចេកទេស​នៃ​អង្គការ UNDP​ប្រចាំ​កម្ពុជា បាន​បញ្ជាក់ថា អង្គការ​របស់លោក នឹង​យក​បទពិសោធន៍ ដែល​ធ្លាប់​បម្រើ​ការងារ​នៅ​ប្រទេស​នានា មកជួយ​បណ្ដុះបណ្ដាល និង​ពង្រឹងសមត្ថភាព​ដល់​ម​ន្ត្រី​ជំនាញ​បន្ថែម ទាក់ទង​នឹង​ការ​បោសសម្អាត​មីន​នៅ​កម្ពុជា​នេះ​។ លោក​បន្ថែមថា UNDP ក៏​នឹង​បន្ដ​ជួយ​ដល់​អាជ្ញាធរ​មីន​ក្នុង​ការរៀបចំ​យុទ្ធសាស្ត្រ​គៀរគរ​ជំនួយ​បន្ថែមទៀត ដើម្បី​ឲ្យ​កម្ពុជា អាច​បោសសម្អាត​មីន សម្រេចបាន​តាម​ផែនការ​ដែល​បាន​រំពឹងទុក​នោះ​។​
 
​អនុប្រធាន​ទី​២​អាជ្ញាធរ​មីន​កម្ពុជា និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព លោក សែម សុវណ្ណនី បាន​និយាយថា អាជ្ញាធរ​មីន​ត្រូវការ​ថវិកា ចំនួន​៤០៥​លាន​ដុល្លារ​អាមេរិក​បន្ថែមទៀត ដើម្បី​បោសសម្អាត​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ នៅលើ​ផ្ទៃដី​១៩៤៦​គីឡូម៉ែត្រ​ការ៉េ សម្រាប់​ផែនការ​យុទ្ធសាស្ត្រ​ជាតិ សកម្មភាព​មីន​ឆ្នាំ ២០១៧-២០២៥​។​
 
​លោក សែម សុវណ្ណ បាន​បន្ដថា ផ្ទៃដី​ដែល​បាន​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ចាប់ពី​ឆ្នាំ ១៩៩២ មកដល់​ខែមករា ឆ្នាំ​២០១៧ មាន​ប្រមាណ​១,៥៤៦​គីឡូម៉ែត្រ​ការ៉េ​។ ចំណែក​ផ្ទៃដី​ដែល មិនទាន់បាន​បោសសម្អាត​មាន ចំនួន​១៩៤៦​គីឡូម៉ែត្រ​ការ៉េ ក្នុងនោះ​ផ្ទៃដី​សង្ស័យ មាន​មីន​ចំនួន​៩៧០​គីឡូម៉ែត្រ​ការ៉េ និង​ផ្ទៃដី​សង្ស័យថា​មាន​គ្រាប់​មិនទាន់​ផ្ទុះ​មាន​ចំនូ​ន​៩៧៦ គីឡូម៉ែត្រ​ការ៉េ​។​
 
​គិត​ចាប់ពី​ឆ្នាំ ២០០៦ ដល់​ឆ្នាំ​២០១៦​មក អង្គការសហប្រជាជាតិ UNDP បានផ្ដល់​ជំនួយ​ដល់​សកម្មភាព​អាជ្ញាធរ​មីន​កម្ពុជា មាន​ចំនួន​៥២,៥​លាន​ដុល្លារ​អាមេរិក​ហើយ​។ សម្រាប់​ថវិកា​ចំនួន​១១,៧​លាន​បន្ថែមទៀត ដែល UNDP នឹង​បន្ដ​ផ្តល់​មក​អាជ្ញាធរ​មីន​កម្ពុជា​នេះ គឺ​សម្រាប់​បោសសម្អាត​មីន នៅ​ខេត្ត​ប៉ៃលិន និង​តំបន់​មួយចំនួនទៀត ក្នុងទិសដៅ​បោសសម្អាត​មីន ចាប់ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៩៕ 
 
​ប្រភពពី​AKP
 
 

© រក្សាសិទ្ធិដោយ thmeythmey.com