ពីនេះ ពីនោះ
តើ​ពាក្យ​«​ប្រមាថ និង​ប្រមាទ​» មានន័យ​ខុសគ្នា​ដូចម្តេច​?
14, Mar 2017 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពាក្យ​ថា​«​ប្រមាថ​» និង​«​ប្រមាទ​» ត្រូវបាន​ស្មេរ​ជាច្រើន​ច្រឡំ​ថា ពាក្យ​ទាំងពីរ​នេះ មា​ន័យ​ដូចគ្នា​។ តាមពិតទៅ ពាក្យ​ទាំងពីរ​នេះ ពិត​ជាមាន​សូរដូច​គ្នា​មែន ប៉ុន្តែ គេ​សរសេរ​ខុសគ្នា ហើយ​អត្ថន័យ​នៃ​ពាក្យ​ទាំងពីរ​នេះ ក៏​មិន​ដូចគ្នា​ឡើយ​។



​ពាក្យ​ថា ប្រមាថ (​ន​) មានន័យថា ការ​បៀតបៀន​គេ​,​ការ​ញាំញី​គេ​,​ការ​ធ្វើទុក្ខបុកម្នេញ​គេ​ឲ្យ​គេ​លំបាក​,​ការមើល​ងាយ​គេ​។ បើ​ប្រើ​ជា​(​កិ​) ក៏​អាច​ប្រើ​បានដែរ​។ មនុស្ស​ប្រមាថ​សត្វ គឺជា​មនុស្ស​បៀតបៀន​សត្វ​។ មនុស្ស​ប្រមាថ​ចាស់ មានន័យថា មនុស្ស​មើលងាយ​ចាស់​។ ពាក្យ​នេះ គឺ​សំដៅលើ​ការប្រមាថ និង​បៀតបៀន​ឲ្យ​ខាត​ដល់​ប្រយោជន៍​គេ​។
​ឧទាហរណ៍​៖ ពូ​សុខ គឺជា​ប្តី​របស់​មី​សៅ​។ ពូ​សុខ តែង​វាយដំ និង​ជេរ​មីង​សៅ ស្ទើរ​គ្រប់​ពេលដែល​គាត់​ត្រឡប់​មកពី​ធ្វើការ​វិញ​។ ព្រោះ គាត់​យល់ថា ការងារ​ផ្ទះ​ដែល​ប្រពន្ធ​ធ្វើ​សព្វថ្ងៃ គឺជា​ការ​តូចតាច​។ នេះ គឺជា​ការប្រមាថ​មួយ ដែល​ប្តី​ម្នាក់​មើលងាយ និង​ប្រើ​អំពើហិង្សា​ផ្លូវចិត្ត និង​កាយ ដែល​ធ្វើ​ឲ្យ​ប្រពន្ធ​ឈឺចាប់​។ អំពើ​របស់​ពូ​សៅ​នេះ ក៏​ចាត់ទុកថា ការ​ធ្វើទុក្ខបុកម្នេញ​ចំពោះ​ប្រពន្ធ​របស់ខ្លួន​ផងដែរ​។    

​ចំណែក​ពាក្យ​ថា ប្រមាទ (​ន​) មានន័យថា ការ​ភ្លេច​ស្មារតី​,​ការ​ធ្វេសស្មារតី​,​ការ​ធ្វេស​ប្រហែល​។ បើ​ប្រើ​ជា​(​កិ​) មានន័យថា ភ្លេច​, ធ្វេស​,​ប្រហែល​។   
​ឧទាហរណ៍​៖ ពេល​អនុរក្ស​ចែក​វិញ្ញាសា​ប្រឡង​ភ្លាម បេក្ខជន​ប្រឡង​ម្នាក់ មើល​លំ​ហាត់​ភ្លាម ក៏​អង្គុយលេង​រង់ចាំ​ទាល់តែ​ជិត​ដល់​ម៉ោង​ទើប​ធ្វើ​លំ​ហាត់​នោះ​។ នៅពេល​ដល់​ម៉ោង​ប្រមូល​វិញ្ញាសា បេក្ខជន​នោះ ធ្វើ​លំ​ហាត់​នោះ​មិនទាន់​ឡើយ​។ នៅ​ទីបំផុត គាត់​បាន​ធ្លាក់​ក្នុងការ​ប្រឡង ដោយសារតែ​ប្រមាទ​ចំពោះ​វិញ្ញាសា ថា ធូរ​ពេក ឬ​ងាយស្រួល​ពេក​៕     

​ប្រភព​៖ វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត            


Tag:
 ​ប្រមាថ​
 ​ ប្រមាទ​
© រក្សាសិទ្ធិដោយ thmeythmey.com