កីឡាជាតិ
ជាតិ
បឹងកេត​ឈ្នះ Magwe ១-០ តែ Tomoki សោកស្តាយ​ឱកាស​មាស​មួយចំនួន​របស់ខ្លួន
15, Mar 2017 , 10:39 am        
រូបភាព
ដោយ:
​ក្រុម​បឹងកេត​អង្គរ​សម្តែង​អារម្មណ៍​សប្បាយរីករាយ​ចំពោះ​ជ័យជម្នះ​លើកដំបូង ១-០ លើ​ក្រុម Magwe FC របស់​មី​យ៉ាន់​ម៉ា នា​ការប្រកួត​ពូ​ល F នៃ​ពានរង្វាន់ AFC Cup 2017​។ ប៉ុន្តែ​កីឡាករ Tomoki ដែល​គ្រូបង្វឹក​ចាត់ទុកជា​កីឡាករ​ឆ្នើម​ក្នុងការ​ប្រកួត​មាន​អារម្មណ៍​សោកស្តាយ​ចំពោះ​ការសម្រេចចិត្ត​ខុស​ក្នុង​ការសម្រេច​ទី​។



​ខ្សែប្រយុទ្ធ​ជនជាតិ​ជប៉ុន​របស់​បឹងកេត​អង្គរ Tomoki Muramatsu ដែល​គ្រូបង្វឹក​ចាត់ទុកជា​កីឡាករ​ឆ្នើម​ក្នុងជំនួប​ជាមួយ​ក្រុម Magwe FC របស់​មី​យ៉ាន់​ម៉ា សោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​កំហុស​ដែល​ខ្លួន​មិនអាច​ទម្លុះ​សំណាញ់​ទី Magwe FC ជូន​ក្រុម​បឹងកេត​អង្គរ​។ ហើយ​ខ្សែប្រយុទ្ធ​រូបនេះ បានចាត់ទុក​កំហុស​នេះ ជាការ​សម្រេចចិត្ត​ខុស​ដ៏​ធ្ងន់​របស់គេ​។

​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ការប្រកួត​ខ្សែប្រយុទ្ធ​ជនជាតិ​ជប៉ុន​រូបនេះ​លើកឡើង​ពី​ភាព​សោកស្តាយ​យ៉ាង​ដូច្នេះ​ថា​«​ខ្ញុំ​សុំទោស​ដែល​សម្រេចចិត្ត​មិនបាន​ត្រឹមត្រូវ និង​ការគ្រប់គ្រង​ស្ថានការណ៍​មិនបាន​ល្អ​នៅលើ​ទីលាន​។ បឹងកេត​អង្គរ​សប្បាយចិត្ត​ចំពោះ​ជ័យជម្នះ ១-០ ប៉ុន្តែ​ខ្ញុំ​មិន​សប្បាយចិត្ត​ទេ ដែល​មិនអាច​រក​គ្រាប់​បាល់​បាន​»​។

​ភាព​សោកស្តាយ​របស់ Tomoki នេះ កើតឡើង​ក្នុងអំឡុង​ពេលដែល​ខ្សែប្រយុទ្ធ​ជំនាញ​ស្តាំ​រូបនេះ បណ្តើ​របាល់​ដាច់​ម្នាក់ឯង ហើយ​ទាញ​មករ​កជើង​ខាងឆ្វេង ក្រោយ​មានការ​ដេញ​ពីក្រោយ​របស់​ខ្សែការពារ​មី​យ៉ាន់​ម៉ា Micheal Henry Alloysius​។ ប៉ុន្តែ​ការសម្រេចចិត្ត​ទាញ​មក​ស៊ុត​ជើង​មិន​ជំនាញ​របស់ខ្លួន​នេះ មិនអាច​សម្រេច​គ្រាប់​បាល់​បាន​នោះឡើយ បន្ទាប់ពី​ទាត់​ទៅ​ប៉ះ​ជើង​ខ្សែការពារ Micheal Henry Alloysius ដែល​បាន​ហក់​ទៅ​រារាំង​។

​ការប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ជើង​ទី​៣​នៃ​ពានរង្វាន់ AFC Cup 2017 នៅ​ពហុ​កីឡដ្ឋាន​ជាតិ កាលពី​ម្សិលមិញ​ក្រុម​បឹងកេត​អង្គរ​បាន​យកឈ្នះ​ក្រុម Magwe FC របស់​មី​យ៉ាន់ ក្នុង​លទ្ធផល ១-០ ហើយ​ជ័យជម្នះ​ធ្វើ​ឲ្យ​បឹងកេត​ទទួលបាន​៣​ពិន្ទុ​ជា​លើកដំបូង​។ ជ័យជម្នះ​នេះ​សម្រេច​ដោយ ខ្សែការពារ​ម៉ាលី Oulai Hinako Jean Paul របស់​ក្លិប Magwe ដែល​ធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួនឯង​នៅ​នាទី​ទី​៣៥ ក្រោម​ការ​ទាត់​ចេញពី​ជ្រុង​របស់ Tomoki​។​

 ជ័យជម្នះ​នេះ នាំ​ឲ្យ​បឹងកេត​ឡើង​ចំណាត់ថ្នាក់​លេខ​៣​ក្នុង​ពូ​ល F ដោយមាន​៣​ពិន្ទុ ខណៈ Magwe មានតែ​១​ពិន្ទុ​ស្ថិតនៅ​បាត​តារាង​។ នា​ការប្រកួត​កាលពី​ម្សិលមិញ​ផងដែរ Johor Darul Ta’zim របស់​ម៉ាឡេស៊ី បាន​ធ្វើជា​ម្ចាស់ផ្ទះ ហើយ​យកឈ្នះ Global FC របស់​ហ្វីលីពីន ៤-០ ។ Johor Darul Ta’zim មាន​៧​ពិន្ទុ​ឈរលើ​កំពូល​តារាង ខណៈ Global ស្ថិតនៅ​លេខ​២​ដោយមាន ៦​ពិន្ទុ​៕


Tag:
 AFC Cup 2017
  បឹងកេត​
  Magwe FC
  Tomoki
© រក្សាសិទ្ធិដោយ thmeythmey.com