ជាតិ
លោក ប្រាក់ សុខុន កត់សម្គាល់ថា វៀតណាម​អភិវឌ្ឍ​គ្រប់​វិស័យ​
16, Mar 2017 , 5:12 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​លោក ប្រាក់ សុខុន បាន​សរសើរ​រដ្ឋាភិបាល​វៀតណាមថា បាន និងកំពុង​ដឹកនាំ​ប្រទេស​ជាប់​ព្រំប្រទល់​កម្ពុជាមួយនេះ ​រីកចម្រើន​លើ​គ្រប់​វិស័យ​ ចាប់តាំងពីឆ្នាំ ១៩៨៩ រហូតមក​បច្ចុប្បន្ន​។​



​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន​កត់សម្គាល់ថា រដ្ឋាភិបាល​វៀតណាម បាន និង​កំពុង​ដឹកនាំប្រទេស​លើ​មាគ៌ា​រីកចម្រើន​លើ​គ្រប់​វិស័យ តាមរយៈ​កំណែទម្រង់​របស់​រដ្ឋាភិបាល​វៀតណាម​ដែល​បាន​អនុវត្ត​ចាប់ពី​ឆ្នាំ​១៩៨៦ រហូតមក​បច្ចុប្បន្ន​។  លោក​បានលើកឡើង​ចំពោះមុខ​លោក ផាម ប៊ិ​ញ មិញ (Pham Binh Minh)​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីការ​បរទេស​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ថា រដ្ឋាភិបាលវៀតណាម​បាន​រក្សា​ស្ថិរភាព​នយោបាយ សន្តិសុខ​សង្គម និង​លំនឹង​ម៉ាក្រូសេដ្ឋកិច្ចដែលជា​កម្លាំងចលករ​ដ៏​សំខាន់ ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​​ដែល​ប្រែក្លាយ​ប្រទេស​វៀតណាម ទៅជា​ទីផ្សារ​ដ៏​មាន​សក្តានុពល​សម្រាប់​វិនិយោគិន​បរទេស​។​

​ថ្លែង​សុន្ទរកថា​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​វៀតណាម​លើក​ទី​១៥ ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង​បច្ចេកទេស កាលពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៧​នេះ លោក ប្រាក់ សុខុន ថ្លែង​ដូច្នេះ​ថា​៖«​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​របស់​បក្ស​កុម្មុយនីស្ត និង​រដ្ឋាភិបាល​វៀតណាម កិត្យានុភាព និង​តួនាទី​របស់​វៀតណាម​ត្រូវបាន​លើកកម្ពស់​ជា​បន្តបន្ទាប់ ទាំង​នៅក្នុង​តំបន់ និង​នៅលើ​ឆាក​អន្តរជាតិ​»​។​

​ទន្ទឹមគ្នា លោក​ក៏បាន​លើកឡើង​ពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ផងដែរ ក្នុងឱកាស​ខួប​លើក​ទី ៥០ ថ្ងៃ​បង្កើត​ទំនាក់ទំនង​ការទូត​កម្ពុជា​-​វៀតណាម​ក្នុង​ឆ្នាំ​២០១៧​នេះ​។ លោក​រដ្ឋមន្ត្រី បាន​ថ្លែងថា កម្ពុជា​បាន​ចាក​ចេញពី​ឋានៈ​ប្រទេស​ដែលមាន​ចំណូល​ទាប ទៅជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ទាប តាមរយៈ​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រដ្ឋាភិបាល​។​

​បន្ថែម​លើសពីនេះ លោក​បន្តថា កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​ល្អ​ដែលមាន​កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ ដោយ​សម្រេចបាន​អត្រា​ជា​មធ្យម ៧,៧​ភាគរយ ក្នុង​មួយឆ្នាំ ក្នុង​រយៈពេល​ជាង ២ ទសវត្សរ៍​កន្លងមក​។

«​សម្រាប់​ឆ្នាំ​២០១៧ កម្ពុជា នឹង​ឈរលើ​គោលនយោបាយ​ច្បាស់លាស់ ដើម្បី​ធានា​ការរក្សា​ឱ្យបាន​កំណើន​ក្នុង​រង្វង់ ៧ភាគរយ ដោយ​ជំរុញ​ការអភិវឌ្ឍ​លើ​វិស័យ​នានា ដូចជា ឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម ទេសចរណ៍ សំណង់ ហិរញ្ញវត្ថុ និង​ហេដ្ឋារចនាសម្ព័ន្ធ​»​។ លោក ប្រាក់ ​សុខុន បន្ថែម​។​

​មិន​ខុសគ្នា​ដែរ លោក ផាម ប៊ិ​ញ មិញ (Pham Binh Minh) បានកត់សម្គាល់​ឃើញថា​ប្រទេស​ទាំងពីរ មាន​ទំនាក់ទំនង​មិត្ត​ភាពជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​ល្អ​លើ​គ្រប់​វិស័យ​។ លោក​បានស្នើ​កម្ពុជា​ឲ្យ​បន្ត​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​ច្រើន​វិស័យ ក្នុងនោះ រួមមាន អភិវឌ្ឍន៍​ធនធានមនុស្ស ផ្នែក​វិនិយោគ ទេសចរណ៍ និង​ពាណិជ្ជកម្ម​ជាដើម ។​

​តាម​ប្រសាសន៍​លោក ប្រាក់ សុខុន កាលពី​ឆ្នាំ ២០១៦ កន្លងទៅ វៀតណាម បាន​វិនិយោគ​នៅ​កម្ពុជា​ចំនួន​ជាង ៨១​លាន​ដុ​លា្ល​រ​អាមេរិក​។ ហើយ​ថា ចំនួន​នេះ បាន​ធ្លាក់ចុះ បើ​ធៀប​នឹង​ឆ្នាំ ២០១៥ ដែលមាន​ចំនួន ជាង​៨៩​លាន​ដុល្លា​អាមេរិក​។ រីឯ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​វៀតណាម មាន​ចំនួន ២.៩២៥​លាន​ដុល្លា​អាមេរិក​។ ភាគី​ទាំងពីរ បាននិងកំពុង​ជម្រុញ​វិស័យ​ពាណិជ្ជកម្ម​ឲ្យ​កាន់តែ​ប្រសើរឡើង តាមរយៈ​កិច្ចសម្របសម្រួល​ពាណិជ្ជកម្ម​ទ្វេភាគី សម្រាប់​ឆ្នាំ​២០១៦-២០១៧ ដើម្បី​សម្រេច​ទិសដៅ​ពាណិជ្ជកម្ម​ទ្វេភាគី ៥​ពាន់​លាន​ដុល្លារ នា​ឆ្នាំ​ខាងមុខ​។ ចំពោះ​វិស័យ​ទេសចរណ៍​វិញ ក្នុង​ឆ្នាំ​២០១៦ នេះដែរ ភ្ញៀវទេសចរ​វៀតណាម​ចំនួន ៩៥៩.៦៦៣​នាក់ បានមក​ទស្សនា​នៅ​កម្ពុជា ហើយ​វា​បន្ត​ឈរ​នៅ​លំដាប់​ទី​១ ក្នុង​រយៈពេល ៨​ឆ្នាំ​ជាប់​គ្នា ចំណោម​ចំនួន​ភ្ញៀវទេសចរ​បរទេស​ដែល​មក​ទស្សនា​កម្ពុជា​៕


Tag:
 ប្រាក់ សុខុន​
  Pham Binh Minh
 ​ការបរទេស​
  កម្ពុជា​
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com