កីឡាអន្តរជាតិ
អន្តរជាតិ
Leicester ប្រឹង​គេច​ពី​តំបន់​កាត់ចោល​នៅ​អង់គ្លេស បែរជា​ឡើងទៅ​ដល់​វគ្គ​១/៤​តំបន់​អឺរ៉ុប​
17, Mar 2017 , 9:06 am        
រូបភាព
​មានតែ​ក្លិប Leicester City មួយ​ប៉ុណ្ណោះ​ក្នុងចំណោម​ក្លិប​ទាំង​បួន​មកពី​ក្របខណ្ឌ Premier League របស់​អង់គ្លេស ដែល​អាច​ឡើងទៅ​កាន់​វ​គ្គ​៨​ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់​កំពូល​អឺរ៉ុប UEFA Champions League (UCL)​។​



​វា​ជា​រឿង​ដែល​មិនគួរ​ឲ្យ​ជឿ​តែ​វា​បាន​កើតឡើង​រួចទៅហើយ គឺ​ក្រុម Leicester City ដែល​នៅក្បែរ​តំបន់​ត្រូវ​កាត់ចោល​នៃ​ក្របខណ្ឌ Premier League បាន​ទម្លាក់​ក្រុម Sevilla របស់​អេ​ស្ប៉ា​ញ​ក្នុង​វគ្គ​១៦​ក្រុម ដើម្បី​ឈានទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​នៃ​ពាន UEFA Champions League បន្តទៀត​។​

​ក្រុម​ខ្លាំងៗ​នៃ​ក្រម​ខណ្ឌ​កំពូល​របស់​អង់គ្លេស​បី​ក្រុម​ទៀត រួមមាន Manchester City,  Arsenal, Tottenham Hotspur សុទ្ធតែ​ធ្លាក់​ចេញពី​ព្រឹត្តិការណ៍​កំពូល​របស់​អឺរ៉ុប​នេះ​។ ក្រុម​មេឃ​ខៀវ Man City ចាញ់​ក្រោម​ថ្វី​ជើង​ក្រុម​មកពី​ប្រទេស​បារាំង AS Monaco ក្នុង​លទ្ធផល​ទាំងពី​ជើង​៦​ស្មើ តែ​ចាញ់​គ្រាប់​បាល់​ចំណេញ​ក្រៅ​ដី​។ ខណៈ​កាំភ្លើង​ធំ Arsenal ចាញ់​ក្រុម​មកពី​អាល្លឺម៉ង់ Bayern Munich ទាំង​ទៅ​ទាំង​មក ១០-២​។  រីឯ spur ធ្លាក់​ចេញពី​ពាន​នេះ​តាំងពី​វគ្គ​សន្សំ​ពិន្ទុ​ឯណោះ​។​



ចំណែក​ក្រុម​ផ្សេងទៀត​ដែល​បាន​ឡើងទៅ​កាន់​វគ្គ​៨​ក្រុម​ចុងក្រោយ មានដូចជា Real Madrid បានឈ្នះ​ក្រុម Napoli ទាំងពីរ​ជើង​ក្នុង​លទ្ធផល ៦-២​។ Borussia Dortmund ឈ្នះ Benfica ក្នុង​លទ្ធផល ៤-១ រីឯ Barcelona វាយបក​យកឈ្នះ Paris Saint Germain ទាំង​ប្រផិតប្រផើយ​ក្នុង​លទ្ធផល ៦-៥ ហើយ Juventus ឈ្នះ FC Porto ៣-០ និង Atletico Madrid ឈ្នះ​២-០ លើ​ក្រុម Bayer Leverkusen​។

​ក្នុងចំណោម​ក្លិប​ទាំង​៨​ដែលមាន​វត្ត​មាននៅ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ Champions League ឆ្នាំនេះ Leicester គឺជា​ក្លិប​ដែល​ស្វែងរក​បទពិសោធន៍​ដំបូង​បំផុត ខណៈ​ក្លិប​ផ្សេងទៀត​ធ្លាប់មាន​ការប្រកួត​ដ៏​ជោគជាំ​ក្នុង​ក្របខណ្ឌ​លំដាប់​កំពូល​របស់​អឺរ៉ុប ក្នុងនោះ Real Madrid គ្រង​ជើងឯក​១១​សម័យកាល Bayern Munich ៥​សម័យកាល Barcelona ៤​សម័យកាល Juventus ២​សម័យកាល Dortmund ជើងឯក​ឆ្នាំ​១៩៩៧ Atletico Madrid ជើងឯក​រង​៣​សម័យកាល និង​Monaco ជើងឯក​រង​ឆ្នាំ​២០០៤​។​

​ការចាប់​ឆ្នោត​រក​គូប្រកួត​ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ​នៃ​ក្របខណ្ឌ Champions League នឹងត្រូវ​ធ្វើឡើង​នៅ​យប់​ថ្ងៃ​សុក្រ​ទី​១៧ ខែមីនា ២០១៧ នាទី​ក្រុង Nyon ប្រទេស​ស្វី​ស​។ ក្រុម​ទាំង​៨​នេះ​នឹង​ចាប់ផ្តើម​ប្រកួត​ជម្រុះ​បន្ត​នៅ​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០១៧៕






Tag:
 Leicester City
  បាល់ទាត់​
  Champions League
© រក្សាសិទ្ធិដោយ thmeythmey.com