ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្ត្រីប្រៃសណីយ៍ បញ្ជាឲ្យក្រុមហ៊ុនទូរសព្ទចល័តបញ្ឈប់«គម្រោងប្ដូរលុយ»ត្រឹមខែមីនា
× ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដាក់ឱសានវាទឲ្យក្រុមហ៊ុនទូរសព្ទបញ្ឈប់«គម្រោងប្ដូរលុយ»របស់ខ្លួន ត្រឹមខែមីនានេះ។ ការបញ្ឈប់នេះ ត្រូវបានក្រសួងពន្យល់ការ ការប្រកួតប្រជែង«គម្រោងប្ដូរលុយ»នេះ បានធ្វើឲ្យបាត់គុណភាពនៃសេវា និងបាត់ចំណូលពន្ធជូនរដ្ឋ។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដាក់ឱសានវាទ ត្រឹមបំណាច់ខែមីនា ឆ្នាំនេះ ឲ្យក្រុមហ៊ុនផ្ដល់សេវាទូរសព្ទចល័ត បញ្ឈប់គម្រោងបញ្ចុះតម្លៃដ៏សម្បើម ដែលក្រុមហ៊ុនបានដាក់ចេញ ដើម្បីប្រកួតជែងក្នុងពេលថ្មីៗនេះ។ នេះបើតាម លោក អ៊ឹម វុត្ថា អ្នកនាំពាក្យនិយ័តករទូរគមនាគមន៍កម្ពុជា (TRC)។
លោក អ៊ឹម វុត្ថា ឲ្យដឹងថា ការកំណត់ឲ្យបញ្ឈប់ការប្រកួតប្រជែងតម្លៃបែបនេះ គឺធ្វើឡើងនៅថ្ងៃទី១៦ខែមីនា ក្នុងកិច្ចប្រជុំមួយ រវាងរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ត្រាំ អ៊ីវតឹក ជាមួយប្រតិបត្តិករ ទូរសព្ទចល័ត។
បើតាមអ្នកនាំពាក្យរូបនេះ មូលហេតុនៃការតម្រូវឲ្យបញ្ឈប់នេះ ព្រោះក្រសួងមើលឃើញថា ការប្រកួតប្រជែង«គម្រោងប្តូរលុយ» បានធ្វើឲ្យបាត់បង់គុណភាពសេវា និង បាត់ឱកាសប្រមូលចំណូលពន្ធចូលរដ្ឋ។
លោក អ៊ឹម វុត្ថា ពន្យល់ដូច្នេះថា៖«ទី១ ការផ្សាយពាណិជ្ជកម្ម ហាក់មិនសមស្រប។ ការដែលឲ្យរង្វាន់ច្រើនពេក (បន្ថែមតម្លៃច្រើនពេក) ធ្វើឲ្យអតិថិជនខំតេ (ហៅចេញ) ធ្វើឲ្យស្ទះ ធ្វើឲ្យគុណភាពសេវាមិនល្អ ហើយណាមួយ នៅពេល១ដុល្លារថែមប៉ុន្មានដុល្លារនោះ តែធាតុពិតទៅ សុពលភាពដែលគាត់ឲ្យ ឧទាហរណ៍ ថាបួនដប់ថ្ងៃ តែជួនកាលអត់បានបួនដប់ថ្ងៃទេ។ តាមពិតទៅ ចរិតនៃការ (ធ្វើប្រូម៉ូស៊ិន)នេះ ហាក់ដូចបោកប្រាស់អតិថិជនបន្តិច»។
លោក អ៊ឹម វុត្ថា បន្ថែមថា ការប្រកួតប្រជែងបែបនេះ នឹងប៉ះពាល់ដល់ការវិនិយោគពង្រីកគុណភាពសេវារបស់ក្រុមហ៊ុន នៅពេលយូរអង្វែងខាងមុខផងដែរ។
មុនឱសានវាទរបស់ក្រសួង TRC ធ្លាប់បានព្យាយាមបញ្ឈប់ម្ដងហើយ ការធ្វើប្រូម៉ូស៊ិនទាំងនោះ តែគ្មានប្រសិទ្ធភាព ដោយសារគ្មានការស្រុះស្រួលរវាងក្រុមហ៊ុនទូរសព្ទចល័ត។ លោក អ៊ឹម វុត្ថា បញ្ជាក់ដូច្នេះ រួចបន្តថា៖«ក្រុមហ៊ុនទាំងបី (Smart Cellcard និង Metfone) មានជំហរមិនសប្បាយចិត្តរវាងគ្នា ដោយថាម្នាក់ធ្វើ ម្នាក់មិនព្រមឈប់ ហើយអ្នកដ៏ទៃមិនសប្បាយចិត្ត ខ្លាចថាវាអត់ស្មើភាពគ្នា ដែលគាត់បង្ខំចិត្តនាំគ្នាធ្វើបែបនេះ»។
ការប្រកួតប្រជែងតម្លៃបានចាប់ផ្ដើមដោយក្រុមហ៊ុន Cellcard ដោយក្រុមហ៊ុននេះបានដាក់ចេញគម្រោង១ដុល្លារប្ដូរបាន ១០០ដុល្លារ។ ជាការឆ្លើយតបក្រុមហ៊ុន Smart បានដាក់ចេញកញ្ចប់១ដុល្លារប្ដូរបាន ១២៥ដុល្លារ និងបន្ទាប់មកក្រុមហ៊ុន Metfone ១ដុល្លារប្ដូរបាន ១៥០ដុល្លារ។
ប៉ុន្តែវិធានការ ចំពោះក្រុមហ៊ុនដែលនៅបន្តធ្វើប្រូម៉ូស៊ិនបែបនោះទៀត ហាក់មិនច្បាស់លាស់នោះទេ។ លោក អ៊ឹម វុត្ថា លើកឡើងថា៖ «បើតាមច្បាប់ទម្លាប់ កាលណាប្រកួតប្រជែងមិនស្មោះត្រង់ អាចដាក់ទោសទណ្ឌបាន មានដូចជាព្យួរអាជ្ញាបណ្ណ ដកហូតអាជ្ញាបណ្ណជាដើម។ ប៉ុន្តែក្រុមហ៊ុនបីនេះបានធ្វើឲ្យមានកំណើនវិស័យសេវានេះ ចូលរួមបង្កើនសេដ្ឋកិច្ច ហើយធ្វើឲ្យបានប្រើប្រាស់ដល់ទីជនបទ ដែលធ្វើគម្លាតឌីជីថយកាន់តែជិត។ ដូច្នេះយើងត្រូវប្រយ័ត្នប្រ័យែងបន្តិច លើការចាត់វិធានការខ្លាំង ព្រោះទីផ្សារមិនទានឈានដល់រលំភ្លាមៗនោះទេ»។
ជាមួយគ្នានេះ ថ្លៃដើមនៃការផ្គត់ផ្គង់សេវាទូរសព្ទ (Cost base) ដែលជាមូលដ្ឋានបញ្ជាក់ពីការប្រកួតប្រជែងមិនស្មោះត្រង់ នៅមិនទាន់មានស្ដង់ដាររួមនៅឡើយ។ អ្នកនាំពាក្យរូបនេះបន្តថា ថារដ្ឋាភិបាល នឹងទុកពេលច្រើន ធ្វើការជាមួយក្រុមហ៊ុនលើការកំណត់ Cost base រួមមួយ។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលជំរុញឲ្យក្រុមហ៊ុនទូរសព្ទចល័តទាំង៦ បង្កើតជាសមាគមមួយ ដើម្បីងាយស្រួលធ្វើការជាមួយរដ្ឋាភិបាល ជុំវិញបញ្ហាផ្សេងៗ រួមទាំងការកំណត់ Cost base នេះដែរ។
តាមតួលេខពី TRC គិតត្រឹមឆ្នាំ ២០១៦ កម្ពុជាមានការប្រើប្រាស់ប្រព័ន្ធទូរសព្ទចល័តជាង ១៩លានស៊ីមកាត។ ក្រុមហ៊ុន Metfone កាន់កាប់ចំណែកទីផ្សារធំជាងគេ ក្នុងចំណោមក្រុមហ៊ុនផ្ដល់សេវាទូរសព្ទចល័តទាំង៦ នៅកម្ពុជា៕
Tag:
អ៊ឹម វុត្ថា
ទូរសព្ទចល័ត
ប្តូរលុយ
© រក្សាសិទ្ធិដោយ thmeythmey.com