បទយកការណ៍ / បទសម្ភាសន៍
លោក សូរ ម៉ុង ចាត់ទុក​រូបសំណាក​សិលា​ចាំ​ប្តី ដូច​ឆ្នាំងបាយ​
18, Mar 2017 , 10:39 pm         4680
រូបភាព
​កែប​៖ ក្នុង​វ័យ​ជាង​៦០​ប្លាយ​ឆ្នាំ​ទៅហើយ លោក សូរ ម៉ុង នៅតែ​បន្ត​អាជីព​ថតរូប​នៅ​ឆ្នេរកែប​ត្រង់​រូបសំណាក​សិលា​ចាំ​ប្តី​។ អ្នក​ថតរូប​ចំណាស់​ម្នាក់នេះ អរគុណ​រូបសំណាក​សិលា​ចាំ​ប្តី ពីព្រោះ លោកតា មាន​អតិថិជន​ច្រើន ក៏​ព្រោះតែ​រូបសំណាក​ដ៏​ល្បីល្បាញ​មួយ​នេះ​។
 


​ដ្បិត​រូបសំណាក​សិលា​ចាំ​ប្តី គ្រាន់តែ​រូបចម្លាក់​ពិតមែន ប៉ុន្តែ​ថ្ម​មួយ​ដុំ​នេះ បាន​ជួយ​ជីវភាព​លោក សូរ ម៉ុង ជាង​៣០​ឆ្នាំ​មកហើយ​។ រូបសំណាក​សិលា​ចាំ​ប្តី​ដែល​គេ​សាងសង់​លយ​ចូល​សមុទ្រ​បន្តិច នៅ​ឆ្នេរកែប បានផ្តល់​ការងារ​ជាច្រើន ដល់​អ្នកលក់ដូរ​អាហា​រ អ្នកលក់​វត្ថុ​អនុស្សាវរីយ៍ និង​អ្នក​ថតរូប​អាជីព​នៅ​ទីនោះ​ផង​។ លោក សូរ ម៉ុង ដែលជា​អ្នក​ថតរូប​ម្នាក់ ក្នុងចំណោម​អ្នក​ថតរូប​ជាច្រើន​នាក់​ទៀត បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា រូបសំណាក​សិលា​ចាំ​ប្តី​នេះ គឺជា​ស្រី​ស្អាត​ដែល​មនុស្ស​ចាស់​ក្មេង​ចង់​ថតរូប​ជាមួយ នៅពេលដែល​ពួកគេ​បាន​មកលេង​កម្សាន្ត​នៅ​ទីក្រុង​កែប​។  
សូមស្ដាប់សំឡេង៖




​បុរស​ចំណាស់​នេះ បញ្ជាក់ថា​៖«​ភ្ញៀវ​ភាគច្រើន​មកពី​តំបន់​ឆ្ងាយ ព្រោះ​អ្នក​មកពី​ឆ្ងាយ​គេ​ចង់បាន​រូបថត ជាមួយ​ស្រី​ស្អាត​នេះ (​រូប​សិលា​ចាំ​ប្តី​)​។ ខ្ញុំ​អរគុណ​ស្រី​ស្អាត​នេះ​ខ្លាំងណាស់ ព្រោះ​ខ្ញុំ​មាន​ចំណូល​សព្វថ្ងៃ ក៏​ព្រោះ​រូបសំណាក​នេះដែរ​»​។  



​តាមពិតទៅ លោក សូរ ម៉ុង មិនមែនជា​អ្នកស្រុក​នៅ​ខេត្ត​កែប​នេះ​ទេ ប៉ុន្តែ​គាត់​ជា​អ្នករស់នៅ​ភ្នំពេញ​។ ភ្នំពេញ​ដែល​លោក សូរ ម៉ុង អះអាងថា ពិបាក​ប្រកួតប្រជែង បាន​រុញច្រាន ឲ្យ​គាត់​ត្រូវ​បង្ខំចិត្ត មក​ជួល​ផ្ទះ​គេ​ស្នាក់នៅ​ខេត្ត​កែប ដើម្បី​ថែ​អាជីព ដែល​លោក​ស្រឡាញ់​នេះ​។ គិត​មកដល់ពេលនេះ លោក​ប្រកប​របរ​ថតរូប​៣៧​ឆ្នាំ​ហើយ​។​

​និយាយ​ជាមួយ​ខ្ញុំ​បាន​បន្តិច លោកតា​ក៏​ងើប​ទៅ​ទទួល​អតិថិជន​របស់​ខ្លួន ដែល​ភាគច្រើន គឺជា​មនុស្ស​វ័យ​ចំណាស់ និង​មកពី​តំបន់​ឆ្ងាយ​។ ខុសពី​មិនទាន់មាន​ការរីកចម្រើន​ផ្នែក​ទូរស័ព្ទដៃ​ទំនើប កាលនោះ លោក អាច​រកចំណូលបាន​ក្រែល រហូត​ស្ទើរតែ​គ្មាន​ពេល​ហូបបាយ​ក៏មានដែរ​។ ប៉ុន្តែ​បច្ចុប្បន្ននេះ របរ​មួយ​នេះ លែង​កាក់កប​ទៀតហើយ​។ លោក បញ្ជាក់​ដូច្នេះ​៖«​កាល​មុន ទោះ​ថតរូប​ហើយ ៣​ថ្ងៃក្រោយ​បាន​យើង​ផ្ញើ​រូប​ឲ្យ​គេ ក៏​នៅមាន​ភ្ញៀវ​ច្រើនណាស់​។ តែ​ឥឡូវ​ទោះ​ថតរូប​ភ្លាម បាន​រូប​ភ្លាម​មែន នៅតែ​មិនសូវមាន​គេ​មក​ថត​ទេ​»​។  



​រូបថត​មួយ​សន្លឹក​មានតម្លៃ ៣ ពាន់​រៀល​។ ក្នុង​មួយថ្ងៃ លោក សូរ ម៉ុង អាច​ថត​បាន​១០​សន្លឹក ជួនកាល​ទទួលបាន​ត្រឹមតែ​៥​សន្លឹក​ក៏មានដែរ​។ ប៉ុន្តែ​សម្រាប់​ថ្ងៃ​ចុង​សប្តាហ៍ លោក ក៏​ហាក់​មមារ​ញឹក​ដែរ ពីព្រោះ ខណៈ​គាត់​កំពុង​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ មាន​អតិថិជន​ជា​បន្តបន្ទាប់ បានមក​ហៅ​គាត់​ឲ្យ​ថតរូប​ឲ្យ​។ មិនមែន​ម្នា​ក់ថត​មួយ​សន្លឹក​ឯណា លោក បាន​ណែនាំ​ពី​ប្លង់​ស្អាតៗ​ដទៃទៀត ដើម្បី​ទទួលបាន​រូប​ច្រើន​សន្លឹក​។ យ៉ាងណា​លោកតា​មិនបាន​បង្ខំ​អតិថិជន​ឡើយ​។​

​ក្នុងចំណោម​ប្លង់​ទេសភាព​នៃ​ឆ្នេរកែប អ្វីដែល​ទាក់ទាញ​មនុស្សម្នា​ឲ្យ​ថតរូប​ច្រើនជាងគេ គឺ​រូបសំណាក​សិលា​ចាំ​ប្តី​។ រូបសំណាក​ដែលមាន​ជាប់ទាក់ទង នឹង​រឿងនិទាន​ដ៏​មាន​ប្រិយភាព​មួយ​នេះ បា​នរក​ចំណូល​ជាប្រចាំ​ដល់​លោក  សូរ ម៉ុង​។

​យ៉ាងណាក៏ដោយ ជាង​ថត រូបនេះ ហាក់​មិន​ពេញ​ចិត្តនឹង​រូបសំណាក​សិលា​ចាំ​ប្តី ដែលមាន​ពាក់​ក្រណាត់​ស្បង់​ជីពរ ដែល​លោកតា​ចាត់ទុកថា បានធ្វើ​រូបសំណាក​នេះ បាត់បង់​សោភ័ណភាព​។  លោក​និយាយ​ដូច្នេះ​ថា​៖«​កាលពី​ដំបូង រូប​ស្រី​ស្អាត​នេះ គេ​បញ្ឈរ​ស្លៀក​សំលៀកបំពាក់​ដូច​បរទេស​អ៊ីចឹង  តែ​ក្រោយមក អ្នកដឹកនាំ​ខេត្ត គេ​ឲ្យ​ធ្វើ​អង្គុយ​វិញ និង​មិនមាន​ស្លៀកពាក់​ទេ​។ ក្រោយមក ចាស់ៗ និង​ព្រះសង្ឃ​ដែល​មកដល់​ទីនេះ ចេះតែ​យក​ស្បង់​គ្រប​»​។​

​យ៉ាងណាក៏ដោយ រូបសំណាក​ដែលមាន​ក្រណាត់​គ្រប​សារពាង្គកាយ​នេះ ត្រូវបាន​អ្នកដឹកនាំ​ខេត្ត​កែប តែងតែ​មក​រើចេញ​វិញ ពីព្រោះ ពួកគេ​យល់ថា ការយក​ក្រណាត់​មក​បិទបាំង​រាងកាយ​រូបចម្លាក់​ថ្ម​នេះ វា​នាំ​ឲ្យ​បាត់បង់​សោភ័ណភាព​។ នេះ​ជាការ​រៀបរាប់ របស់លោក សូរ ម៉ុង ដែល​បន្ថែមថា លោក ក៏​យល់ស្រប ជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត​កែប​ដែរ ពីព្រោះ​កន្លងមក​អតិថិជន​របស់ខ្លួន តែងតែ​រអ៊ូ​ថា រូបថត​របស់​ពួកគេ​មិនសូវ​ស្អាត ក៏​ព្រោះតែ​កំណាត់ ដែល​រុំ​ខ្លួន​រូបចម្លាក់​នេះ​។​

​សិលា​ចាំ​ប្តី ដែល​បាន​ចិញ្ចឹម​ជាង​ថត​ចំណាស់​រូបនេះ​ជាច្រើន​ឆ្នាំ​បាន​ប្រែប្រួល​រូប​ភាពជា​ច្រើនដង​ក៏ពិតមែន ប៉ុន្តែ​លោក សូរ ម៉ុង មិនដែល​បានគិត​ថា លោក​នឹង​ផ្លាស់ប្តូរ​អាជីព​នេះឡើយ​។ វៀរលែងតែ ឈប់​មាន​រូបសំណាក​ស្ត្រី​ថ្ម​ពណ៌​ស​នេះ​ទៀត​៕







Tag:
 សូរ ម៉ុង​
  ​អ្នក​ថតរូប
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev123next