ជាតិ
នយោបាយជាតិ
CNRP ហាមអ្នកគាំទ្រប្រើពាក្យស្លោកដែលCPPគំរាមប្តឹង
× គណបក្សសង្គ្រោះជាតិ បានហាមប្រាមអ្នកគាំទ្ររបស់ខ្លួន ប្រើប្រាស់ពាក្យស្លោកណាដែលប៉ះពាល់ដល់អារម្មណ៍បុគ្គល ឬគណបក្សផ្សេង ដើម្បីចៀសវាងភាពល្អក់កករមុនការបោះឆ្នោត។ ដ្បិតមិននិយាយឲ្យចំ ប៉ុន្តែពាក្យស្លោកនោះ គឺពាក្យស្លោក «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ» ដែលគណបក្សប្រជាជនគំរាមប្តឹង ។
លោក ប៉ុល ហំម អនុប្រធានគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា៖«ជាគោលការណ៍ យើងអត់ទាន់សម្រេចថាមិនឲ្យប្រើពាក្យស្លោកនេះទេ(ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ)ប៉ុន្តែបើពាក្យណាប្រើទៅប៉ះពាល់អារម្មណ៍គណបក្សណា ឬបុគ្កលណា ឬបើប្រើទៅនាំឲ្យល្អក់កករ យើងខ្ជិលប្រើ។ យើងមិនចង់បង្កឲ្យមានភាពល្អក់កករ មុនការបោះឆ្នោតទេ»។
នៅក្នុងសមាជគណបក្សសង្គ្រោះជាតិកាលពីដើមខែមីនា គណបក្សបញ្ជូលពាក្យស្លោក«ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ» ក្នុងគោលនយោបាយចំនួន៥ចំណុចរបស់ខ្លួន សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការបោះឆ្នោតនាពេលខាងមុខ។
ពាក្យស្លោកដែលមិនទាន់បានប្រើជាផ្លូវការក្នុងការឃោសនាបោះឆ្នោតផងនេះ ត្រូវបានមេឃុំ និងចៅសង្កាត់មួយចំនួនពីបក្សកាន់អំណាច ថ្កោលទោសជាបន្តបន្ទាប់។ ចំណែកឯគណបក្សកាន់អំណាចវិញ ចាត់ទុកថា មានចរិកញុះញុង បង្កហេតុ និងប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរ ដល់មន្ត្រីឃុំសង្កាត់ទូទាំងប្រទេស ដែលបានខិតខំបម្រើប្រជាជន ដោយមិនរើសអើងនិន្នាការនយោបាយ។ គណបក្សប្រជាជនកម្ពុជា បានទាមទារថ្នាក់ដឹកនាំ CNRP កែតម្រូវជាបន្ទាន់ចំពោះខ្លឹមសារពាក្យស្លោកនេះ ដើម្បីរក្សាបិរយាកាសល្អ និងសុខសន្តិភាពរបស់ប្រទេសជាតិ និងព្រមានប្តឹងប្រសិនបើមិនកែតម្រូវពាក្យស្លោកនេះទេនោះ៕
Tag:
ពាក្យស្លោក
ប៉ុល ហំម
CNRP
CPP
© រក្សាសិទ្ធិដោយ thmeythmey.com