អន្តរជាតិ
ថៃថា មេក្រុមអាវក្រហមដែលមានគម្រោងធ្វើឃាតលោកប្រាយុទ្ធ សំងំលាក់ខ្លួននៅកម្ពុជា
× ប៉ូលិសថៃបានអះអាងថា ខ្លួនបានបំបែកគម្រោងបង្កើតចលាចលនិងធ្វើឃាតឧត្តមសេនីយ៍ប្រមុខរដ្ឋាភិបាល ប្រាយុទ្ធ ចន្ទអូចា នាថ្ងៃ ១៩មីនា ដោយអាជ្ញាធរចាប់ខ្លួនមនុស្ស ៩ នាក់ និងរឹបអូសបានសព្វាវុធជាច្រើនមានទាំងកាំភ្លើងនិងគ្រាប់បែក។ មេប៉ូលិសថៃ Chakthip Chaijinda បញ្ជាក់ថា អាវុធទាំងនោះត្រូវគេរកឃើញនៅផ្ទះមេដឹកនាំក្រុមអាវក្រហមលោក Wuthipong Kochathamakun ដែលមនុស្សមានស្វាមីភក្តិចំពោះលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា។ អ្វីដែលសំខាន់មេប៉ូលិសថៃខាងលើអះអាងថា Wuthipong ដែលបានរត់គេចខ្លួនតាំងពីឆ្នាំ ២០១៤ក្រោយរដ្ឋប្រហារយោធានោះកំពុងលាក់ខ្លួននៅប្រទេសជិតខាងថៃ ដែលគេជឿជាក់ថាជាកម្ពុជា ប៉ុន្តែលោកបដិសេធនិយាយឈ្មោះប្រទេសចំៗ។
ប៉ូលិសថៃបានបញ្ជាក់ខ្លួនបានរឹបអូសសព្វាវុធជាច្រើនប្រភេទមានទាំងកាំភ្លើង និងគ្រាប់បែកផងដែរនៅក្នុងប្រតិបត្តិការមួយកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ហើយមនុស្ស៩នាក់ក៏ត្រូវបានចាប់ខ្លួនដូចគ្នា។ គេសន្និដ្ឋានអាវុធទាំងនោះត្រូវបានគេត្រៀមទុកដើម្បីវាយប្រហារប្រឆាំងអាជ្ញាធរថៃដែលហ៊ុមព័ទ្ធវត្ត Phra Dhammakaya និងតាមចាប់ខ្លួនចៅអធិការវត្តដែលគាំទ្រក្រុមគ្រួសារស៊ីណាវ៉ាត្រា ដោយចោទថា លោកអង្គនេះជាប់ពាក់ព័ន្ធការលាងលុយកខ្វក់។បន្ថែមពីនោះ អាជ្ញាធរក៏ជឿជាក់ដែរថា អាវុធទាំងនោះក៏ស្ថិតក្រោមគោលដៅនៃការប្រើប្រាស់ក្នុងផែនការធ្វើឃាតនាយករដ្ឋមន្ត្រីថៃឧត្តមសេនីយ៍ប្រាយុទ្ធ ចាន់អូចាដូចគ្នា។
យោងតាមសារព័ត៌មានថៃបាងកកប៉ុស្តិ៍ ឃ្លាំងអាវុធទាំងនោះត្រូវគេរកឃើញនៅផ្ទះមួយស្ថិតនៅខេត្ត Pathum Thani ដែលវារបស់មេដឹកនាំក្រុមអាវក្រហមនិងជាមនុស្សស្មោះស្ម័គ្រលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា លោក Wuthipong Kochathamakun នោះ។ Wuthipong ត្រូវបានគេស្គាល់ច្បាស់ថាជាសហស្ថាបនិករណសិរ្សរួបរួមដើម្បីប្រជាធិបតេយ្យប្រឆាំងរបបផ្តាច់ការ (UDD) ហើយលោកបានរត់គេចខ្លួនក្រោយរបបសឹកចេញដីកាចាប់ខ្លួនពាក់ព័ន្ធបទល្មើសប្រមាថព្រះមហាក្សត្រក្នុងខែមេសាឆ្នាំ២០១៤។
មេប៉ូលីសជាតិថៃ Chaktip Chaijinda បានថ្លែងប្រាប់អ្នកសារព័ត៌មានថា អាវុធខ្លះដែលគេដកហូបាននេះគឺជាអាវុធដែលដណ្តើមបានពីក្រុមយោធាក្នុងពេលមានហិង្សាដែលបង្កឡើងដោយចលនាបាតុកម្មរបស់ក្រុមអាវក្រហមនាក្រុងបាងកកនៅឆ្នាំ ២០១០នោះ។ លោកអះអាងផ្ទាល់មាត់ថា គេត្រៀមអាវុធទាំងនេះដើម្បីវាយប្រហារប្រឆាំងអាជ្ញាធរ និងឈានទៅធ្វើឃាតនាយករដ្ឋមន្ត្រីថៃផងដែរ។ វាជាការគំរាមកំហែងសន្តិសុខជាតិនិងសណ្តាប់ធ្នាប់សាធារណដែលចាំបាច់ត្រូវមានការដោះស្រាយ។
ខណៈដែលមានការចោទប្រកាន់នោះ បុរសម្នាក់ដែលអះអាងថាខ្លួនជាលោក Wuthipong បានថតវីដេអូបង្ហោះនិងបកស្រាយថាលោកមិនបានជាប់ពាក់ព័ន្ធអ្វីនឹងអាវុធដែលគេរឹបអូសបានឡើយ។ លោកបន្ថែមថា គ្រប់យ៉ាងគឺជាការរៀបចំឡើងរបស់របបសឹកដើម្បីបង្ខូចឈ្មោះក្រុមអាវក្រហមនិងលាបព៌ណថា ក្រុមអាវក្រហមកំពុងរៀបចំក្រុមប្រដាប់អាវុធខុសច្បាប់ប្រឆាំងអាជ្ញាធរប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ វាហាក់ដូចជាមិនមានអ្វីចម្លែកទេព្រោះតាំងពីរដ្ឋប្រហារយោធាកើតឡើងឆ្នាំ ២០១៤ របបសឹកថៃបានបន្តរឹបអូសសព្វាវុធដោយដាក់កំហុសលើក្រុមអាវក្រហមដោយចោទថាពួកគេមានគម្រោងបង្កអស្ថេរភាព អសន្តិសុខ និងដើម្បីដណ្តើមអំណាចមកវិញជាដើម។
-ប៉ូលិសថៃចោទថា មេដឹកនាំអាវក្រហមម្នាក់នេះលាក់ខ្លួននៅកម្ពុជា
បើតាមសារព័ត៌មានថៃបាងកកប៉ុស្តិ៍ដដែល មេប៉ូលិសថៃបញ្ជាក់ថា លោក Wuthipong កំពុងសម្ងំលាក់ខ្លួននៅក្នុងទឹកដីប្រទេសជិតខាងថៃ (ដែលគេសន្និដ្ឋានថាជាកម្ពុជា ទោះជាមេប៉ូលិសថៃបដិសេធហៅឈ្មោះប្រទេសនោះចំក៏ដោយ) ហើយអាជ្ញាធរថៃកំពុងស្វែងរកការសហការជាមួយអាជ្ញាធរដើម្បីឈានទៅចាប់ខ្លួនជននេះផង។
មូលហេតុដែលគេសន្និដ្ឋានថា លោក Wuthipong កំពុងលាក់ខ្លួននៅកម្ពុជាដោយសារ ដើមខែកម្ភៈឆ្នាំ ២០១៤ លោក Wuthipong បានរត់ភៀសខ្លួនចេញកម្ពុជាមុនការបោះឆ្នោតនៅថៃ។ ការរត់ភៀសខ្លួននេះកើតឡើង បន្ទាប់ពីលោកនិយាយវាយប្រហារនិងចោទថាឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បញ្ជាឲ្យគេសម្លាប់លោក។ ហើយពីរខែក្រោយមក របបសឹកចេញដីកាចាប់ខ្លួនលោកជាផ្លូវការដោយចោទប្រកាន់ថាលោកប្រមាថព្រះមហាក្សត្រតែម្តង។
ខណៈដែលមេប៉ូលិសថៃមិនហៅឈ្មោះកម្ពុជាចំៗក៏ដោយ លោកបានបន្ថែមថា៖« អាជ្ញាធរថៃបានព្យាយាមទាក់ទង ខាងភាគីប្រទេសជិតខាងថៃ (កម្ពុជា) ដើម្បីសុំធ្វើបត្យាប័នលោក Wuthipong មកកាត់ទោស ប៉ុន្តែខាងភាគីប្រទេសជិតខាងមិនផ្តល់ចម្លើយវិជ្ជមានជុំវិញការសហការគ្នានេះឡើយ»៕
© រក្សាសិទ្ធិដោយ thmeythmey.com