ជាតិ
ក្រសួង​អប់រំ​ពុំទាន់​ចុះ​ពិនិត្យ​សិស្ស​ដែល​សង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​
21, Mar 2017 , 9:59 pm        
រូបភាព
លោក ហង់ ជួន ណារ៉ុន កំពុងផ្តល់បទសម្ភាសន៍ប្រាប់អ្នកសារព័ត៌មាន នៅសាលាតិចណូ
លោក ហង់ ជួន ណារ៉ុន កំពុងផ្តល់បទសម្ភាសន៍ប្រាប់អ្នកសារព័ត៌មាន នៅសាលាតិចណូ
ដោយ:
​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួន ណា​រ៉ុ​ន បាន​ឲ្យ​ដឹងថា ក្រសួង​អប់រំ​ពុំទាន់​ចុះ​ពិនិត្យ​ទឹកនោម​សិស្ស​ដែល​សង្ស័យ​ប្រើប្រាស់​គ្រឿងញៀន នៅតាម​សាលារៀន​ទូទាំងប្រទេស​នៅឡើយ​។ លោក​និយាយថា ក្រសួង​មាន​វិធានការ​អប់រំ និង​បង្ការ​ការពារ​ច្រើនជាង ឲ្យ​ក្រុមការងារ​ទទួលបន្ទុក​គ្រប់គ្រង​គ្រឿងញៀន​ចុះ​ត្រួតពិនិត្យ​សិស្ស​។​



​ថ្លែង​ក្នុង​សន្និបាត​បូកសរុប​ការងារ​អប់រំ យុវជន និង​កីឡា​ឆ្នាំ​សិក្សា ២០១៥-២០១៦ និង​ទិសដៅ​ឆ្នាំ​សិក្សា ២០១៦-២០១៧ នៅ​ថ្ងៃទី​២១ ខែមីនា​នេះ លោក ហង់ ជួន ណា​រ៉ុ​ន និយាយថា ក្រសួង​បាន និង​កំពុង​ផ្សព្វផ្សាយ​អំពី​គ្រោះថ្នាក់ នៃ​ការប្រើប្រាស់​គ្រឿងញៀន​នៅតាម​គ្រឹះស្ថានសិក្សា​។ បន្ថែម​លើសពីនេះ លោក​បន្ត​បញ្ជាក់ថា ក្រសួង​បា​នប​ញ្ជូ​ល​ខ្លឹមសារ​អប់រំ​ប្រឆាំង​គ្រឿងញៀន​ទៅក្នុង​កម្មវិធីសិក្សា​សម្រាប់​ក្រុមប្រឹក្សា​កុមារ និង​ក្រុមប្រឹក្សា​យុវជន​ជាដើម​។​

​នៅពេល​អ្នក​សាររ​ព័ត៌មាន​សួរថា តើ​ក្រុមការងារ​ទទួលបន្ទុក​គ្រប់គ្រង​គ្រឿងញៀន​របស់​ក្រសួង បាន​ចុះ​ត្រួតពិនិត្យ​ទឹកនោម​សិស្ស​តាម​សាលា​យ៉ាងណា​មកទល់ពេលនេះ​? លោក​បាន​បដិសេធ​ភ្លាមៗ​ថា ក្រសួង​ពុំបាន​ចុះ​ធ្វើ​ត្រួតពិនិត្យ​រកសារ​ធាតុ​ញៀន​សិស្ស​ទេ​។ «​យើង​មាន​វិធានការ​បង្ការ​ការពារ និង​ផ្សព្វផ្សាយ​ច្រើន​»​។ លោក​រដ្ឋមន្ត្រី​អប់រំ​បញ្ជាក់ប្រាប់​អ្នកសារព័ត៌មាន​ពី​វិធាន​ប្រឆាំង​សិស្ស​ដែល​ញៀន​គ្រឿងញៀន នៅថ្ងៃនេះ ក្នុង​សាលា​តិច​ណូ​។​

​យ៉ាងណា លោក​បាន​បង្ហើប​ឲ្យ​ដឹងថា ក្រសួង​នឹង​ចុះ​ត្រួតពិនិត្យ​សិស្ស​ដែល​ជាប់​សង្ស័យ​នឹង​គ្រឿងញៀន ប្រសិនបើ​លោកគ្រូ អ្នកគ្រូ​រាយការណ៍​ប្រាប់​ក្រសួង​អំពី​បញ្ហា​សិស្ស​ទាំងនោះ​។ «​ចឹ​ង​! មានន័យថា យើង​មិន​ធ្វើតេស្ត សិស្ស​ទាំងអស់​ទេ​»​។ លោក​រដ្ឋមន្ត្រី​បន្ថែម​។​

​ប្រធាន​អាជ្ញាធរ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន លោក កែ គឹមយ៉ាន ធ្លាប់​ថែ្ល​ង​ថា លោក​បានផ្ដល់​សម្ភារ​ត្រួតពិនិត្យ​ទឹកនោម​ទៅដល់​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ដាក់​ឲ្យ​ប្រើប្រាស់​នៅតាម​សាលារៀន​ទូទាំងប្រទេស​កម្ពុជា សម្រាប់​ត្រួតពិនិត្យ​ទៅលើ​សិស្ស ដែល​សង្ស័យថា​ប្រើប្រាស់​គ្រឿងញៀន​។​

​ក្រៅពី​ការត្រួតពិនិត្យ​សារធាតុ​ញៀន​នៅតាម​សាលារៀន​នេះ អាជ្ញាធរ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នឹង​សហការ​ជាមួយ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន និង​ក្រសួង​ពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​ទប់ស្កាត់​ការប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​នេះ​ផងដែរ​។ លោក គឹមយ៉ាន បាន​ថ្លែង​ក្នុង​ពិធី​ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ស្តីពី យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ កាល​ថ្ងៃទី​២២ ធ្នូ ឆ្នាំ​២០១៦​កន្លងមកនេះ​។​

​ប៉ុន្តែ ក្រសួង​អប់រំ និង​អាជ្ញាធរ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ពុំទាន់​ត្រួតពិនិត្យ​រកឃើញ​សិស្ស ដែល​សង្ស័យ ប្រើប្រាស់​គ្រឿងញៀន នៅតាម​សាលារៀន​ទូទាំងប្រទេស​នោះទេ​។ យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​តាម​សាលា​នេះ​ធ្វើឡើង ស្របពេល​ក្រសួងមហាផ្ទៃ និង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បើក​យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញឿ​ន​លើក​ទី​១ រយៈពេល​៦​ខែ ចាប់ពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ទូទាំងប្រទេស​៕


Tag:
 ​ហង់ ជួន ណា​រ៉ុ​ន​
  អប់រំ​
  គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com