អន្តរជាតិ
បើ​ផ្តល់​ថវិកា​មិន​គ្រប់ ចំនួន​នាវាចម្បាំង​អាមេរិក​ដែល​ល្បាត​ពាសពេញ​ពិភពលោក​នឹង​ថយចុះ​
22, Mar 2017 , 9:22 am        
រូបភាព
ដោយ: ថ្មីៗ
​កងទ័ពជើងទឹក​អាមេរិក​បាន​ព្យាយាម​ស្នើសុំ​ឲ្យ​មានការ​បង្កើន​ថវិកា​ប្រចាំឆ្នាំ ២០១៧ ដើម្បី​ប្រើប្រាស់​ជួសជុល​ថែទាំ​ង​និង​បង្កើន​សមត្ថភាព​នាវាចម្បាំង​ដែល​កំពុង​បំពេញ​ប្រតិបត្តិ​ការរក្សា​ផលប្រយោជន៍​អាមេរិក​នៅ​បរទេស​នោះ​។ គេ​ព្រមាន​ថា បើសិន​សភា​មិន​បង្កើន​ថវិកា​ទេ នាវា​ដឹក​យន្តហោះ​ចម្បាំង​ចំនួន​ពីរ​គ្រឿង​នឹងត្រូវ​បញ្ឈរជើង ហើយ​នាវា​បី​គ្រឿង​ផ្សេងទៀត​នឹងត្រូវ​បន្ថយ​សមត្ថភាព​បំពេញ​ប្រតិបត្តិការ​ឲ្យ​ដល់​អប្បបរមា​។ នេះ​មានន័យថា អាមេរិក​នឹងមាន​នាវា​ល្បាត​សមុទ្រ​ទូទាំង​ពិភពលោក​កាន់តែ​តិច ហើយ​អំណាច​ទ័ពជើងទឹក​អាមេរិក​កាន់តែ​ធ្លាក់ចុះ​ថែមទៀត​។



​ក្តីបារម្ភ​ចំពោះ​ការថយចុះ​នៃ​អំណាច​យោធា​ជើង​ទឹក​អាមេរិក​កើនឡើង ខណៈដែល​ក្រុមមន្ត្រី​យោធា​ជាន់ខ្ពស់​កងទ័ព​ជើង​អាមេរិក​បន្ត​តស៊ូ​មតិ​ដើម្បី​ឲ្យ​សភា​បង្កើន​លុយ​សម្រាប់​ផ្គត់ផ្គង់​លើ​ការថែទាំ​និង​បង្កើន​សមត្ថភាព​នាវាចម្បាំង​អាមេរិក​នោះ​។ បើសិនជា​កញ្ចប់​លុយ​មិនត្រូវ​សមាជិកសភា​បង្កើន​ទេ បញ្ហា​ធំ​នឹង​កើតឡើង​នៅពេល​ខាងមុខ​។ នាវា​ដឹក​យន្តហោះ​ចម្បាំង​ខ្លះ​ដែល​តំណាង​ឲ្យ​អំណាច​យោធា​និង​ការពារ​ប្រយោជន៍​អាម​រិ​កនៅ​បរទេស​នឹងត្រូវ​ផ្អាក​ដំណើរការ​។

​យោងតាម​សារព័ត៌មាន Military មេបញ្ជាការរង​កងទ័ព​ជើង​ទឹក​លោក Joseph Mulloy បាន​អះអាង​ក្នុងការ​ផ្តល់​ចម្លើយ​ទៅកាន់​គណៈកម្មាធិការ​ការពា​រ​ជាតិ ស្ថាប័ន​លោក​បន្ត​តស៊ូ​មតិ​និង​សុំ​ឲ្យ​បណ្តា​សមាជិកសភា​ពិចារណា​ឲ្យ​បាន​ដិតដល់​និង​សម្រេច​អនុម័ត​បង្កើន​កញ្ចប់​ថ​វិកា​ឲ្យ​បាន​ពេញលេញ​ដើម្បី​គាំទ្រ​គម្រោង​ជួសជុល​ថែ​ទាំង​នាវាចម្បាំង​ដែលមាន​។​

​ការលើកឡើង​នេះ គឺជា​ការគាំទ្រ​ចំពោះ​សម្តី​អនុប្រធាន​ផ្នែក​ប្រតិបត្តិការ​កងទ័ពជើងទឹក Bill Moran ដែល​បាន​រៀបរាប់​ប្រាប់​សមាជិក​ព្រឹទ្ធសភា​កាលពី​ខែកុម្ភៈ​ពី​ផលប៉ះពាល់​និង​ការខ្វះចន្លោះ​ក្នុង​ការរក្សា​វត្តមាន​នាវាចម្បាំង​អាមេរិក​លើ​ដែនសមុទ្រ​អន្តរជាតិ ដែល​នឹង​កើតមានឡើង ប្រសិនបើ​កញ្ចប់​ថវិកា​យោធា​មិនត្រូវ​បាន​ដំឡើង​ឲ្យ​បាន​សមរម្យ​ទេនោះ​។​

​បើតាម​លោក Joseph Mully ផលប៉ះពាល់​ដែល​នឹង​កើតមាន​ដោយសារ​ខ្វះខាត​ហិរញ្ញវត្ថុ​នោះ​មានដូចជា ការ​ឈានទៅ​បញ្ឈប់​ដំណើរការ​នាវា​ដឹក​យន្តហោះ​ពីរ​គ្រឿង​, បន្ថយ​សមត្ថភាព​ឲ្យ​ដល់​កម្រិត​អប្បបរមា​សម្រាប់​ដំណើរការ​នៃ​នាវា​ដឹក​យន្តហោះ​ចំនួន ៣​គ្រឿង និង​ពន្យា​ពេល​ជួសជុល​កែលម្អ​នាវាចម្បាំង ១៤​គ្រឿង​ផ្សេងទៀត​ផងដែរ​។​

​វា​មានន័យថា គម្រោង​ជួសជុល​កែលម្អ​នាវា​នឹងមិន​ចប់សព្វគ្រប់​តាម​ការកំណត់ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ នាវា​ដែល​ធ្លាប់​ចេញ​ប្រតិបត្តិការ​នៅ​បរទេស​ត្រូវ​ផ្អាក​ដំណើរការ​ព្រោះតែ​ការខ្វះខាត​ហិរញ្ញវត្ថុ​។​វា​ប្រាកដ​ណាស់​ថា អាមេរិក​មិនអាច​ពង្រាយ​នាវា​ធំៗ​របស់ខ្លួន​ទៅ​ល្បាត​បាន​ទាន់ពេលវេលា​ដូច​សព្វដង ហើយ​អាមេរិក​ក៏​មិនអាច​ធានាថា ចំនួន​នាវាចម្បាំង​អាមេរិក​ដែល​នៅសល់​អាច​ការពារ​ដែន​សមុទ្រ​ទូទាំង​ពិភពលោក​គ្រប់គ្រាន់​តាម​តម្រូវការ​ជាក់ស្តែង​ដែរ​។​

​ដូច​ឃើញស្រាប់ កាលពី​តុលា​ឆ្នាំ ២០១៥ គ្រាន់តែ​កងទ័ពជើងទឹក​ដក​នា​វា​ដឹក​យន្តហោះ Theodore Roosevelt ពី​ឈូង​សមុទ្រ ពែ​ក្យ​មកវិញ គេ​ឃើញថា អាមេរិក​មិនមាន​នាវា​នៅ​សេសសល់​សម្រាប់​ជំនួស​កន្លែង​និង​បើក​ប្រតិបត្តិ​ការកម្ទេច​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់​ឡើយ​។ នេះ​ក៏ដោយ​សារ វា​ពាក់ព័ន្ធ​នឹង​ការពន្យារពេល​ជួសជុល​នាវា​ដឹក​យន្តហោះ D. Eisenhower​។ ទាល់តែ​ដល់​ខែវិច្ឆិកា ទើប​គេ​អាច​បញ្ជូន​ក្រុម​នាវា​ប្រយុទ្ធ​ដឹកនាំ​ដោយ​នាវា​ដឹក​យន្តហោះ Harry Truman ទៅ​បំពេញ​ការខ្វះចន្លោះ​នេះ​បាន​វិញ​។​

​មុន​ឆ្នាំ ២០១៧​នេះ ក្រុម​កង​ប្រយុទ្ធ​ដឹកនាំ​ដោយ​នាវា D. Eisenhower បាន​ត្រឡប់​ពី​មជ្ឈិមបូព៌ា​វិញ​ក្រោយពេល​នាវា​នេះ​បំពេញ​ប្រតិបត្តិការ​អស់​ពេល ៧​ខែ​។ បន្ទាប់ពី​ដក​ក្រុម​នាវា​នេះ​មកវិញ គេ​ឃើញថា នាវា​ដឹក​យន្តហោះ​អាមេរិក​មិនមាន​វត្តមាន​ក្នុង​តំបន់​ជិត​មួយខែ​ពេញ ទម្រាំ​នាវា George H. W. Bush ត្រូវគេ​ជួសជុល​ចប់សព្វគ្រប់​និង​ត្រូវ​បញ្ជូនមក​ជំនួស​នាវា D. Eisenhower នោះ​។ បញ្ហា​គ្រប់យ៉ាង​វា​បណ្តាលមកពី​ការពន្យារពេល​ជួស​ជុស​នាវា​ដូចគ្នា​៕


Tag:
 កងទ័ពជើងទឹក​អាមេរិក​
  នាវា​ដឹក​យន្តហោះ​អាមេរិក​
  Joseph Mully
© រក្សាសិទ្ធិដោយ thmeythmey.com