អន្តរជាតិ
លោក ប្រា​យុទ្ធ រៀបចំ​ខួបកំណើត​ឲ្យ​លោក Duterte
22, Mar 2017 , 7:59 pm        
រូបភាព
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា ជូននំខួបកំណើតដល់ប្រធានាធិបតី Rodrigo Duterte (រូបថត The Nation)
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា ជូននំខួបកំណើតដល់ប្រធានាធិបតី Rodrigo Duterte (រូបថត The Nation)
​នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ  បាន​បង្កើត​ការភ្ញាក់ផ្អើល​មួយ​សម្រាប់​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ដែល​កំពុង​ទស្សនកិច្ច​ផ្លូវការ​នៅ​ថៃ​។ ក្នុង​ពិធី​លាង​សាយភោជន៍​នៅ​ល្ងាច​ថ្ងៃទី​២១ ខែមីនា នាយករដ្ឋមន្ត្រី​ថៃ បានរៀបចំ​ពិធី​ខួបកំណើត​ដល់​ប្រធានាធិបតី​ហ្វីលីពីន ដែល​នឹង​ឈាន​វ័យ​៧២​ឆ្នាំ នៅ​ថ្ងៃទី​២៨ ខែមីនា​ខាងមុខ​។



​លោក Rodrigo Duterte បាន​ទៅដល់​ប្រទេស​ថៃ នៅ​យប់​ថ្ងៃទី​២០ ខែមីនា ដើម្បី​ចាប់ផ្ដើម​ទស្សនកិច្ច​បី​ថ្ងៃ​នៅ​ទីនោះ​។ លោក​បាន​ជួប​ជាមួយ​ប្រមុខ​រដ្ឋាភិបាលយោធា​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា លើ​ប្រធានបទ​ជាច្រើន​ដែល​ទាក់ទង​នឹង​ការធ្វើ​ប្រធាន​អាស៊ាន​របស់​ហ្វីលីពីន​ក្នុង​ឆ្នាំ​២០១៧​។ ប្រធានាធិបតី​ហ្វីលីពីន Duterte ទៅដល់​ថៃ បន្ទាប់ពី​បញ្ចប់​ទស្សនកិច្ច​២​ថ្ងៃ​នៅ​មី​យ៉ាន់​ម៉ា​។

​ក្រោយ​ជំនួប​ទ្វេភាគី​រយៈពេល​២​ម៉ោង​នៅ​វិមាន​រដ្ឋាភិបាល​នា​ក្រុង​បាងកក នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា ក៏បាន​រៀបចំ​ពិធីជប់លាង​មួយថ្ងៃ​ទី​២១ ខែមីនា​។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ក៏បាន​រៀបចំ​ពិធី​ខួបកំណើត​មួយ​សម្រាប់​ប្រធានាធិបតី​ហ្វីលីពីន​តែម្ដង ហើយ​លោក​ក៏បាន​ជូន​នំ​ខួបកំណើត​គម្រប់​អាយុ​៧២​ឆ្នាំ​ដល់​លោក Duterte ។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​សារព័ត៌មាន​ថៃ The Nation ។​

​អំឡុង​ទស្សនកិច្ច​នេះ ប្រធានបទ​សំខាន់​ដែល​ស្ថិតនៅក្នុង​របៀបវារៈ​នៃ​ជំនួប​ប្រមុខ​រដ្ឋាភិបាល​ទាំង​២ គឺពាក់ព័ន្ធ​ការ​កម្ចាត់​គ្រឿងញៀន និង​ការបង្កើន​សហ​ប្រតិ​ប​តិ្ត​ការ​រវាង​ភ្នាក់ងារ​ចារកម្ម​ក៏ដូចជា​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​។ មេដឹកនាំ​ហ្វី​លី​ពី​ក៏​នឹង​ពិភាក្សា​ជាមួយ​មេដឹកនាំ​ថៃ​ពី​បញ្ហា​អាស៊ាន ក៏ដូចជា​ស្វែងរក​ការគាំទ្រ​ពី​រដ្ឋាភិបាល​ថៃ​ចំពោះ​ការធ្វើជា​ប្រធាន​អាស៊ាន​នា​ឆ្នាំ ២០១៧​នេះដែរ​។​

​បន្ថែម​ពីនេះ ភាគី​ទាំងពីរ​ក៏​នឹង​ជជែក​ពី​ការ​ឈានទៅ​បង្កើន​ទំនាក់ទំនង​ពាណិជ្ជកម្ម​និង​ការវិនិយោគ​ទ្វេភាគី ជាពិសេស​ភាគី​ក៏​បន្ត​ប​ង្រឹ​ង​ការសហការ​ដើម្បី​រក្សា​សុវត្ថិភាព និង​ធានា​ជីវភាព​រស់នៅ​របស់​ប្រជាជន​ហ្វីលីពីន​ធ្វើការ​ងារ​និង​រស់នៅ​ថៃ និង​ប្រជាជន​ថៃ​នៅ​ហ្វីលីពីន​ដូចគ្នា​។ ចំណែក​លោក Duterte ក៏​នឹង​ជួប​ជាមួយ​បណ្តា​អ្នកជំនួញ និង​អ្នកតំណាង​មកពី​សហព័ន្ធ​ឧស្សាហកម្ម​, សភាពាណិជ្ជកម្ម និង សមាគម​ធនាគារ​ថៃ​ជាច្រើន​ផ្សេងទៀត​ដែរ​ដើម្បី​ពិភាក្សា​ពី​គម្រោង​វិនិយោគ​ជាដើម​។​

​ក្នុងចំណោម​រដ្ឋ​អាស៊ាន​ទាំង​១០ ថៃ​ក្លាយជា​ប្រទេស​ចុងក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​ណែនាំ​ខ្លួន​របស់​ប្រមុខរដ្ឋ​ហ្វីលីពីន​នេះ​។ លោក​ទើប​បញ្ចប់​ទស្សនកិច្ច​នៅ​មី​យ៉ាន់​ម៉ា ដែល​នៅ​ទីនោះ លោក​ក៏បាន​ជូន​កុលាប​មួយ​បាច់ និង​ប្រាក់​៣០​ម៉ឺន​ដុល្លារ​ដល់ទី​ប្រឹក្សា​រដ្ឋ អ៊ុង​សាន ស៊ូ​ជី ដើម្បី​ដោះស្រាយ​អំពើហិង្សា​នៅ​រដ្ឋ Rakhine ៕


Tag:
 ថៃ​
  ហ្វីលីពីន​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា​
  Rodrigo Duterte
© រក្សាសិទ្ធិដោយ thmeythmey.com