ជាតិ
សេដ្ឋកិច្ច
កម្ពុជា​សម្ពោធ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​អាកាសចរ​ស៊ីវិល​តម្លៃ​ជាង ១០​លាន​ដុល្លារ​អាមេរិក​
23, Mar 2017 , 9:19 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋលេខាធិការដ្ឋាន​អាកាស​ស៊ីវិល​ បាន​បើកសម្ពោធ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​អាកាសចរណ៍​ស៊ីវិល (CATC) តម្លៃ​ជាង ១០​លាន ​ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ នៅ​ថ្ងៃទី​២២ ខែមីនា​។ ​មជ្ឈមណ្ឌលនេះ មាន​ទីតាំង​នៅក្នុង​បរិវេណ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។​



​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​ លោក ម៉ៅ ហាវ​ណ្ណា​ល់ បាន​ចាត់ទុកថា មជ្ឈមណ្ឌល​នេះ ​ពិត​ជាមាន​សារៈសំខាន់​ ក្នុងការ​បណ្តុះ​ធនធានមនុស្ស​ជំនាន់​ក្រោយ ដើម្បី​ឆ្លើយតប​នឹង​កំណើន​តម្រូវ​ផ្នែក​អាកាសចរ នាពេល​បច្ចុប្បន្ន និង​ថ្ងៃ​អនាគត​។​

​ក្រៅពី​ការបំពាក់​ឧបករណ៍​សម្ភារបរិក្ខា​រ​បណ្តុះបណ្តាល និង​ផែនការ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស​ផ្នែក​អាកាសចរ​ស៊ីវិល លោក វណ្ណា​ល់ បាន​បន្ត​រៀបរាប់​ពី​អត្ថប្រយោជន៍​មជ្ឈមណ្ឌល​អាកាសចរ​លើកដំបូង​នេះ​ទៀតថា វា​មាន​តួនាទី​បណ្តុះបណ្តាល​ធនធាន​មនុស្ស និង​សហប្រតិបត្តិការ​បច្ចេក​ទេស​អាកាសចរ​ស៊ីវិល ​ជាមួយ​ប្រទេស​តំបន់ និង​សកលលោក ដើម្បី​ពង្រឹង​ផែនការមេ​ សម្រាប់​ការអភិវឌ្ឍ​ធនធានមនុស្ស និង​ផែនការ​សម្រាប់​ប្រតិបត្តិការ CATC ។​



​ថ្លែង​ក្នុង​ពិធី​សម្ពោធ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​អាកាសចរ​ស៊ីវិល​ដែលជា​ជំនួយ​កូរ៉េ នៅ​ទី​២២​ថ្ងៃនេះ លោក​បាន​បន្ត​ថ្លែង​ដូច្នេះ​ថា​៖«​មជ្ឈមណ្ឌល​គ្រោង​បើក​វគ្គ​បណ្តុះបណ្តាល​ចំនួន ១៤​វគ្គ ដែលមាន​សិក្ខាកាម​ចំនួន ២៧៤​នាក់ និង​ជំនាញការ​កូរ៉េ​ចំនួន ១១​នាក់​ មកជួយ​ផ្នែក​បច្ចេកទេស បណ្តុះបណ្តាល​គ្រូ​បង្គោល​ ដល់​មន្ត្រី​រដ្ឋលេខា​ធិ​ការ​អាកាសចរ​ស៊ីវិល​»​។

​លោក​បាន​ទទួលស្គាល់ថា មជ្ឈមណ្ឌល​នេះ នឹង​ជួយ​ពង្រឹង​វិស័យ​អាកាសចរ​ស៊ីវិល និង​ការពង្រឹង​ក្របខណ្ឌ​បច្ចេកទេស​ច្បាប់​ ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត ដើម្បី​ការពារ​សន្តិសុខ​ សុវត្ថិភាព​ តាមផ្លូវ​អាកាស ស្របពេល​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​បាន និង​កំពុង​ចេញចូល​កម្ពុជា ​កាន់តែច្រើន​។ «​ការកែលម្អ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ខេត្តសៀមរាប និង​អាកាស​យានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុបាន ដែល​ធ្វើដំណើរ​តាមផ្លូវ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ និង​ការកើនឡើង​ចំនួន​អ្នកធ្វើដំណើរ អន្តរជាតិ​តាមផ្លូវ​អាកាស​ជា​មធ្យម ៨​ភាគរយ ក្នុង​មួយឆ្នាំ​ពី​ឆ្នាំ ២០០៨ ដល់​២០១៦ ចំនួន​សរុប​កើនឡើង ពី​២,៥​លាន​នាក់ ដល់​៧​លាន​នាក់​»​។ លោក វណ្ណា​ល់ បញ្ជាក់បន្ថែម​។

​ក្នុងឱកាស​នោះដែរ លោក​បាន​ឆ្លៀត​អំពាវនាវ​មន្ត្រី​អាកាសចរ​ស៊ីវិល ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា (Cambodia Airport) ក្រុមហ៊ុន​សេវាកម្ម​នាំ​ផ្លូវ​ហោះហើរ​កម្ពុជា (CATS) និង​ក្រុមហ៊ុន​ដឹកជញ្ជូន​ផ្លូវអាកាស​ទាំងអស់ ឲ្យ​បញ្ជូន​បុគ្គលិក​ដែល​ចង់​សិក្សា​ជំនាញ​អាកាសចរ​ស៊ីវិល និង​បង្កើន​ចំណេះដឹង​បន្ថែម មក​សិក្សា​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ ដែល​សាងសង់​លើ​ផ្ទៃដី​៨​ពាន់​ម៉ែត្រការ៉េ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ តាម​តម្រូវការ​របស់​ពួកគេ​ផង​។​

​គួរ​បញ្ជាក់ថា មជ្ឈមណ្ឌល​ហ្វឺ​ក​ហ្វឺ​ន​អាកាសចរ​ស៊ីវិល ​ដែល​បង្កើតឡើង​ក្រោម​កិច្ចព្រមព្រៀង ​រវាង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ (KOICA) និង​ទីស្តីការគណៈរដ្ឋមន្ត្រី​នេះ ចំណាយ​ថវិកា​សង់​ចំនួន ១០លាន ១០០ពាន់ ​ដុល្លារ​អាមេរិក និង​ចំណាយពេល​សង់​រយៈពេល ៤​ឆ្នាំ ចាប់ពី​ឆ្នាំ ២០១៣ ដល់​ឆ្នាំ ២០១៧​នេះ​។ បច្ចុប្បន្ននេះ​ ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​ជាង ៣០ និង​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​៤ កំពុង​បម្រើសេវា​នៅ​កម្ពុជា​៕


Tag:
 ម៉ៅ ហាវ​ណ្ណា​ល់​
  អាកាសចរ​
  អាកាសយានដ្ឋាន​
  KOICA
© រក្សាសិទ្ធិដោយ thmeythmey.com