កីឡាអន្តរជាតិ
អន្តរជាតិ
World Cup ៖ ចិន ត្រៀម​ប៉ូលិស​១​ម៉ឺន​នាក់​ដើម្បី​ការពារ​អ្នកគាំទ្រ​ជម្រើសជាតិ​កូរ៉េខាងត្បូង
23, Mar 2017 , 10:17 am        
រូបភាព
​អាជ្ញាធរ​ចិន បាន​ត្រៀម​ប៉ូលិស​ដល់​ទៅ​១​ម៉ឺន​នាក់ ដើម្បី​ថែរក្សា​សន្តិសុខ អំឡុងពេល​ការប្រកួត​វគ្គ​ជម្រុះ World Cup រវាង​ក្រុមកីឡា​បាល់ទាត់​ជម្រើស​ជាតិចិន និង​ជម្រើសជាតិ​កូរ៉េខាងត្បូង​។ ការប្រកួត​ដែល​រៀបចំ​នៅ​កីឡដ្ឋាន Helong ក្នុង​ខេត្ត​ហឺ​ណាន ធ្វើឡើង​ចំពេល​ដែល​ទំនាក់ទំនង​រវាង​ចិន និង​កូរ៉េខាងត្បូង ល្អក់កករ​ខ្លាំង​ដោយសារ​ការពង្រាយ​ប្រព័ន្ធ​ការពារ THAAD នៅ​កូរ៉េខាងត្បូង​។ ដោយសារ​បារម្ភ​ពី​សុវត្ថិភាព​អ្នកគាំទ្រ ទើប​ខាង​កូរ៉េខាងត្បូង ស្នើ​ចិន​ឲ្យ​ពង្រឹង​សន្តិសុខ​ឲ្យ​បាន​ខ្លាំង​។​



​សមាគម​កីឡាបាល់ទាត់​កូរ៉េខាងត្បូង (KFA) បាន​និយាយ​នៅ​ថ្ងៃទី​២២ ខែមីនា ថា អាជ្ញាធរ​ចិន បានសម្រេច​ចិត្ត​ពង្រាយ​ប៉ូលិស​១​ម៉ឺន​នាក់​នៅក្នុង​កីឡដ្ឋាន Helong ខេត្ត​ហឺ​ណាន ជាទី​ដែល​ក្រុម​កីឡាករ​បាល់ទាត់​ជម្រើស​ជាតិចិន​ត្រូវ​ប្រកួត​ជាមួយ​អ្នកជិតខាង​កូរ៉េខាងត្បូង​នៅ​ថ្ងៃទី​២៣ ខែមីនា​។ កូរ៉េខាងត្បូង និង​ចិន ស្ថិតក្នុង​ពូ​ល A នៃ​វគ្គ​ជម្រុះ World Cup 2018 ជាមួយ​ក្រុម​៤​ទៀត គឺ​អ៊ីរ៉ង់​, ស៊ី​រី​, កាតា និង​អ៊ូ​ស​បេ​គី​ស្ថាន​។​

​ជាមួយនឹង​ការព្រួយបារម្ភ​ខ្លាច​ថា​មាន​សកម្មភាព​រើសអើង​កើតឡើង​នោះ សមាគម​កីឡាបាល់ទាត់​កូរ៉េខាងត្បូង ក៏បាន​ស្នើ​សម​ភាគី​ចិន និង​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី ឲ្យ​បង្កើត​កន្លែង​សុវត្ថិភាព​សម្រាប់​អ្នកគាំទ្រ​ជម្រើសជាតិ​កូរ៉េខាងត្បូង ក៏ដូចជា​បង្កើន​ចំនួន​មន្ត្រី​សន្តិសុខ​ផងដែរ​។ ចំណែក​ស្ថានទូត​កូរ៉េខាងត្បូង​ប្រចាំ​ក្រុង​ប៉េកាំង ក៏​ចេញ​បម្រាម​សុវត្ថិភាព​សម្រាប់​អ្នកគាំទ្រ​ជនជាតិ​កូរ៉េខាងត្បូង ដែល​គ្រោង​មក​ទស្សនា​ការប្រកួត​នេះដែរ​។

​បើតាម​សារព័ត៌មាន Yonhap សមាគម​កីឡាបាល់ទាត់​កូរ៉េខាងត្បូង​បញ្ជាក់ថា កីឡដ្ឋាន Helong អាច​ផ្ទុក​ទស្សនកិច្ច​បាន​ចំនួន​៥៥០០០​នាក់ ប៉ុន្តែ​អាជ្ញាធរ​ចិន នឹង​អនុញ្ញាត​ឲ្យ​ទស្សនិកជន​ចូលរួម​ទស្សនា​តែ​៣១០០០​នាក់​ប៉ុណ្ណោះ ដើម្បី​ងាយស្រួល​រក្សា​សន្តិសុខ​។ បន្ថែម​លើ​នេះ អាជ្ញាធរ​ចិន នឹង​ពង្រាយ​ប៉ូលិស​១​ម៉ឺន​នាក់​ក្នុង​កីឡដ្ឋាន ដើម្បី​ការពារ​ការប៉ះទង្គិច​ជាយថាហេតុ​ណាមួយ​រវាង​អ្នកគាំទ្រ​ក្រុម​ជម្រើសជាតិ​ទាំង​២ ។​

​ក្នុងការ​ប្រកួត​វគ្គ​ជម្រុះ​លើក​នេះ អ្នកគាំទ្រ​ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង ទទួលបាន​កៅអី​តែ​២៥០​ប៉ុណ្ណោះ ហើយ​ប៉ូលិស​នៅក្បែរ​ពួកគេ​ដើម្បី​ការពារ​សុវត្ថិភាព​។ ការពង្រឹង​សុវត្ថិភាព​នេះ ធ្វើឡើង ក៏​ព្រោះតែ​ធ្លាប់មាន​ហេតុការណ៍​មិនល្អ​កើតឡើង​រួចទៅហើយ​។ កាលពី​ឆ្នាំ​២០០៤ ជនជាតិ​កូរ៉េខាងត្បូង​ម្នាក់​រងរបួស បន្ទាប់ពី​ត្រូវ​អ្នកគាំទ្រ​ចិន​គប់​មួយ​ដប​ទឹក​សុទ្ធ អំឡុងពេល​ការប្រកួត​ជម្រុះ​កីឡា​អូឡាំពិក​ក្នុង​កីឡដ្ឋាន Helong ដដែល​នេះ​។​

​ការពង្រាយ​កម្លាំង​សន្តិសុខ​ច្រើនសន្ធឹក​សន្ធាប់​បែបនេះ ក៏​បណ្ដាលមកពី​ការធ្លាក់ចុះ​ទំនាក់ទំនង​ការទូត​ទ្វេភាគី ដែល​មូលហេតុ​ចម្បង​គឺ​ការពង្រាយ​ប្រព័ន្ធ​ការពារ THAAD ។ ជាការ​សងសឹក​លើ​កូរ៉េខាងត្បូង​ដែល​ចចេស​ពង្រាយ​ប្រព័ន្ធ​ការពារ​នេះ ចិន ក៏បាន​ចេញ​វិធានការ​សងសឹក​វិញ​ដែរ ដោយបាន​ហាមឃាត់ និង​រឹតត្បិត​ដំណើរ​ទេសចរណ៍​របស់​ជនជាតិ​កូរ៉េខាងត្បូង​លើទឹក​ដី​ចិន និង​ថែមទាំង​បិទ​អាជីវកម្ម​របស់​ក្រុមហ៊ុន​កូរ៉េខាងត្បូង​ទៀតផង​៕


Tag:
 បាល់ទាត់​
  ចិន​
  កូរ៉េខាងត្បូង​
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com