ជាតិ
បើកបរ​មិន​ពាក់មួក ឬ​ខ្សែក្រវ៉ាត់​សុវត្ថិភាព និង​ប្រើប្រាស់​ទូរ​សព្ទ​គ្មាន​ឧបករណ៍​ភ្ជាប់​សំឡេង ត្រូវ​រង​ពិន័យ​
24, Mar 2017 , 8:19 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អ្នកបើកបរ​យានយន្ត​ត្រូវ​រង​ពិន័យ​ប្រាក់​ពី ១​ម៉ឺន​៥​ពាន់ ដល់​៥​ម៉ឺន​រៀល ប្រសិនបើ​ពួកគេ​មិនបាន​មិន​ពាក់មួក ឬ​ខ្សែក្រវ៉ាត់​សុវត្ថិភាព និង​ប្រើប្រាស់​ទូរ​សព្ទ​គ្មាន​ឧបករណ៍​សម្លេង​ភ្ជាប់​ទំនាក់ទំនង នៅពេល​បើកបរ​យានយន្ត​។ នេះ​បើតាម​មាត្រា​៦ នៃ​អនុក្រឹត្យ​ស្តីពី ការពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ស្តីពី ចរាចរណ៍​ផ្លូវគោក​។​



​រដ្ឋាភិបាល​បាន​បង្គាប់​សមត្ថកិច្ច​អនុវត្ត​ច្បាប់​តាម​អនុក្រឹត្យ​ស្តីពី​ការពិន័យ​អន្តរការណ៍​ថ្មី​ឲ្យ​ពិន័យ​ចំពោះ​អ្នកបើកបរ​ទោចក្រយានយន្ត ឬ​ទោចក្រយានយន្ត​សណ្តោង​រ៉ឺម៉ក ឬ​ត្រីចក្រយានយន្ត​ទឹកប្រាក់​ចំនួន ១៥០០០ (​មួយ​ម៉ឺន​ប្រាំ​ពាន់​)​រៀល​, អ្នកបើកបរ​យានយន្ត​ធុន​ស្រាល​ចំនួន ២៥០០០ (​ពីរម៉ឺន​ប្រាំ​ពាន់​) រៀល និង​អ្នកបើកបរ​យានយន្ត​ធុន​ធ្ងន់​ចំនួន ៥ ០០០០ (​ប្រាំ​ម៉ឺន​) រៀល​។​

​ក្រៅ​ករណី​ល្មើស​ខាងលើ សមត្ថកិច្ច​នឹង​ពិន័យ​អ្នកបើកបរ​យានយន្ត​ចំនួន​ទឹកប្រាក់​ដូចគ្នា ក្នុងករណី​ពួកគេ បើកបរ​ល្មើស រួមមាន អ្នកបើកបរ​ទោចក្រយានយន្ត និង​អ្នករួមដំណើរ​ព្រមទាំង​កុមារ​ដែលមាន​អាយុ​ពី ៣ (​បី​) ឆ្នាំ​ឡើងទៅ​មិន​ពាក់មួក​សុវត្ថិភាព ឬ​ពាក់មួក​សុវត្ថិ​ភាពមិន​ត្រឹមត្រូវ​តាម​ស្តង់ដា​ជាតិ ឬ​ពាល់​មួក សុវត្ថិភាព​ដោយ​មិន​ដាក់​គន្លឹះ​ខ្សែ​សុវត្ថិភាព​។ ត្រង់ចំណុច​នេះ អនុក្រឹត្យ​បញ្ជាក់ថា​៖«​ការពិន័យ​អន្តរការណ៍​ករណី​ល្មើស​នេះ ត្រូវ​គិត​តាម​ចំនួន​អ្នកប្រព្រឹត្ត​ល្មើស​លើកលែង​កុមារ​»​។​

​បន្ថែម​លើសពីនេះ សមត្ថកិច្ច​នឹង​អ្នកបើកបរ​ត្រីចក្រយានយន្ត ឬ​អ្នកបើកបរ​ទោចក្រយានយន្ត​សណ្តោង​រ៉ឺម៉ក​មិន​ពាក់មួក​សុវត្ថិភាព ឬ​មិន​ពាក់មួក​សុវត្ថិ​ភាពមិន​ត្រឹមត្រូវ​តាម​ស្តង់ដា​ជាតិ ឬ​ពាក់មួក​សុវត្ថិភាព​ដោយ​មិន​ដាក់​គន្លឹះ​ខ្សែ​សុវត្ថិភាព​ផង​។​

​តាម​មាត្រា​៦ នៃ​អនុក្រឹត្យ អ្នកបើកបរ​នឹងរង​ការពិន័យ​ចំនួន​ទឹកប្រាក់​ដូចគ្នា​ក្នុងករណី​ផ្សេងទៀត រួមមាន អ្នកបើកបរ​យានយន្ត​មិនបាន​ភ្ជាប់​តាម​ខ្លួន​នូវ​ឯកសារ​ដើម បណ្ណ​បើកបរ​យានយន្ត វិញ្ញាបនបត្រ​ត្រួតពិនិត្យ លក្ខណៈ​បច្ចេកទេស​យានយន្ត និង​លិខិតអនុញ្ញាត​ធ្វើ​អាជីវកម្ម​ចំពោះ​រថយន្ត​ដែល​ប្រកប​អាជីវកម្ម​ដឹកជញ្ជូន​, អ្នកបើកប​រថយន្ត​គ្រប់​ប្រភេទ ឬ​អ្នករួមដំណើរ​ជិះ​កៅអី​មុខ​រថយន្ត​មិន​ពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព​, អ្នកបើកបរ​យានយន្ត​ឈប់ ឬ​ចត​ល្មើស​នឹង​មាត្រា ២៣ នៃ​ច្បាប់​ស្តីពី ចរាចរណ៍​ផ្លូវគោក​, អ្នកបើកបរ​យានយន្ត​ដែល​កុង​ទ័​រ​ល្បឿន​មិន​ដំណើរការ​, អ្នកបើកបរ​យានយន្ត​ប្រើប្រាស់​ទូរ​សព្ទ​គ្មាន​ឧបករណ៍​សម្លេង​ភ្ជាប់​ទំនាក់ទំនង នៅពេល​កំពុង​បើកបរ​, អ្នកបើកបរ​យានយន្ត​ប្រើ​សញ្ញា​សូរសព្ទ​មិន​ត្រឹម ត្រូវ​តាម​បទបញ្ញត្តិ​ច្បាប់​, អ្នកបើកបរ​យានយន្ត​ដឹក​អ្នកដំណើរ​លើស​ចំណុះ​ល្មើ​សនឹង​ចំណុច​ទី​៨ មាត្រា ៨ និង​ចំណុច ទី​៦ មាត្រា ៥៦ និង​អំពើ​ល្មើស​ចំណុច​ទី​៨ មាត្រា​៨ នៃ​ច្បាប់​ស្តីពី ចរាចរណ៍​ផ្លូវគោក លើកលែង​ករណី​ដឹក​អ្នកជំងឺ​។​

​អនុក្រឹត្យ​ចុះ​នៅ​ថ្ងៃទី​២១ មីនា​នេះ បាន​បន្ត​បញ្ជាក់ថា ឪពុកម្តាយ ឬ​អាណាព្យាបាល ត្រូវ​បង់ប្រាក់​ពិន័យ​អន្តរការណ៍ ប្រសិនបើ​អនីតិជន​មាន​អាយុ ក្រោម ១៥​ឆ្នាំ បាន​ប្រព្រឹត្តល្មើស​នឹង​អនុក្រឹត្យ​។ តាម​អនុក្រឹត្យ​ដដែល បុគ្គល​ដែល​មិន​សុខ​ចិត្តនឹង​សេចក្តីសម្រេច​របស់​មន្ត្រី​មាន​សមត្ថកិច្ច​ពេល​អនុវត្ត​ច្បាប់ មាន​សិទ្ធិ​ប្តឹងតវ៉ា​ទៅ​ប្រធាន​អង្គភាព​ដែល​គ្រប់គ្រង​មន្ត្រី​អនុវត្ត​នោះ​ផ្ទាល់​នៅ​ទូទាំងប្រទេស រយៈពេល ៣០​ថ្ងៃ​យ៉ាងយូរ គិតពី​ថ្ងៃ​ទទួល​បង្កាន់ដៃ​ពិន័យ​អន្តរការណ៍​៕


Tag:
 ច្បាប់​
  ចរាចរណ៍​
  មហាផ្ទៃ​
  សាធារណការ
© រក្សាសិទ្ធិដោយ thmeythmey.com