សង្គមជាតិ
មន្ត្រីរាជការ៖ អ្នកធ្វើការរាល់ថ្ងៃ អន់ចិត្តនឹងអ្នកមិនទៅធ្វើការរាល់ថ្ងៃ ហើយបើកប្រាក់ខែ!
× រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រឹងដំឡើងប្រាក់ខែជូនមន្ត្រីរាជការកាន់តែច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។ ប៉ុន្តែមន្ត្រីខ្លះ មិនជួយអាណិតរាជរដ្ឋាភិបាលទេ បែរជាពួកគេបន្តបើកប្រាក់ខែរបស់រដ្ឋ ហើយមិនសូវទៅធ្វើការទៅវិញ។
ខ្ញុំបាទបានសង្កេតឃើញករណីនេះកើតឡើងច្រើនណាស់នៅតាមក្រសួងមួយចំនួននៅក្នុងប្រទេសកម្ពុជា។ ពេលខ្ញុំលឺ និងដឹងរឿងនេះ ខ្ញុំអាណិតរដ្ឋាភិបាលខ្លាំងណាស់ ព្រោះ រដ្ឋាភិបាលប្រឹងរកលុយ មកដំឡើងប្រាក់ខែជូនមន្ត្រី តែមន្ត្រីបែរជាមិនសូវធ្វើការជូនរដ្ឋវិញសោះ។ ប្រសិនបើជានៅក្នុងក្រុមហ៊ុនវិញ មន្ត្រីប្រភេទនេះ ត្រូវបានគេដេញចេញបាត់ហើយ។
នៅក្នុងរឿងនេះ ខ្ញុំគិតថា រដ្ឋាភិបាលខាតច្រើនណាស់។ ខាតទាំងប្រាក់ ខាតទាំងប្រសិទ្ធិភាពការងារ និងបង្កការច្រណែនគ្នានៅក្នុងក្រុមការងារទៀតផង។ ខ្ញុំបានលឺមន្ត្រីម្នាក់និយាយថា«ខ្ញុំមិនសប្បាយចិត្តទេ ព្រោះខ្ញុំមកធ្វើការរាល់ថ្ងៃ រីឯអ្នកផ្សេងទៀត មិនសូវមករាល់ថ្ងៃទេ។ មកឈប់ៗ។ តែបើកប្រាក់ខែដូចគេដូចឯងដែរ»។
នៅក្នុងសាច់រឿងមន្ត្រីស៊ីប្រាក់ខែ ហើយមិនទៅធ្វើការគ្រប់ម៉ោងនោះ ខ្ញុំគិតថា ប្រធានស្ថាប័នត្រូវតែដាក់ទណ្ឌកម្មឲ្យតឹងរ៉ឹងចំពោះបុគ្គលគេចវេះ ព្រោះ ប្រាក់ខែមន្ត្រីឥឡូវនេះ ច្រើនគួរសមដែរ។ ប្រសិនបើស្ថាប័នមិនអាចដោះស្រាយរឿងនេះបានទេ នោះជម្លោះនឹងកើតឡើងរវាងមន្ត្រី និងមន្ត្រី ហើយប្រសិទ្ធិភាពការងារនឹងគ្មានទាល់តែសោះ។ តើពេលណាទើបប្រធានស្ថាប័ននីមួយៗហ៊ានកាត់សាច់ស្អុយនោះចោល?
លិខិតមិត្តអ្នកអាន
ទេព បុរី អ្នកភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com