អន្តរជាតិ
មេទ័ព​ណា​តូ ចង់បាន​អាវុធ​និង​កម្លាំង​ទ័ព​បន្ថែម​ដើម្បី​ទប់ទល់​រុស្ស៊ី​
24, Mar 2017 , 5:00 pm        
រូបភាព
មេបញ្ជាការកំពូលកម្លាំងទ័ពសម្ព័ន្ធយោធាណាតូ ឧត្តមសេនីយ៍ផ្កាយ៤ Curtis M. Scaparrotti (រូបថត AP)
មេបញ្ជាការកំពូលកម្លាំងទ័ពសម្ព័ន្ធយោធាណាតូ ឧត្តមសេនីយ៍ផ្កាយ៤ Curtis M. Scaparrotti (រូបថត AP)
​នា​រយៈពេល​ចុងក្រោយ សម្ព័ន្ធ​យោធា​ណា​តូ បាន​ពង្រាយ​កងទ័ព និង​អាវុធយុទ្ធភណ្ឌ​ជាច្រើន​ទៅកាន់​រដ្ឋ​ជាប់​ព្រំដែន​រុស្ស៊ី ជាការ​ឆ្លើយតប​សកម្ម​ភាព​គំរាម​កំហែងរបស់​រុស្ស៊ី ដែល​បាន​ពង្រាយ​យោធា​ជាច្រើន​ដូចគ្នា​។ យ៉ាងណាក្ដី មេបញ្ជាការ​ជាន់ខ្ពស់​ក​ង​កម្លាំង​សម្ព័ន្ធ​យោធា​ណា​តូ ឧ​ត្ត​ម​សេនីយ៍ Curtis M. Scaparrotti ស្នើ​ឲ្យ​បង្កើន​វត្តមាន​ទ័ព និង​សព្វាវុធ​គ្រប់​ប្រភេទ​ឲ្យ​បាន​ច្រើន​ថែមទៀត ដើម្បី​ទប់ទល់​សកម្មភាព​រប​ស់​រុស្ស៊ី​។



​មេទ័ព​កំពូល​ណា​តូ ឧ​ត្ត​ម​សេនីយ៍ Curtis M. Scaparrotti ស្នើ​ឲ្យ​មានការ​បង្កើន​វត្តមាន​យោធា​នៅ​តំបន់​អឺរ៉ុប ដើម្បី​ឆ្លើយតប​សកម្មភាព​យោធា​របស់​រុស្ស៊ី នៅតាម​បណ្ដោយ​ព្រំដែន​ជាមួយ​អឺរ៉ុប​។ លោក Scaparrotti បាន​ប្រាប់​សមាជិក​ព្រឹទ្ធសភា​អាមេរិក​នៅ​ថ្ងៃទី​២៣ ខែមីនា ថា បំណង​របស់​រុស្ស៊ី​ដែល​ពង្រាយ​ទ័ព​តាម​ព្រំដែន​ជាមួយ​រដ្ឋ​អឺរ៉ុប គឺ​ចង់​បំបែកបំបាក់​សម្ព័ន្ធ​យោធ​ណា​តូ ដែល​ចាំបាច់​ត្រូវ​ចាត់វិធានការ​ឲ្យ​បាន​ឆាប់​។

​លោក​ឧ​ត្ត​ម​សេនីយ៍ Scaparrotti ស្នើ​ដូចនេះ​ក្នុង​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិការ​យោធា​របស់​ព្រឹទ្ធសភា​អាមេរិក ជុំវិញ​នយោបាយ​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ចំពោះ​សកម្មភាព​យោធា​របស់​រុស្ស៊ី​។ លោក​និយាយថា ណា​តូ​ត្រូវការ​កងទ័ព​បន្ថែម ក៏ដូចជា​យុទ្ធោបករណ៍​ទំនើបៗ​ដូចជា​យន្តហោះ កប៉ាល់ចម្បាំង គ្រាប់រំសេវ និង​ក្រុម​នាវា​ដឹក​យន្តហោះ ដើម្បី​បង្កើន​សមត្ថភាព​ការពារ​របស់​កម្លាំង​សម្ព័ន្ធមិត្ត​ក្នុងការ​ទប់ទល់​រុស្ស៊ី​។​

​បើតាម​គេហទំព័រ Military.com ឧ​ត្ត​ម​សេនីយ៍ Scaparrotti ដែលជា​មេបញ្ជាការ​កងទ័ព​អាមេរិក​ប្រចាំ​ទ្វីបអឺរ៉ុប​ដែរនោះ ក៏​ស្នើ​ឲ្យ​មានការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួងការបរទេស​ផងដែរ ខណៈដែល​ក្រសួង​នេះ ត្រូវបាន​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ កាត់បន្ថយ​ប្រាក់​ចំណាយ​ប្រចាំឆ្នាំ​ចំនួន​២៨​ភាគរយ​ឯណោះ​។ លោក​ពន្យល់ថា ការងារ​របស់លោក ត្រូវ​ពឹងផ្អែក​ជាមួយ​ស្ថាប័ន​ផ្សេងៗ​របស់​ប្រទេស ហើយ​វាក៍​ជា​អ្វីដែល​បញ្ជាការ​អាមេរិក​នៅ​អឺរ៉ុប និង​ក្រសួងការបរទេស ធ្លាប់ធ្វើ​រហូតមក​ដែរ​។​

​ទន្ទឹមគ្នានេះ មេបញ្ជាការ​ទ័ព​ណា​តូ​ខាងលើ ក៏​និយាយ​បញ្ឆិតបញ្ឆៀង​ឲ្យ​នយោបាយ​ងាក​មក​តំបន់​អាស៊ី​របស់​អតីត​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ទៀតផង​។ លោក​បញ្ជាក់ថា នយោបាយ​ងាក​មក​តំបន់​អាស៊ី​នេះ ធ្វើ​ឲ្យ​រអាក់រអួល​ដល់​ការបង្កើន​ចំនួន​ទ័ព​អាមេរិក​នៅ​អឺរ៉ុប ដើម្បី​ត្រៀម​ទប់ទល់​រុស្ស៊ី​។ លោក​បន្តថា នយោបាយ​នេះ បូករួម​ទាំង​ការកាត់បន្ថយ​ថវិកា​ប្រចាំឆ្នាំ​២០១១ បានធ្វើ​ឲ្យ​កម្លាំង​ទ័ព​អាមេរិក​ទាំង​ជើងគោក និង​ជើង​អាកាស ធ្លាក់ចុះ​គួរ​ឲ្យ​កត់សម្គាល់​។​

​ប៉ុន្មាន​ខែ​នេះ អាមេរិក និង​សម្ព័ន្ធមិត្ត​របស់ខ្លួន បាន​ពង្រាយ​កងទ័ព​ចំនួន​៤​ពាន់​នាក់ ទៅកាន់​រដ្ឋ​ជាប់​រុស្ស៊ី​ចាប់ពី​អឺរ៉ុប​ខាងកើត ដល់​តំបន់​បាល់​ទិ​ក​ដូចជា​ប៉ូឡូញ និង​អេ​ស្តូ​នី​ជាដើម​។ ប៉ុន្តែ​មេបញ្ជាការ​កំពូល​ណា​តូ Scaparrotti ព្រមាន​ថា កងកម្លាំង​ទាំងអស់ ត្រូវតែមាន​ធនធាន​សម្ភារ​ឲ្យ​ពេញលេញ​។ បើ​មិន​ដូច្នេះ កងកម្លាំង​ទ័ព​អចិន្ត្រៃយ៍​របស់​ទីបញ្ជាការ​អាមេរិក​នៅ​អឺរ៉ុប មិនអាច​ទប់ទល់​យោធា​រុស្ស៊ី​បានឡើយ​នា​ថ្ងៃ​អនាគត​៕  


Tag:
 NATO
  រុស្ស៊ី​
  អាមេរិក​
  Curtis M. Scaparrotti
© រក្សាសិទ្ធិដោយ thmeythmey.com