ជាតិ
ការសង្គ្រោះ​ដំរី​១១​ក្បាល​ជា​គំរូ​មនុស្សធម៌​ដែល​ត្រូវតែ​ធ្វើ​ចំពោះ​សត្វ​ទាំងអស់​!
26, Mar 2017 , 12:06 pm        
រូបភាព
សកម្មភាព​ជួយ​សត្វដំរីឲ្យឡើងគោកវិញ។ រូបថត ក្រសួងបរិស្ថាន
សកម្មភាព​ជួយ​សត្វដំរីឲ្យឡើងគោកវិញ។ រូបថត ក្រសួងបរិស្ថាន
​ដំរីព្រៃ​មួយ​ហ្វូង​ទាំង​មេ និង​កូន​១១​ក្បាល បាន​រួចផុតជីវិត​ពីរ​ណ្តៅ​ភក់​ជម្រៅ​៣​ម៉ែត្រ ក្រោយ​ការជួយ​សង្គ្រោះ​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​អាជ្ញាធរ អ្នកជំនាញ និង​ពលរដ្ឋ​នៅ​ខេត្តមណ្ឌលគិរី​។ អ្នក​ជួយ​សង្គ្រោះបាន​ប្រើពេល​ប្រមាណ​៥​ម៉ោង កាលពី​ថ្ងៃទី​២៥ ខែមីនា ដើម្បី​ឲ្យ​ដំរី​ទាំងនោះ អាច​ឡើងគោក និង​រត់​ចូល​ព្រៃ​វិញ​។ សេចក្តីរាយការណ៍​មួយចំនួន បាន​អះអាងថា ពួកវា បាន​ធ្លាក់​ក្នុង​រណ្តៅ​ដែល​បន្សល់​ដោយ​ការទម្លាក់​គ្រាប់បែក​អាមេរិក​នា​អំឡុង​សង្គ្រាម​វៀតណាម អស់​រយៈពេល​ប្រមាណ​៤​ថ្ងៃ​មកហើយ​។​



​ក្រសួងបរិស្ថាន តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន បាន​បង្ហោះ​រូបភាព​វីដេអូ ពី​សកម្មភាព​ជួយសង្គ្រោះ​សត្វ​ដំរី​ទាំង​១១​ក្បាល​។ តាម​សំឡេង​ក្នុង​វីដេអូ​នោះ សត្វ​ដំរី​ដែល​នៅ​ប្រមូលផ្តុំ​គ្នា​ក្នុងស្ថានភាព​ដ៏​កម្សត់ ហាក់ដូចជា​ស្រែក​សុំ​ជំនួយ​ពី​មនុស្ស​។

​ការស្រែក​ដង្ហោយ​របស់​សត្វ​ដំរី មិនបាន​ធ្វើ​ឲ្យ​មនុស្ស​ដែលមាន​បេះដូង​នៅ​ស្ងៀម​ឡើយ​។ អាជ្ញាធរ ប្រជាពលរដ្ឋ រួមទាំង​អ្នកជំនាញ បាន​ដុតដៃដុតជើង​នាំគ្នា​រក​វិធីសាស្ត្រ​សង្គ្រោះ​សត្វព្រៃ​មួយ​ហ្វូង​នេះ ទៅតាម​លទ្ធភាព​របស់​ខ្លួន ពីព្រោះថា ទីតាំង​គ្រោះថ្នាក់​ស្ថិតនៅ​ឆ្ងាយ​ពី​ទីប្រជុំ ដោយ​ពួកគេ​មិន​សម្ភារ​គ្រប់គ្រាន់​ដើម្បី​ជា​ជំនួយ​នោះឡើយ​។ ទីបំផុត ដំរី អាចមាន​លទ្ធភាព​ឡើងគោក​ពីមួយ​ក្បាល​ទៅមួយ​ក្បាល ហើយ​រត់​សំដៅ​ទៅកាន់​ព្រៃ​ដែលជា​លំនៅដ្ឋាន​ដ៏​សុខ​ស្ងប់​របស់ខ្លួន​វិញ​។

​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក សាយ សំ​អាល់ បាន​អរគុណ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដែល​ជួយ​ជ្រោមជ្រែង ជួយសង្គ្រោះ​សត្វ​ដំរីព្រៃ ឲ្យ​មាន​សុវត្ថិភាព​ឡើងវិញ​។ លោក សាយ សំ​អាល់ មានប្រសាសន៍ថា​៖ «​ខ្ញុំ​សូម​យក​ឱកាស​នេះ​សម្តែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​គណៈ​អភិបាលខេត្ត ថ្នាក់ដឹកនាំ​និង​មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត និង​ដែនជម្រកសត្វព្រៃ​កែវ​សីមា កងកម្លាំង​នៃ​កងរាជអាវុធហត្ថ មន្ត្រី​អង្គការ​ពាក់ព័ន្ធ និង​ប្រជា​សហគមន៍​មូលដ្ឋាន ដែល​បាន​សហការគ្នា​ក្នុងការ​ខិតខំ​ជួយសង្គ្រោះ​សត្វ​ដំរីព្រៃ​ចំនួន ១១​ក្បាល ដែល​ធ្លាក់​ក្នុង​រណ្តៅ រហូត​ទទួលបាន​ជោគជ័យ​»​។​


​លោក សាយ សំ​អាល់ បន្ថែមថា កិច្ចប្រតិបត្តិការ​ជួយ​សង្គ្រោះ​សត្វ​ដំរី​នេះ​គឺជា​កាយវិការ​ដ៏​ប្រពៃ ដែល​ឆ្លុះបញ្ចាំង​យ៉ាងច្បាស់​នូវ​ទឹកចិត្ត​ស្រលាញ់​សត្វព្រៃ​របស់​មន្ត្រី​មាន​សមត្ថកិច្ច អ្នក​ប​ចេ្ច​ក​ទេស​ជាតិ​និង​អន្តរជាតិ និង​ប្រជា​សហគមន៍​មូលដ្ឋាន​។ ម្យ៉ាងទៀត ដោយសារ​ទីតាំង​កើតហេតុ​ស្ថិតនៅ​ឆ្ងាយ​ពី​ទី​រួម​ខេត្ត និង​ដាច់​ស្រ​យោល ធ្វើ​ឲ្យ​ក្រុមការងារ​ពិបាក​ក្នុងការ​ជួយសង្គ្រោះ និង​ចំណាយពេល ប្រមាណ ៥​ម៉ោង ដើម្បី​ជួយសង្គ្រោះ​សត្វ​ដំរី​ទាំងនោះ​។​

​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បន្តទៀតថា​៖ «​ខ្ញុំ​សូម​ធ្វើការ​អំពាវនាវ​ដល់​អ្ន​ក​ពាក់ព័ន្ធ​ទាំងអស់​ឱ្យ​បន្ត​ចូលរួម​កាន់តែ​សកម្ម​បន្ថែមទៀត​ក្នុង​យុទ្ធនា​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ ជាពិសេស​ព្រៃឈើ និង​សត្វព្រៃ ដែលជា​បេ​តិក​ភ័​ណ្ឌ​ធម្មជាតិ​ដ៏​មានតម្លៃ​បន្សល់ទុក​ដោយ​ដូនតា​របស់​យើង ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គមជាតិ​យើង​នាពេល​បច្ចុប្បន្ន ក៏ដូចជា​អនាគត​»​។​

​ជាមួយគ្នានេះ រណ្ដៅ​ជម្រៅ ៣​ម៉ែត្រ ដែល​សល់​ពី​សង្គ្រាម​នេះ មិនបាន​ធ្វើការ​លុបចោល​នោះទេ​។ បើតាម លោក ហៀក សុផាន នាយក​រដ្ឋបាល​សាលាខេត្ត​មណ្ឌលគិរី ប្រាប់​ឲ្យ​ដឹងថា រណ្ដៅ​ជម្រៅ ៣​ម៉ែត្រ​សល់​ពី​សង្គ្រាម​នោះ គឺជា​រណ្ដៅ​របស់​ប្រជាពលរដ្ឋ​នា​តំបន់​នោះ​ជីក​បន្ថែម សម្រាប់​យក​ទឹក​ប្រើប្រាស់​។ ប៉ុន្តែ​ដោយសារតែ​រដូវប្រាំង រណ្ដៅ​នោះ​រីង​ទឹក ធ្វើ​ឲ្យ​មាន​ភក់​។ មន្ត្រី​ជំនាញ​ខេត្តមណ្ឌលគិរី បញ្ជាក់ថា ខាង​អាជ្ញាធរ​មិនមាន​គម្រោង​លុបរណ្ដៅ​នោះ​ចោល​ទេ ព្រោះ​រណ្ដៅ​ដែល​សល់​ពី​សង្គ្រាម មិនមែន​មានតែ​រណ្ដៅ​នេះ​មួយ​ទេ នៅមាន​រណ្ដៅ​ច្រើន ដែល​បាន​បន្សល់ទុក នៅក្នុង​ព្រៃ​នា​ខេត្តមណ្ឌលគិរី​នេះ​។​

​គួរ​បញ្ជាក់ថា ដំរីព្រៃ​មួយ​ហ្វូង​ទាំង​កូន​និង​មេ ប្រមាណ ១១​ក្បាល  បាន​ធ្លាក់​ក្នុង​រណ្ដៅ​ជម្រៅ ៣​ម៉ែត្រ នៅក្នុង​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។ ដំរីព្រៃ​ទាំងនោះ បាន​ដើរ​រកស៊ី ហើយក៏​ធ្លាក់​ទៅក្នុង​រណ្តៅ នៅ​ម៉ោង​ប្រហែល​១១​ព្រឹក នា​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៧​នេះ​។ រហូតមកដល់​ម៉ោង​ប្រហែល ៣ រសៀល ទើប​មន្ត្រី​ឧ​ទ្យា​នុ​រក្ស រួមទាំង​ភាគី​ពាក់ព័ន្ធ​ជួយសង្គ្រោះ និង​ដោះលែង​ដំរីព្រៃ​ទាំងនោះ​ចូលទៅក្នុង​ព្រៃ​វិញ​៕


© រក្សាសិទ្ធិដោយ thmeythmey.com