អន្តរជាតិ
កូរ៉េខាងជើង គំរាមវាយប្រហារអាមេរិក និងកូរ៉េខាងត្បូងដោយមិនប្រាប់មុន
× កងទ័ពកូរ៉េខាងជើង នៅថ្ងៃទី២៦ ខែមីនា បានប្រកាសជាសាធារណៈថា ខ្លួននឹងបើកការវាយប្រហារដោយមិនចាំបាច់ប្រាប់មុន លើសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ខណៈប្រទេសទាំងពីរនេះកំពុងអនុវត្តលំហាត់កម្ទេចក្បាលម៉ាស៊ីនដឹកនាំកូរ៉េខាងជើងក្នុងសមយុទ្ធរួមគ្នាមួយ។ សមយុទ្ធដ៏ធំនេះ ចូលរួមដោយកម្លាំងពិសេសអាមេរិកជាច្រើនក្រុម ដែលហ្វឹកហាត់វាយប្រហារលើថ្នាក់ដឹកនាំកូរ៉េខាងជើង ក្នុងករណីផ្ទុះសង្គ្រាមឡើងមែន។
ខណៈដែលសមយុទ្ធរួមគ្នាដ៏ធំរវាងអាមេរិក និងកូរ៉េខាងត្បូង កំពុងធ្វើឡើងនោះ កូរ៉េខាងជើងឯណោះនៅមិនសុខឡើយដោយបានគំរាមវាយបកវិញ បើសមយុទ្ធរួមគ្នាអាមេរិក និងកូរ៉េខាងត្បូង ហ៊ានបំពានអធិបតេយ្យរបស់ខ្លួនតែបន្តិច។ កូរ៉េខាងជើង ក៏ព្រមានវាយប្រហារដោយមិនប្រាប់មុនលើអាមេរិក និងកូរ៉េខាងត្បូងផងដែរ។ នេះក៏ព្រោះតែសមយុទ្ធរួមគ្នាលើកនេះ ក៏មានវត្តមានកម្លាំងប្រតិបត្តិការពិសេសរបស់អាមេរិកជាច្រើន ដែលធ្វើលំហាត់កម្ទេចក្បាលម៉ាស៊ីនក្រុងព្យុងយ៉ាងតែម្ដង។
ជាការឆ្លើយតបនឹងសមយុទ្ធប៉ងសម្លាប់មេដឹកនាំរបស់ខ្លួន កងទ័ពកូរ៉េខាងជើង ក៏ចេញមកប្រកាសថា ខ្លួនត្រៀមរួចរាល់ហើយដើម្បីរារាំងការប៉ុនប៉ងវាយប្រហារមកលើមេដឹកនាំរបស់ខ្លួនមានលោក គីម ជុងអ៊ុន ជាដើម។ កូរ៉េខាងជើង ព្រមានដែរថា កងទ័ពរំដោះប្រជាជន នឹងមិនលើកលែងឲ្យបំណងអាក្រក់ណាមួយឡើយ ហើយខ្លួននឹងបើកប្រតិបត្តិការវាយប្រហារមិនដឹងមុនលើបច្ចាមិត្ត គឺអាមេរិក និងកូរ៉េខាងត្បូង ជាអាយ៉ង។
បើតាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង Yonhap កងកម្លាំងពិសេសអាមេរិកដូចជា Navy SEAL Team 6, Army Rangers, Delta Force និង Green Berets កំពុងតែចូលរួមសមយុទ្ធរួមគ្នាប្រចាំឆ្នាំនៅឧបទ្វីបកូរ៉េ។ កងកម្លាំងទាំងនេះ ត្រូវបានហ្វឹកហ្វឺនជាពិសេស និងទទួលខុសត្រូវវាយប្រហារគោលដៅនៃថ្នាក់ដឹកនាំកំពូលរបស់របបកុម្មុយនីស្តកូរ៉េខាងជើង ក្នុងករណីសង្គ្រាមពិតជាផ្ទុះឡើងដោយចៀសមិនរួចមែននោះ។
សហរដ្ឋអាមេរិកក្រោមអាណត្តិលោក ដូណាល់ ត្រាំ ហាក់អស់ការអត់ធ្មត់នឹងទង្វើរបស់កូរ៉េខាងជើង បើទោះជារដ្ឋក្រីក្រនេះ រងទណ្ឌកម្មច្រើនហើយក្ដី។ ក្នុងពេលទៅទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង រដ្ឋន្ត្រីការបរទេសអាមេរិកលោក Rex Tillerson បានបង្ហើបថា ការប្រើប្រាស់កម្លាំងទ័ពស្ថិតនៅក្នុងការពិចារណាសម្រាប់ដោះស្រាយបញ្ហា។ វាជាលើកដំបូងបំផុតដែលអាមេរិកនិយាយដល់រឿងប្រើប្រាស់កងទ័ពនេះ ដ្បិតធម៌ត្រជាក់ពិតជាមិនអាចបង្ខំកូរ៉េខាងជើងបានឡើយ។
យ៉ាងណាមិញ កូរ៉េខាងជើង ដែលអះអាងថារងការគំរាមមិនឈប់ឈរពីសំណាក់អាមេរិក និងសម្ព័ន្ធមិត្តតំបន់អាស៊ី មិនខ្លាចការគំរាមរបស់អាមេរិកឡើយ ហើយកងទ័ពកូរ៉េខាងជើង ក៏ត្រៀមខ្លួនរួចរាល់ដែរដើម្បីវាយបកលើបច្ចាមិត្តទាំងឡាយ ដែលហ៊ានបំពានអធិបតេយ្យទៀតផង។ កូរ៉េខាងជើងក៏គំរាមវាយកម្ទេចអាមេរិក និងកូរ៉េខាងត្បូងឲ្យក្លាយជាផេះផង់ទៀតផង បើប្រទេសទាំងនេះហ៊ានវាយប្រហារខ្លួនមុននោះ៕
Tag:
កូរ៉េខាងជើង
កូរ៉េខាងត្បូង
អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com