កីឡាអន្តរជាតិ
អន្តរជាតិ
Hamilton រំពឹង​ឈ្នះ Vettel ដើម្បី​លើក​ពាន​ពិភពលោក F1
27, Mar 2017 , 4:07 pm        
រូបភាព
Lewis Hamilton អ្នក​ប្រណាំង​រថយន្ត​លំដាប់​ពិភពលោក Formula 1 ឬ F1 ជឿជាក់ថា​ខ្លួន​អាច​ផ្តួល​កីឡាករ Sebastian Vettel ដើម្បី​គ្រង​តំណែង​ជើងឯក​នៃ​ការប្រណាំង​រថយន្ត​លំដាប់​ពិភពលោក F1 នៅ​ឆ្នាំនេះ បើទោះបីជា​បរាជ័យ​វគ្គ​ប្រកួត​បើកឆាក​នៅ​ទីលាន Australian Grand Prix នៅ​ប្រទេស​អូស្ត្រាលី​ក៏ដោយ​។​



​ការប្រណាំង​រថយន្ត​លំដាប់​ពិភពលោក Formula 1 បានចាប់ផ្តើម​ការប្រកួត​បើកឆាក​ជើង​ទី​១​របស់ខ្លួន នៅក្នុង​ទីក្រុង​មែ​ល​ប៊​ន​ប្រទេស​អូស្ត្រាលី​។ កីឡាករ​របស់​ចក្រភព​អង់គ្លេស Lewis Hamilton ដែល​បើកបរ​ឲ្យ​ក្រុម MERCEDES ទទួលបាន​ចំណាត់ថ្នាក់​លេខ​២ ខណៈ Sebastian Vettel អ្នក​ប្រណាំង​រថយន្ត​សញ្ជាតិ​អាល្លឺម៉ង់ ដែល​បើកបរ​ឲ្យ​ក្រុម FERRARI បានទទួល​ចំណាត់ថ្នាក់​លេខ​១ នៅ​ថ្ងៃ​បើកឆាក​នៃ​ពាន Australian Grand Prix និង​ជា​វគ្គ​សន្សំ​ពិន្ទុ នា​ថ្ងៃទី ២៧ មីនា ឆ្នាំ​២០១៧​។​



​បើទោះជា​បរាជ័យ​ក្នុងការ​ប្រកួត​ជើង​ទី​១​នេះ​ក៏ដោយ Hamilton នៅតែ​ជឿជាក់ថា​រូបគេ​អាច​ប្រជែង​ឈ្នះ​ពាន​F1 នៅ​ឆ្នាំនេះ​ដដែល​។​«​វា​នឹង​ក្លាយជា​ការប្រកួត​ដ៏​ប្រកៀក​កិត​គ្នា​មួយ​។ ខ្ញុំ​ពិតជា​ជឿជាក់ថា​យើង​នឹង​អាច​ឈ្នះ​ពួកគេ ហើយ​វា​ពិតជា​អស្ចារ្យ​ណាស់​ដែល​បាន​ប្រកួតប្រជែង​ជាមួយ​ក្រុម Ferrari នេះ​។ នេះ​ជាការ​បញ្ចាក់​របស់​ម្ចាស់​ជើងឯក​F1 ៣​សម័យកាល Lewis Hamilton​។

​សម្រាប់​ការប្រកួត​ជើង​ទីមួយ Australian Grand Prix នេះ ម្ចាស់​ជើងឯក F1 ៤​ដង Vettel ទទួលបាន​ចំណាត់ថ្នាក់​១ មាន​២៥​ពិន្ទុ ខណៈ Hamilton លេខ​២​ទទួលបាន​១៨​ពិន្ទុ និង​លេខ​៣ កីឡាករ Valtteri Bottas បាន​១៥​ពិន្ទុ​។​



​ការប្រណាំង​រថយន្ត F1 ឬ​កាំជ្រួច​លើ​ផ្ទៃដី រដូវ​កាល​២០១៧​នេះ មាន​កីឡាករ​២០​រូប​ចូល​រូ​ម ដោយ​បើកបរ​ឲ្យ​ក្រុមហ៊ុន​រថយន្ត​១០​ប្រ​ភេ​ព​ផ្សេងគ្នា​។ ក្រុមហ៊ុន​ដែលមាន​រថយន្ត​ប្រណាំង​ទាំង​១០​រួមមាន​៖

​ក្រុមហ៊ុន Ferrari របស់​អ៊ីតាលី បើកបរ​ដោយ​កីឡាករ Sebastian Vettel និង Kimi Raikkonen
​ក្រុមហ៊ុន Mercedes របស់​អាលឺម៉ង់ បើកបរ​ដោយ​កីឡាករ Lewis Hamilton និង Valtteri Bottas
Red Bull Racing របស់​អូទ្រីស បើកបរ​ដោយ​កីឡាករ Max Verstappen  និង​Daniel Ricciardo
 Williams របស់​ចក្រភព​អង់គ្លេស បើកបរ​ដោយ​កីឡាករ Felipe Massa នឹង Lance Stroll
 Force India របស់​ឥណ្ឌា បើកបរ​ដោយ​កីឡាករ Sergio Perez និង Esteban Ocon
Toro Roso របស់​អ៊ីតាលី បើកបរ​ដោយ​កីឡាករ Carlos Sainz និង Daniil Kvyat
 Renault  របស់​បារាំង បើកបរ​ដោយ​កីឡាករ Nico Hulkenberg និង Jolyon Palmer
 Sauber  របស់​ស្វី​ស បើកបរ​ដោយ​កីឡាករ Antonio Giovinazzi និង Marcus Ericsson
McLaren Honda របស់​ចក្រភព​អង់គ្លេស បើកបរ​ដោយ​កីឡាករ Ferando Alonso និង Stoffel Vandoone
HAAS របស់​អាមេរិក បើកបរ​ដោយ​កីឡាករ Romain Grosjean និង Kevin Magnussen



​សម្រាប់​ទីលានប្រណាំង ធ្វើឡើង​ក្នុង​២០​ប្រទេស រួមមាន​៖

​ប្រទេស​អូស្ត្រាលី Australian Grand Prix, ប្រទេស​ចិន Chinese Grand Prix, ប្រទេស​បា​រ៉ែ​ន Bahrain Grand Prix, ប្រទេស​រុស្ស៊ី Russian Grand Prix, ប្រទេស​អេ​ស្ប៉ា​ញ Grand Premio de Espana Pirilli 2017, ប្រទេស​ម៉ូ​ណា​កូ Grand Prix De Monaco 2017, ប្រទេស​កាណាដា Grand Prix Du Canada 2017, ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់ Azerbaijan Grand Prix, ប្រទេស​អូទ្រីស Grosser Preis Von Osterreich 2017, ចក្រភព​អង់គ្លេស British Grand Prix, ប្រទេស​ហុង​គ្រី Pirelli Magyer Nagydij 2017, ប្រទេស​ប៊ែ​ល​ស្ស៊ិ​ក Belgian Grand Prix, ប្រទេស​អ៊ីតាលី Grand Premio Heineken d’Italia 2017, ប្រទេស​សិង្ហ​បុរី Singapore Grand Prix, ប្រទេស​ម៉ា​ឡ​ស៊ី Malaysia Grand Prix, ប្រទេស​ជប៉ុន Japanese Grand Prix, សហរដ្ឋអាមេរិក United States Grand Prix, ប្រទេស​មិ​ក​ស៊ី​ក Grand Premio De Mexico 2017, ប្រទេស​ប្រេ​ស៊ី​ល Grande Premio Do Brasil 2017 និង​ចុងក្រោយ ប្រទេស​អារ៉ាប់​រួម អេ​មី​រ៉ា​ត Abu Dhabi Grand Prix៕


Tag:
 ប្រណាំង​រថយន្ត​F1
  Hamilton
  Vettel
© រក្សាសិទ្ធិដោយ thmeythmey.com