អន្តរជាតិ
ជិត​ផុត​អាណត្តិ លោក ហូ​ឡង់​មក​សិង្ហ​បុរី​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​និង​សន្តិសុខ​
27, Mar 2017 , 10:19 pm        
រូបភាព
រូបភាព៖ The Straits Times
រូបភាព៖ The Straits Times
ដោយ: ថ្មីៗ
​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​របស់​បារាំង​លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់​កំពុង​បំពេញ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​សិង្ហ​បុរី មុន​បន្តដំណើរ​ទៅកាន់​ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី​ទៀត​។ ទស្សនកិច្ច​ចុងក្រោយ​ក្នុងនាម​ជា​ប្រមុខរដ្ឋ ប្រធានបទ​សំខាន់​របស់លោក ហូ​ឡង់ ដែល​ត្រូវ​យកមក​ជជែក​ជាមួយ​មេដឹកនាំ​ក្នុង​តំបន់​គឺ ពាណិជ្ជ និង ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ​។ ក្នុង​ទស្សនកិច្ច​នេះ​មេដឹកនាំ​បារាំង​ចង់​បញ្ជាក់ប្រាប់​មេដឹកនាំ​តំបន់​ថា ថ្វី​បរិបទ​នយោបាយ​បារាំង​នឹងត្រូវ​ប្រឈម​ភាពមិនច្បាស់លាស់​ដោយសា​រ​ការបោះឆ្នោត​កាន់តែ​កៀក​ក៏ដោយ ទំនាក់ទំនង​ទ្វេភាគី​រវាង​បារាំង​និង​ប្រទេស​តំបន់​មិន​ប៉ះពាល់​ឡើយ​។



​ប្រមុខរដ្ឋ​បារាំង​លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ បានចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​របស់​ខ្លួន​ជា​លើកចុងក្រោយ​មកកាន់​តំបន់​អាស៊ីអាគ្នេយ៍​នៅ​ថ្ងៃអាទិត្យ​ទី ២៦ មីនា​។ ប្រទេស​ចំនួន ៣ ដែល​មេដឹកនាំ​បារាំង​មក​បំពេញ​ទស្សនកិច្ច​នេះ​មាន​សិង្ហ​បុរី ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី​ផងដែរ​។

​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​នេះ ប្រធានាធិបតី​បារាំង ដែល​ជិត​ផុត​អាណត្តិ​បាន​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​សិង្ហ​បុរី​លោក Tony Tan Keng Yam និង​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​លោក លី ស៊ាន​ឡុង (Lee Hsien Loong) ដោយ​កិច្ចពិភាក្សា​ផ្តោត​សំខាន់​លើ​បញ្ហា​ជាច្រើន​ជាពិសេស​ពាណិជ្ជកម្ម​, ឧស្សាហកម្ម និង​យោធា​ជាដើម​ដែរ​។  មកដល់​អាស៊ី​លើកឡើង អ្នក​អមដំណើរ​លោក ហូ​ឡង់ មាន​រដ្ឋមន្ត្រី​ការពារជាតិ Jean-Yves Le Drian, រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​អភិវឌ្ឍ និង​ហ្វ្រ​ង់​កូ​ហ្វូ​នី Jean-Marie Le Guen រដ្ឋមន្ត្រី​ឧស្សាហកម្ម Christophe Sirugue​ផងដែរ​។​

 ក្រសួងការបរទេស​សិ​ង្ហ​បុរី​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ពាក់​ព័ន្ធដំណើរ​ទស្សនកិច្ច​របស់លោក ហូ​ឡង់​ផងដែរ ដោយ​សេចក្តីថ្លែងការណ៍​នោះ​បញ្ជាក់ថា ទស្សនកិច្ច​របស់​ប្រមុខរដ្ឋ​បារាំង​បញ្ជាក់​ពី​ទំនាក់ទំនង​ទ្វេភាគី​ផ្តោតលើ​វិស័យ​ជាច្រើន​និង​រឹងមាំ​រវាង​សិង្ហ​បុរី និង​បារាំង​។ វា​ផ្អែកលើ​គោលការណ៍​រួម​នៃ​សេចក្តីថ្លែងការណ៍​ស្តីពី​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ដែល​ភាគី​ទាំងពីរ​ចុះ​រួមគ្នា​កាលពី​ខែតុលា​ឆ្នាំ ២០១២​មក​នោះ​។

​ដៃគូ​យុទ្ធសាស្ត្រ​រវាង​បារាំង​និង​សិង្ហ​បុរី​ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ ២០១២ ដោយ​អតីត​នាយករដ្ឋមន្ត្រី​លោក Jean-Marc Ayrault  ជា​អ្នកចុះហត្ថលេខា​រួមជាមួយ​លោក លី សៀន​ឡុង​។ ដៃគូ​យុទ្ធសាស្ត្រ​នេះ​ផ្តោត​សំខាន់​លើ​ការបង្កើត​ទំនាក់ទំនង​ស៊ីជម្រៅ​លើ​វិស័យ​ពាណិជ្ជកម្ម​, វិនិយោគ​, បច្ចេកវិទ្យា​លំហ​អាកាស​និង​វិស័យ​ការពារជាតិ​ផងដែរ​។​

​ត្រឡប់មកវិញ ក្នុង​កម្មវិធី​លាង​សាយភោជន៍​ស្វាគមន៍​លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ រៀបចំឡើង​លោក Tony Tan Ke Yam លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ បាន​ថ្លែងប្រាប់​អ្នកកាសែត​ថា «​សិង្ហ​បុរី​មិន​ត្រឹមតែ​ជា​ដៃគូ​ពាណិជ្ជកម្ម​ឡើយ តែ​ជា​មិត្ត​ស្និទ្ធស្នាល​របស់​បារាំង​ថែមទៀត​»​។ លោក​សង្ឃឹមថា​ទំនាក់ទំនង​នេះ​នឹង​កាន់តែ​រឹងមាំ​ខ្លាំង ដែល​បង្កើតបានជា​ប្រយោជន៍​ច្រើន​ដល់​ភាគី​ទាំងពីរ​និង​ពិភពលោក​ទាំងមូល​ផងដែរ​។​

 តាមពិតទៅ សម្តី​របស់លោក ហូ​ឡង់ បរិយាកាស​ពិភពលោក​បច្ចុប្បន្ន​កាន់តែ​អាប់អួរ ស្រប​ពេលដែល​ចលនា​ប្រឆាំង​សាកលភាវូបនីយកម្ម​និង​ប្រឆាំង​សេរីភាវូបនីយកម្ម​នៃ​ពាណិជ្ជកម្ម​ក៏​កើនឡើង​យ៉ាង​ផុសផុល​ថែមទៀត​ជាពិសេស​នៅ​អឺរ៉ុប​តែម្តង​។ បារាំង​ខ្លួនឯង​នេះ​ក៏​កំពុង​ប្រឈម​បញ្ហា​ធំ​ដូចគ្នា ស្រប​ពេលដែល​ការបោះឆ្នោត​កាន់តែ​ខិត​មកដល់​ដែល​វា​នឹងមាន​ការផ្លាស់ប្តូរ​មេដឹកនាំ​។ អ្វីដែល​សំខាន់​ក្នុងចំណោម​មេដឹកនាំ​ដែល​នឹង​អាច​ជាប់ឆ្នោត​ជា​មេដឹកនាំ​បារាំង​ថ្មី​នោះ​មាន​លោកស្រី Marine Le Pen ដែលជា​អ្នកនយោបាយ​ស្តាំនិយម​ជ្រុល​និង​មាន​មនោគមន៍វិជ្ជា​ន​យា​បាយ​ប្រហាក់ប្រហែលគ្នា​ជាមួយ​លោក ដូ​ណា​ល់ ត្រាំ​ដែរ​។ លោកស្រី​អាច​នឹង​អូស​បារាំង​ចេញពី​សហភាព​អឺរ៉ុប និង​ដកខ្លួន​ថយ​ពី​ទំនាក់ទំនង​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ចពិភពលោក​ផង​។

​ដូច្នេះហើយ មេដឹកនាំ​បារាំង​ដែល​ត្រហេបត្រហប​មកដល់​អាស៊ីអាគ្នេយ៍​នៅពេលនេះ​ទាំង​ខ្លួន​នៅសល់​ពេល​ប៉ុន្មាន​ខែ​ទៀត​ប៉ុណ្ណោះ​ក្នុង ក៏​ជាការ​ឆ្លៀតឱកាស​មក​ធានា​ប្រាប់​មេដឹកនាំ​តំបន់​ថា កុំ​បាច់​បារម្ភ​ខ្លាំង ទោះ​បារាំង​ប្តូរ​មេដឹកនាំ ក៏​បារាំង​មិន​ដកខ្លួន​ចេញពី​ពាណិជ្ជកម្ម​សេរី ហើយក៏​គ្មាន​ផលប៉ះពាល់​អ្វី​ចំពោះ​ទំនាក់ទំនង​ទ្វេភាគី​រវាង​បារាំង​និង​ប្រទេស​ផ្សេង​ឡើយ​។​

«​ក្នុងពេលដែល​បរិយាកាស​នៃ​ភូមិសាស្ត្រ​នយោបាយ​កាន់តែ​ឯកោ សម្បូរ​ដោយ​ចលនា​ជាតិនិយម និង​គាំពារ​និយម យើង​ត្រូវ​បន្ត​ដឹកនាំ​ធ្វើជា​ឧទាហរណ៍​ឲ្យ​គ្រប់គ្នា​ឃើញ​និង​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ភាពជា​ដៃគូ​ទ្វេភាគី​រវាង​យើង​ទាំងពីរ​កាន់​រឹងមាំ​និង​វិ​វត្ត​រហ័ស​ប៉ុណ្ណោះ​ទេ តែ​ធ្វើជា​ផ្លូវ​សម្រាប់​បង្កើត​ទំនុកចិត្ត​ក្នុងការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​ផងដែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ ទៅកាន់​ប្រធានាធិបតី​សិង្ហ​បុរី​។​

​សិង្ហ​បុរី​៖ «​បារាំង ជា​មិត្ត​ពិសេស​របស់​សិង្ហ​បុរី​»

​ក្រោយ​ប្រធានាធិបតី​បារាំង​ថ្លែង​ចប់ ប្រធានាធិបតី​សិង្ហ​បុរី បាន​ហៅ​បារាំង​ថា​ជា មិត្ត​ពិសេស​របស់​សិង្ហ​បុរី ដោយ​លោក​ឆ្លៀត​រៀបរាប់​ពី​ប្រវត្តិសាស្ត្រ​នៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​ផង​។​ជា​មិត្ត​ពិសេស ត្រង់​ថា បា​រាំងជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដំបូង​បំផុត​ដែល​បង្កើត​ទំនាក់ទំនង​ការទូត​ជាមួយ​សិង្ហ​បុរី​ក្រោយ​ប្រទេស​នេះ​ទទួលបាន​ឯករាជ្យ​ឆ្នាំ ១៩៦៥​។​

​លោក Tony Tan បានលើកឡើង​បន្ថែមទៀតថា មកដល់​បច្ចុប្បន្ននេះ​ទំនាក់ទំនង​រវាង​បារាំង​និង​សិង្ហ​បុរី​រឹងមាំ​ជាង​ពេលណាៗ​ទាំងអស់​។ លោក​បន្តថា​៖«​នៅពេលដែល​នយោបាយ​និង​សេដ្ឋកិច្ច​សាកល​មិន​ច្បាស់លាស់ រដ្ឋាភិបាល​នៃ​ប្រទេស​ជាច្រើន​រង​សម្ពាធ​និង​ត្រូវ​ដកថយ​និង​បិទទ្វារ​។ ផ្ទុយទៅវិញ វា​ជា​រឿង​សំខាន់​ជាង​ពេលណា​ទាំងអស់ ដែល​យើង​អាច​សហការ​ជាមួយ​មិត្ត​ដែល​គួរ​ឲ្យ​ទុកចិត្ត​ដូចជា​បារាំង​»​។​

​មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​ក៏បាន​ប្តេជ្ញាចិត្ត​ថា នឹង​បន្ត​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ឲ្យ​កាន់តែ​រឹងមាំ​នៅពេល​អនាគត ហើយ​សន្យា​ប្រឹងប្រែង​បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម​, វប្បធម៌​, សន្តិសុខ​, ការពារជាតិ និង​អប់រំ​ស្រាវជ្រាវ​ជាដើម​។​

​ពាក់ព័ន្ធ​ពាណិជ្ជកម្ម ក្នុង​ឆ្នាំ ២០១៦ បារាំង​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ប្រចាំ​តំបន់​អឺរ៉ុប​ដែល​ធំ​បំផុត​លេខ​រៀង​ទី​ពីរ​របស់​សិង្ហ​បុរី ដែល​ទំហំ​វិនិយោគ​មាន​ប្រហែល ១១​ពាន់​លាន​ដុល្លារ​អាមេរិក​ឯណោះ​។ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ​បារាំង​ក៏​ជា​ប្រទេស​ដែល​វិនិយោគ​ច្រើនជាងគេ​លំដាប់​លេខ​រៀង​ទី ៦​មកពី​អឺរ៉ុប​ផងដែរ​។ ហើយ​សិង្ហ​បុរី ក៏​ក្លាយជា​ដៃគូ​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​សហភាព​អឺរ៉ុប​ដែល​សម្រេចបាន​តាំងពី​ឆ្នាំ ២០១៤​ដែរ​។ ប៉ុន្តែ​កិច្ចព្រមព្រៀង​នេះ​មិនទាន់​ត្រូវបាន​រដ្ឋ​អឺរ៉ុប​ទាំងអស់​ផ្តល់​សច្ចា​ប័នឡើយ​។ ដូច្នេះហើយ​វា​ត្រូវ​ការជួយជ្រោមជ្រែង​ពី​បារាំង​បន្ថែម​ដើម្បី​ឲ្យ​ការផ្តល់​សច្ចាប័ន​កិច្ចព្រមព្រៀង​នេះ​កាន់តែ​លឿន​។​

​ចំណែក​សិង្ហ​បុរី​វិញ​ក៏​ស្នើសុំ​ឲ្យ​បារាំង​ជួយ​គាំទ្រ​កិច្ចព្រមព្រៀង​ដឹកជញ្ជូន​ផ្លូវអាកាស​គ្រប់​ជ្រុងជ្រោយ​អាស៊ាន​-​សហភាព​អឺរ៉ុប ដែល​វា​ជា​កិច្ចព្រមព្រៀង​ដែល​បង្កើតឡើង​ដើម្បី​ពង្រឹង​ការផ្សាភ្ជាប់​រវាង​តំបន់​អឺរ៉ុប​និង​អាស៊ាន​ក៏ដូចជា​ប្រជាជន​នៃ​តំបន់​ទាំងពីរ​ដែរ​។  ដូច្នេះ​វា​មានន័យថា បារាំង​និង​សិង្ហ​បុរី ត្រូវការ​ការគាំទ្រ​គ្នា​ទៅវិញទៅមក​ដើម្បី​សម្រេច​ជោគ​ជ័ ហើយ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ​នឹង​ក្លាយជា​ស្ពាន​សម្រាប់​ផ្សាភ្ជាប់​អាស៊ាន​ជាមួយ​អឺរ៉ុប​ឲ្យ​កាន់តែ​ស្និទ្ធ​គ្នា​ថែមទៀត​នាពេល​អនាគត​។​

​បន្ទាប់ពី​ចាកចេញ​ពី​សិង្ហ​បុរី លោក ហូ​ឡង់ នឹង​បន្តដំណើរ​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី​។​
​នៅ​ម៉ាឡេស៊ី លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ នឹង​ក្លាយជា​ប្រធានាធិបតី​បារាំង​ទី ១ ដែល​មក​បំពេញ​ទស្សនកិច្ច​ក្នុង​រយៈពេល ១៤​ឆ្នាំ​ចុងក្រោយ បន្ទាប់ពី​លោក​ប្រធានាធិបតី Jacques Chirac​។ ប្រទេស​ទាំងពីរ​បង្កើត​ទំនាក់ទំនង​ការទូត​កាលពី​ឆ្នាំ ១៩៥៧ ក្រោយ​ពេលដែល​ម៉ាឡេស៊ី​ទទួលបាន​ឯករាជ្យ​ពេញលេញ​ពី​ចក្រភព​អង់គ្លេស​។ បន្ទាប់ពី​ចាកចេញ​ពី​ម៉ាឡេស៊ី លោក​នឹង​បន្តដំណើរ​ទៅកាន់​ប្រទេស​ឥណ្ឌូណេស៊ី​ដែលជា​ទឹ​សដៅ​ចុងក្រោយ​៕


© រក្សាសិទ្ធិដោយ thmeythmey.com