ជាតិ
សេដ្ឋកិច្ច
អគ្គនាយកដ្ឋាន​ពន្ធដា​រ អះអាងថា ពុំ​ធ្លាប់មាន​គោលការណ៍ ប្រមូល​ពន្ធ​អាជ​វី​កម្ម​តូចតាច​នោះទេ
28, Mar 2017 , 7:39 am        
រូបភាព
 ​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានចេញ​សេចក្ដីជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ជា​អ្នក​ជាប់ពន្ធ ពី​ករណី​ជនខិលខូច​មួយចំនួន​តូច ដែល​អាចជា​មន្ត្រី​ពន្ធដារ ឬ​អ្នក​រត់ការ បាន​ប្រើ​ឧបាយកល​បោក​បញ្ឆោត​គ្រប់​រូបភាព​។ អគ្គនាយកដ្ឋាន​ពន្ធដា​រ អះអាងថា ពុំ​ធ្លាប់មាន​គោលការណ៍​ចុះ​ធ្វើ​សវនកម្ម ឬ​ចុះ​ត្រួតពិនិត្យ​លើ​ប្រជាពលរដ្ឋ​ប្រកប​អាជីវកម្ម​តូចតាច​នោះទេ​។​



​ក្រោយពី​មាន​ជនខិលខូច បាន​ប្រើ​ឧបាយកល​គ្រប់​ប្រភេទ​បោក​បញ្ជោត​ប្រជាពលរដ្ឋ ជា​អ្នក​ជាប់ពន្ធ ដើម្បី​ជំរិត​ទារប្រាក់ ក្រោមរូបភាព​ចុះ​ធ្វើ​សវនកម្ម ឬ​ចុះ​ត្រួតពិនិត្យ​ផ្សេងៗ អគ្គនាយកដ្ឋាន​ពន្ធ បានចេញ​សេចក្ដីជូនដំណឹង​បញ្ជាក់​ដល់​អ្នក​ជាប់ពន្ធ​ទាំងអស់​ផងដែរ​។ អគ្គនាយកដ្ឋាន​ពន្ធដា​រ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានបញ្ជាក់​ដល់​អ្នកជា​ប់​ពន្ធ​ទាំងអស់​ថា​៖ «​អគ្គនាយកដ្ឋាន​ពន្ធដា​រ ពុំ​ធ្លាប់មាន​គោលការណ៍​ចុះ​ធ្វើ​សវនកម្ម ឬ​ចុះ​ត្រួតពិនិត្យ​លើ​ប្រជាពលរដ្ឋ​ប្រកប​អាជីវកម្ម​តូចតាច​នោះទេ​»​។​

​បើតាម​សេចក្ដីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​ពន្ធដា​រ កាលពី​ថ្ងៃទី​២៥ មីនា បញ្ជាក់ថា ចាប់តាំងពី​ឆ្នាំ​២០១៦ មក រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​វិធានការ​លើកទឹកចិត្ត​ដល់​ពលរដ្ឋ​ដែល​ប្រកប​អាជីវកម្ម​តូច​តា​យ ដោយ​មិន​យកពន្ធ​ប្រកប​អាជីវកម្ម ដែលមាន​ផលរបរ​ស្ថិតក្រោម​កម្រិត​ត្រូវ​ជាប់ពន្ធ គឺ​ផលរបរ​ប្រចាំឆ្នាំ​ក្រោម ២៥០ លាន​រៀល​។​

​ក្នុងករណី​មាន​បុគ្គល​ខិលខូច​ចុះ​ជំរិត​ទារប្រាក់​ពី​អ្នក​ជាប់ពន្ធ​ប្រកប​អាជីវកម្ម​តូចតាច ក្រោមរូបភាព​ផ្សេងៗ ក្រៅពី​ការជូនដំណឹង​ជា​លាយលក្ខណ៍អក្សរ ត្រូវ​ជូនដំណឹង​ទៅកាន់​អគ្គនាយកដ្ឋាន​ពន្ធដារ​ជាបន្ទាន់​។ ជាមួយគ្នានេះ ប្រជាពលរដ្ឋ​អ្នក​ជាប់ពន្ធ​ប្រកប​អាជីវកម្ម​ម​តូចតាច ដែលមាន​ជនខិលខូច​ជំរិត​ទារប្រាក់ អាច​រាយការណ៍​ទៅកាន់​អគ្គនាយកដ្ឋាន​ពន្ធដារ តាមរយៈ​លេខ​ទូរ​សព្ទ ០១២ ៩៣២ ០៣២/ ០២៣ ៨៨៦ ៧០៨ និង​០១០ ៨៥៨ ៨០២ ឬ​តាមរយៈ​សារ​អេឡិចត្រូនិក [email protected]​។​

​អគ្គនាយកដ្ឋាន​ពន្ធដា​រ សង្ឃឹមថា​អ្នក​ជាប់ពន្ធ​ទាំង​ដែល​ធ្លាប់​ស្ថិតក្នុង​របប​ម៉ោ​ការ ចូលរួម​សហការ​ទាំង​អស់​គ្នា​។ ដោយឡែក ប្រជាពលរដ្ឋ​ប្រកប​អាជីវកម្ម​ដែលមាន​ផលរបរ​ប្រចាំឆ្នាំ​ដល់​កម្រិត​ត្រូវ​ជាប់ពន្ធ ត្រូវ​ចូលរួម​បង់ពន្ធ​ដោយ​ស្ម័គ្រចិត្ត និង​បំពេញ​កាតព្វកិច្ច​សារពើពន្ធ​ផ្សេងៗ​៕


Tag:
 អគ្គនាយកដ្ឋាន​ពន្ធដា​រ​
  ​ប្រមូល​ពន្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com