ជាតិ
WCS៖​ការសង្គ្រោះ​ដំរីព្រៃ​១១​ក្បាល បាន​បញ្ចៀស​សោកនាដកម្ម​នៃ​ការស្លាប់​របស់​សត្វ​ដំរី​
28, Mar 2017 , 8:19 pm        
រូបភាព
​មណ្ឌលគិរី​៖ ការសង្គ្រោះ​ដំរី​ព្រែ​មួយ​ហ្វូង​សរុប​ចំនួន ១១ ក្បាល ដែល​ធ្លាក់​ក្នុង​រណ្ដៅ បានធ្វើ​ឲ្យ​រដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ អបអរសាទរ​។ ជាមួយគ្នានេះ អង្គការ WCS កម្ពុជា ក៏មាន ក្តី​សោមនស្ស ចំពោះ​ការរួម​គ្នា សង្គ្រោះ​សត្វ​ដំរីព្រៃ​ទាំង​១១ ក្បាល​នោះ  និង​បាន​ចាត់ទុកថា បាន​បញ្ចៀស​សោកនាដកម្ម សម្រាប់​ការងារ​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា​។​



​ដំរីព្រៃ​១​មួយ​ហ្វូង ចំនួន​១១ ក្បាល ត្រូ​បាន​ប្រទះឃើញ​ធ្លាក់ចូល​ក្នុង​រណ្ដៅ​ភក់ ដែល​សល់​ពី​សង្គ្រាម ស្ថិតនៅ​ក្នុងភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី  ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា កាលពី​ថ្ងៃទី​២៥ ខែមីនា​។ ដំរីព្រៃ​ទាំងអស់ ក៏​ត្រូវបាន​សង្គ្រោះ​ឲ្យ​មាន​សុវត្ថិភាព​ដែរ ដោយ​ប្រើ​រយៈពេល​ជាច្រើន​ម៉ោង ដោយមាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ រួម​នឹង​ប្រជាពលរដ្ឋ​មូលដ្ឋាន​ផង​។  ការសង្គ្រោះ​ដំរី​ព្រែ​ទាំង​១១​ក្បាល​នោះ  បានទទួល​ការ​សាទរ​យ៉ាងច្រើន ពី​គ្រប់ភាគី​។



​សម្រាប់​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) សត្វ​ដំរីព្រៃ​ទាំងអស់ គឺ​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការ​បង្កាត់​ពូជ​នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​នេះ​។ អង្គការ​នេះ បានចាត់ទុក​ការ​ការ​ចំណាយពេល​ជាច្រើន​ម៉ោង ដើម្បី​សង្គ្រោះ​សត្វ​ដំរី កាលពី​ចុង​សប្តាហ៍​កន្ល​ទៅនោះ​ថា បាន​បញ្ចៀស​សោកនាដកម្ម​សត្វព្រៃ​នៅ​កម្ពុជា​។

​លោក តាន់ សេដ្ឋា ទីប្រឹក្សាបច្ចេកទេស​រប​ស់​អង្គការ​WCS  បញ្ជាក់​ដូច្នេះ​ថា​៖«​ប្រសិនបើ​ប្រជាជន​សហគមន៍ មិនបាន​ធ្វើការ​រួមគ្នា ជាមួយ​អង្គការ WCS និង ELIE រួមទាំង​មន្ទីរ​បរិស្ថាន ដើម្បី​សង្គ្រោះ​ដំរី​ទាំង ១១​ក្បាល​នោះទេ ប្រហែលជា​សោកនាដកម្ម នៃ​ការស្លាប់​របស់​សត្វ​ដំរី អាច​កើតមាន​ជាមិនខាន​»​។​



​សង្គ្រោះ​សត្វ​ដំរីព្រៃ​មួយ​ហ្វូង​នេះ ជា​ឧទាហរណ៍​ដ៏​អស្ចារ្យ​មួយ ឆ្លុះបញ្ចាំង​ពី​ការធ្វើការងារ​រួមគ្នា ដើម្បី​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា​។ នេះ​ជាការ​ថ្លែង​របស់ នាយក​អង្គការ WCS លោក Ross Sinclair​។  លោក Ross Sinclair បន្ត​ដូច្នេះ​ថា​៖«​ជាទូទៅ ព័ត៌មាន​អំពី​ការងារ​អភិរក្ស គឺ​ជម្លោះ និង​ភាពបរាជ័យ ប៉ុន្តែ​លើក​នេះ​គឺជា​កិច្ចសហការ និង​ភាពជោគជ័យ​»​។​

​អង្គការ WCS បាន​សហការ​ជាង​១៥​ឆ្នាំ​កន្លងមកហើយ ជាមួយ​ក្រសួងបរិស្ថាន និង​មន្ទីរ​បរិស្ថាន ព្រមទាំង​ប្រជា​សហគមន៍ ក្នុងការ​អភិរក្ស ដែនជម្រកសត្វព្រៃ​កែវ​សីមា​។ ដែនជម្រកសត្វព្រៃ​នេះ ជាទី​ជម្រក​ដ៏​សំខាន់បំផុត​មួយ សម្រាប់​ការអភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា និង​គាំទ្រ​ការរស់នៅ​របស់​ប្រភេទ​សត្វព្រៃ  សំខាន់ៗ​ជាច្រើន​៕


Tag:
 ​ដំរីព្រៃ
© រក្សាសិទ្ធិដោយ thmeythmey.com