ជាតិ
លោក គួច ម៉េង​លី សម្ពោធ​អគារសិក្សា​តម្លៃ​ជាង​១​សែន​ដុល្លារ​នៅ​តំបន់​ដាច់ស្រយាល ក្នុង​ខេត្តកំពង់ចាម​
28, Mar 2017 , 5:20 pm        
រូបភាព
ដោយ: ថ្មីៗ
កំពង់ចាម៖ លោក​វេជ្ជបណ្ឌិត គួច ម៉េង​លី ស្ថាបនិក ប្រធាន​ក្រុមប្រឹក្សាភិបាល និង​អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ម៉េង​លី ជេ​. គួច អេ​ឌ្យូ​ខេ​សិន បានផ្តល់​អគារសិក្សា ១​ខ្នង ២​ជាន់​ស្មើនឹង ៤​បន្ទប់ រួមទាំង​ជួយ​កែលម្អ​បរិស្ថាន​សិក្សា​ក្នុង​សាលាបឋមសិក្សា គួច ម៉េង​លី ទួល​បេង ដែល​ស្ថិតក្នុង​តំបន់​ដាច់ស្រយាល នៅ​ឃុំ​ក្រឡា ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។​



​មូលនិធិ ម៉េង​លី ជេ​. គួច (Mengly J. Quach Foundation) ដែលជា​មូលនិធិ​សប្បុរសធម៌​របស់លោក​ឧកញ៉ា ម៉េង​លី បាន​ចំណាយ​ថវិកា​ចំនួន ១២០,០០០​ដុល្លារ​អាមេរិក​សាងសង់​អគារ និងកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​សាលាបឋមសិក្សា គួច ម៉េងលី ទួលបេង ដើម្បី​លើក​កម្ពស់​បរិយាកាសអប់រំ​សិស្សានុសិស្ស​បឋមសិក្សា​ដែលមាន​ចម្ងាយ​ជាង ១០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តកំពង់ចាម​។​



​ថ្លែង​ក្នុង​ពិធី​សម្ពោធ​អគារ​សាលាបឋមសិក្សា​ថ្មី កាលពី​ថ្ងៃទី​២៧ ខែមីនា​នេះ លោក ម៉េង​លី បាន​ប្រាប់​មូលហេតុ​ដែល​លោក​សម្រេច​ឧបត្ថម្ភ​អគារសិក្សា​ថ្មី​នេះ ពីព្រោះ​លោក​បាន​ពិនិត្យឃើញ​ពី​បញ្ហា​ខ្វះខាត អគារ​បឋមសិក្សា​សម្រាប់​សិស្ស​ក្នុង​មូលដ្ឋាន​ឃុំ​ក្រឡា​។ ម្យ៉ាងទៀត លោក​បន្តថា វាក៏ជា​ចំណង់​ចំណូលចិត្តជួយ​រួមចំណែក​លើកកម្ពស់​វិស័យ​អប់រំ​កម្ពុជា​ដោយខ្លួន​លោក​ផ្ទាល់​ផងដែរ​។​



​លោក​វេជ្ជបណ្ឌិត​បន្ត​ឲ្យ​ដឹង​ទៀតថា នេះ​គ្រាន់តែ​ជា​សាលាបឋមសិក្សា​ទី​២​ដែល​មូលនិធិ MJQ បាន​ជួយ​សាងសង់រួចរាល់ បន្ទាប់ពី​សាលាបឋមសិក្សា ថ្ម​កង្កែប​គួច ប៉េង​សាំង​-​ងិន​ហួយ ដែល​ស្ថិតនៅ​ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ដែល​ចំណាយ​ថវិកា​ជាង ១០​ម៉ឺន​ដុល្លារ កាលពី​ឆ្នាំ​២០១០ កន្លងទៅ​។ ក្រៅពី​គម្រោង​សាលា​ទាំងពីរ​នេះ លោក​បង្ហើប​ឲ្យ​ដឹងថា លោក​គ្រោង​ជួយ​សង់​មួយទៀត​ក្នុង​ខេត្តបាត់ដំបង និង​សាលាដ​ទៃទៀត ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​អប់រំ​ជាមួយ​រដ្ឋាភិបាល​។​



«​ខ្ញុំ​មាន​គោលដៅ​ជួយ​សិស្ស តាម​តំបន់​ដាច់ស្រយាល ពិសេស​គឺ កន្លែង​មាន​សាលា តែ​ខ្វះ​បន្ទប់រៀន និង​មាន​បន្ទប់រៀន មាន​សាលា​ខ្វះ ហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍ប្រើប្រាស់​ជាដើម​។ យើង​ព្យាយាម​ជួយ​តាម​លទ្ធភាព​...​។ យើង​ចង់​ពង្រឹង​រឹង គ្រឹះ​អប់រំ​មូលដ្ឋាន ដើម្បី​ឲ្យ​កូន​ខ្មែរ​យើង​ចេះ​អាន ចេះ​សរសេរ​យ៉ាងហោចណាស់​ត្រឹម​ថ្នាក់​ទី​៦​ដែរ ប្រសិន បើ​គេ​មិន​រៀន​ដល់​ថ្នាក់​ទី​៩...»​។ ឧកញ៉ា ម៉េង​លី បញ្ជាក់​អ្នកសារព័ត៌មាន មុន​បន្ថែមថា លោក​មាន​គោលដៅ​ចូលរួមចំណែក​លើកកម្ពស់​វិស័យ​អប់រំ ស្របតាម​គោលនយោបាយ​លើ​វិស័យ​អប់រំ​របស់​រដ្ឋាភិបាល​។​



​បន្ថែម​លើសពីនេះ លោក​បាន​អំពាវនាវ​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅប្រទេស​ឲ្យ​ចូលរួម​ជួយ​ឧ​បត​ម្ភ​ថវិកា និង​សម្ភារៈ​តាម​លទ្ធភាព ដើម្បី​ជួយ​អភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​អប់រំ និង​វិស័យ​ដទៃ​របស់​កម្ពុជា​។ ក្រៅពី​ការផ្តល់​អគារសិក្សា​ថ្មី លោកក៏​បានផ្តល់​សម្ភារៈ​សិក្សា និង​កង់​ថ្មី​ចំនួន ៦៦ គ្រឿង រួមទាំង​កាបូប​សិក្សា​ចំនួន ២៦៨ ដល់​សិស្សានុសិស្ស​ក្នុង​សាលាបឋមសិក្សា​នៅ​ជនបទ​ក្រាល​ដោយ​បេតុង​អមដោយ​សួនច្បារ​បៃតង​ដ៏​ស្រស់បំព្រង​នោះ​ផងដែរ​។​



​ជាងនេះទៀត សប្បុរសជន​ដែល​តែង​ជួយ​ជនក្រីក្រ​ក្នុងសង្គម​រូបនេះ បាន​ផ្តាំផ្ញើ​លោ​កក​គ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ឲ្យ ជួយ​ចូលរួម​ថែទាំ​អគារសិក្សា​ថ្មី ដើម្បី​បម្រើ​ប្រយោជន៍​ពួកគេ​យូរអង្វែង​។ លោក​បាន​បន្ត​ក្រើនរម្លឹក​សិស្សានុសិស្ស​ឲ្យ​ខិតខំ​សិក្សា​រៀនសូត្រ​ក្រេប​វិជ្ជា​ផង ដើម្បី​ទទួល​ចំណេះដឹង​អភិវឌ្ឍ​ខ្លួនគេ គ្រួសារ និង​សង្គមជាតិ​ឲ្យ​កាន់តែ​ប្រសើរឡើង នៅពេល​បច្ចុប្បន្ន និង​ថ្ងៃ​អនាគត​។ 



​ជាមួយគ្នា លោកស្រី ស្រី គឹម​ឆ​យ អភិបាល នៃ​គណៈ​អភិបាលស្រុក​កំពង់សៀម និង​លោក ហេង ជា​រិទ្ធី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម សុទ្ធតែ​បាន​អរគុណ​មូលនិធិ​សប្បុរសធម៌ MJQ ដែល​ផ្តល់​អគារសិក្សា​ថ្មី​ដល់​សិស្សានុសិស្ស​ក្នុង​មូលដ្ឋាន​ពួកគេ​។ ពួកគេ​ជឿជាក់ថា សិស្សានុសិស្ស​នឹង​ព្យាយាម​សិក្សា​រៀន​ថែមទៀត ក្រោយពី​ពួកគេ​ទទួលបាន​អគារសិក្សា​ថ្មី និង​មាន​សួន​កម្សាន្ត​កុមារ​អមដោយ​បរិស្ថាន​ស្អាត​ត្រឹមត្រូវ​។​



​ឱកាស​នេះដែរ លោក សេង រី នាយក​សាលាបឋមសិក្សា គួច ម៉េង​លី ទួល​បេង បាន​រៀបរាប់​ពី​ប្រវត្តិ​សាលា​ថា សាលាបឋមសិក្សា​ទួល​បេង ត្រូវបាន​សង់​ឡើង​ដោយ​សហគមន៍​ពួកគេ​ផ្ទាល់ ក្នុង​ឆ្នាំ​១៩៩៦​។ លោក​រម្លឹកថា ពេលនោះ សាលា​មាន​អគារសិក្សា​ធ្វើ​ពី​ឈើ​ចំនួន​មួយ​ខ្នង ស្មើនឹង​ពី​បន្ទប់​ប៉ុណ្ណោះ​។ ក្រោយមកទៀត លោក​បន្តថា អង្គការ​មិនមែន​រដ្ឋាភិបាល​អន្តរជាតិ បាន​ជួយ​សាងសង់​អគារសិក្សា​ថ្មី​ធ្វើ​ពី​ថ្ម​ចំនួន​មួយ​ខ្នង​ស្មើនឹង​ពីរ​បន្ទប់ និង​នៅ​ចុងឆ្នាំ​២០១៦​កន្លងទៅ មូលនិធិ MJQ បាន​សង់​អគារ​មួយ​ខ្នង ពីរ​ជាន់ ស្មើនឹង​បួន​បន្ទប់ រហូតមកទល់​ពេលបច្ចុប្បន្ន​។​



​លោក​បញ្ជាក់ថា​៖«​យើង​ធ្លាប់​ប្រឈម​បញ្ហា​ខ្វះ​បន្ទប់​សិក្សា​ខ្លាំង ពេលខ្លះ​សិស្ស​រៀន​ក្រៅ​បន្ទប់​ផង​។ តែ​បច្ចុប្បន្ន សិស្សានុសិស្ស​មាន​ចាប់ពី​កម្រិត​ម​ត្តេ​យ្យ​សិក្សា រហូតដល់​ថ្នាក់​ទី​៦​មាន​បន្ទប់​សិក្សា​ល្អប្រសើរ​ត្រឹមត្រូវ​» ។ លោក​បាន​ថ្លែងអំណរគុណ​ចំពោះ​មូលនិធិ ម៉េង​លី ជេ​. គួច ហើយ​ប្តេជ្ញា​ជំរុញ​គុណភាព​អប់រំ​ដល់​សិស្សានុសិស្ស​ថែមទៀត​។​



​គួរ​បញ្ជាក់ថា ដោយ​ឃើញ​ទឹកចិត្ត​សប្បុរសធម៌​លោក​ឧកញ៉ា ម៉េង​លី ពលរដ្ឋ​រស់នៅ​តំបន់​នេះ​បានស្នើ​ប្ដូរ​ឈ្មោះ​សាលាបឋមសិក្សា​ទួល​បេង​ទៅជា សាលាបឋមសិក្សា គួច ម៉េង​លី ទួល​បេង វិញ​។ ក្រសួង​អប់រំ យុវជន និង​កីឡា បានទទួល​ស្គាល់ឈ្មោះ​សាលាបឋមសិក្សា គួច ម៉េង​លី ទួល​បេង តាមរយៈ​ប្រកាស លេខ​៨៧២ អយក​.​ប្រក របស់​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ចុះ​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៦ ៕
























Tag:
 ម៉េង​លី ជេ​. គួច​
  Mengly J. Quach Foundation
  សប្បុរសធម៌
© រក្សាសិទ្ធិដោយ thmeythmey.com