អន្តរជាតិ
អាមេរិក៖ «គ្មានថ្ងៃជនជាតិប៉ាឡេស្ទីនមានវាសនាកាន់តំណែងធំនៅ UN ឡើយ» អគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោកស្រី Nikki Haley (រូបភាព AFP)
× ដើម្បីបំពេញចិត្តអ៊ីស្រាអែល អាមេរិកបានជំទាស់ការតែងតាំងអតីតនាយករដ្ឋមន្ត្រីប៉ាឡេស្ទីន Salam Fayyad ជាតំណាងអង្គការសហប្រជាជាតិសម្រាប់លីប៊ី។ ជាមួយការប្រឆាំងដាច់ណាត់នេះ រដ្ឋបាលអាមេរិករបស់លោក ដូណាល់ ត្រាំ បានរិះគន់អង្គការសហប្រជាជាតិថាបានលម្អៀងទៅរកប៉ាឡេស្ទីនតែម្ខាង និងមិនអើពើសុខទុក្ខអ៊ីស្រាអែលសោះ។ តំណាងអាមេរិកប្រចាំ UN លោកស្រី Nikki Haley ក៏ប្រកាសថា ជនជាតិប៉ាឡេស្ទីន គ្មានថ្ងៃអាចកាន់តំណែងជាន់ខ្ពស់នៅអង្គការសហប្រជាជាតិទេ។
អគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ Nikki Haley បាននិយាយថា អាមេរិក នឹងជំទាស់រាល់ការតែងតាំងជនជាតិប៉ាឡេស្ទីនណាម្នាក់សម្រាប់តំណែងជាន់ខ្ពស់នៅអង្គការសហប្រជាជាតិ។ អាមេរិកមិនពេញចិត្តឡើយ ពេលអគ្គលេខាធិការ Antonio Guterres ចង់តែងតាំងអតីតនាយករដ្ឋមន្ត្រីប៉ាឡេស្ទីន Salam Fayyad ជាតំណាងប្រចាំលីប៊ី។ ទីភ្នាក់ងារព័ត៌មាន RT ផ្សាយថា ការជំទាស់នេះមិនមែនមកពីលោក Fayyad មិនមែនបេក្ខជនល្អអ្វីឡើយ។
លោកស្រី Haley ប្រកាសចំហបែបនេះ អំឡុងពេលចូលរួមសន្និសីទគោលនយោបាយប្រចាំឆ្នាំនៃគណៈកម្មាធិការកិច្ចការសាធារណអាមេរិក-អ៊ីស្រាអែល (AIPAC) នៅថ្ងៃទី២៧ ខែមីនា។ លោកស្រីបន្តថា ប្រសិនបើប៉ាឡេស្ទីនមិនចូលតុចរចា ឬក៏ធ្វើអ្វីដែលគួរធ្វើទេ ប៉ាឡេស្ទីនគ្មានថ្ងៃទទួលបានការតែងតាំងណាមួយឡើយ។ នេះក៏បានន័យថា គម្រោងតែងតាំងលោក Fayyad នឹងត្រូវរាំងស្ទះគ្មានថ្ងៃចេញរួចហើយ។
អាមេរិក បានចេញមុខការពារអ៊ីស្រាអែលស្ទើរគ្រប់រឿង ចាប់តាំងពីលោក ដូណាល់ ត្រាំ ចូលកាន់តំណែងជាប្រធានាធិបតីមក។ អាមេរិកក៏ចោទអង្គការសហប្រជាជាតិថាបានកាន់ជើងអាជ្ញាធរប៉ាឡេស្ទីន និងបានរិះគន់សេចក្ដីសម្រេចថ្កោលទោសសកម្មភាពអ៊ីស្រាអែលលើទឹកដីប៉ាឡេស្ទីនទៀតផង។ ការជំទាស់បេក្ខភាពលោក Fayyad សម្រាប់ដឹកនាំបេសកកម្មនៅលីប៊ី ជាឧទាហរណ៍បង្ហាញច្បាស់ថា អាមេរិកកំពុងជួយការពារអ៊ីស្រាអែល ទល់នឹងការរើសអើងរបស់អ្នកដទៃទៀត។
លោក Fayyad ជាអតីតនាយករដ្ឋមន្ត្រីប៉ាឡេស្ទីន ចាប់ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៣ ។ ការតែងតាំងលោកជាតំណាងពិសេសរបស់អគ្គលេខាធិការ ចាំបាច់ត្រូវមានការយល់ព្រមជាឯកច្ឆន្ទពីសមាជិកទាំងអស់នៃក្រុមប្រឹក្សាសន្តិសុខ។ ប៉ុន្តែការជំទាស់របស់អាមេរិកដើម្បីបំពេញចិត្តអ៊ីស្រាអែល ទំនងបញ្ចប់បេក្ខភាពរបស់លោក Fayyad ព្រោះគេក៏ត្រូវចាំថា អាមេរិកមានសិទ្ធិបោះឆ្នោតវ៉េតូក្នុងនាមជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខ។
ច្បាស់ណាស់ថា ការជំទាស់នៅពេលនេះ គឺជាការបង្ហាញការគាំទ្ររបស់អាមេរិកលើអ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន។ នេះក៏បង្ហាញថា អាមេរិក នឹងធ្វើសកម្មភាពជាក់ស្ដែង ដើម្បីការពារផលប្រយោជន៍សម្ព័ន្ធមិត្តរបស់ខ្លួន ដោយមិននិយាយតែមាត់ឡើយ។ សកម្មភាពនេះ ក៏ជាស្ដារទំនាក់ទំនងទ្វេភាគីអាមេរិក-អ៊ីស្រាអែល ដែលធ្លាក់ចុះនៅចុងអាណត្តិលោក បារ៉ាក់ អូបាម៉ា ដែលបើកដៃឲ្យអង្គការសហប្រជាជាតិថ្កោលទោសអ៊ីស្រាអែល៕
Tag:
អាមេរិក
ប៉ាឡេស្ទីន
អ៊ីស្រាអែល
Nikki Haley
© រក្សាសិទ្ធិដោយ thmeythmey.com