អន្តរជាតិ
Brexit៖ នាយករដ្ឋមន្ត្រី​អង់គ្លេស ផ្ញើលិខិត​ជូនដំណឹង​នៃ​ការចាកចេញ​ទៅ​ឲ្យ​អឺរ៉ុប​
29, Mar 2017 , 3:57 pm        
រូបភាព
នាយករដ្ឋមន្ត្រី Theresa May ចុះហត្ថលេខាលើលិខិតជូនដំណឹងនៃការចាកចេញពីសហភាអឺរ៉ុប (រូបភាព AFP)
នាយករដ្ឋមន្ត្រី Theresa May ចុះហត្ថលេខាលើលិខិតជូនដំណឹងនៃការចាកចេញពីសហភាអឺរ៉ុប (រូបភាព AFP)
​នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស Theresa May បាន​ចុះហត្ថលេខា​លិខិត​ជូនដំណឹង​ស្តីពី​ចាក​ចេញពី​សហភាព​អឺរ៉ុប​ហើយ​នៅ​ថ្ងៃទី​២៨ ខែមីនា​។ លិខិត​ជូនដំណឹង​នេះ ត្រូវ​បញ្ជូនទៅ​ឲ្យ​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប Donald Tusk ដើម្បី​ចាប់ផ្ដើម​ការចរចា​ចែកផ្លូវ​គ្នា ដោយ​អនុវត្តតាម​មាត្រា​៥០ សន្ធិសញ្ញា Lisbon ។ ចក្រភព​អង់គ្លេស និង​សហភាព​អឺរ៉ុប នឹងមាន​ពេល​២​ឆ្នាំ​ដើម្បី​ចរចា​លែងលះគ្នា ដែល​ធ្វើ​ឲ្យ​ចក្រភព​នេះ ក្លាយជា​រដ្ឋ​ទី​១ ចាក​ចេញពី​អង្គការ​អន្តររដ្ឋាភិបាល​ដ៏​ធំ​នេះ​។​



​ក្រោយ​រង់ចាំ​អស់​ពេល​៩​ខែ ចក្រភព​អង់គ្លេស បានចាប់ផ្ដើម​ដំណើរការ​ចាកចេញ​ពីស​ហ​ភាព​អឺរ៉ុប​ហើយ​។ នាយករដ្ឋមន្ត្រី Theresa May បាន​ចុះហត្ថលេខា​លើ​លិខិត​ជូនដំណឹង​នៃ​ការចាកចេញ​នេះ ក្រោយ​សភា​អង់គ្លេស​ផ្ដល់​អំណាច​ឲ្យ​លោកស្រី​ចរចា​ជាមួយ​សភា​អឺរ៉ុប​។ បន្ទាប់មក លិខិត​លែងលះ​នេះ ត្រូវបញ្ជូន​ទៅកាន់​សហ​ភាព​អឺរ៉ុប ដើម្បី​ប្រាប់​ពី​បំណង​នៃ​ការចាកចេញ អនុលោម​តាម​មាត្រា​៥០ សន្ធិសញ្ញា Lisbon ។​

២​ឆ្នាំ​បន្ទាប់មក ចក្រភព​អង់គ្លេស និង​សហភាព​អឺរ៉ុប នឹង​ចាប់ផ្ដើម​ការចរចា​លើ​លក្ខខណ្ឌ​នៃ​ការ​លែងលះគ្នា ដែល​ទំនងជា​ធ្វើឡើង​នៅ​ខែឧសភា ឬ​មិថុនា​។ នៅ​ថ្ងៃទី​២៩ ខែមីនា នាយករដ្ឋមន្ត្រី ចូលរួម​ប្រជុំ​របស់​រដ្ឋសភា ដែល​នៅ​ទីនោះ​លោកស្រី នឹង​សន្យា​ស្វែងរក​លទ្ធផល​ដែល​ល្អ​សម្រាប់​ប្រជាជន​ចក្រភព​អង់គ្លេស​ទាំងអស់ នៅពេល​ចរចា​ជាមួយ​សហភាព​អឺរ៉ុប​។ ការចរចា​នេះ នឹង​ក្លាយជា​វិញ្ញាសា​ថ្មី​សម្រាប់​អឺរ៉ុប ដែលមាន​អាយុ​៦០​ឆ្នាំ​មកហើយ​។

​បើ​គិតពី​ពេល​បោះឆ្នោត​ប្រជាមតិ​ខែមិថុនា ឆ្នាំ​២០១៦ មក​ដល់ពេល​ចុះហត្ថលេខា​ខែមីនា ឆ្នាំ​២០១៧  វា​មាន​រយៈពេល​យូរ​គួរសម ដែល​ធ្វើ​ឲ្យ​គេឯង​ឆ្ងល់​ថា ហេតុអ្វី​បានជា​រដ្ឋាភិបាល​អង់គ្លេស​ត្រូវការ​ពេល​យូរ​ម្ល៉េះ បើ​គ្រាន់តែ​ត្រូវ​ជូនដំណឹង​លែងលះ​ប៉ុណ្ណោះ​នោះ​។ តាមពិត នៅពេល​ដឹង​លទ្ធផល​បោះឆ្នោត​ដែល​ប្រជាជន​អង់គ្លេស​ជ្រើសរើស​ការចាកចេញ រដ្ឋាភិបាល​ក្រុង​ឡុង​ដ៍ អាច​ជូនដំណឹង​ភា្ល​ម ប៉ុន្តែ​លោកស្រី May ដែល​ស្នង​តំណែង​លោក David Cameron មិនទាន់​ចង់​ធ្វើ​ដូច្នេះ ព្រោះ​ចង់​ត្រៀមខ្លួន​ឲ្យ​រួចស្រេច​សិន​។​

​ចំណែក​ខាង​អឺរ៉ុប​វិញ ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប Donald Tusk នឹង​ជូនដំណឹង​លែងលះគ្នា​នេះ ព្រមទាំង​លក្ខខណ្ឌ​ចរចា ទៅកាន់​រដ្ឋ​សមាជិក​ទាំង​២៧ ផ្សេងទៀត​។ បើតាម​សារព័ត៌មាន BBC មេដឹកនាំ​រដ្ឋ​សមាជិក​អឺរ៉ុប​ទាំង​២៧ នឹង​បើក​កិច្ចប្រជុំ​នៅ​ខែមេសា ដើម្បី​ពិនិត្យ​លក្ខខណ្ឌ​ត្រូវ​យកទៅ​ចរចា​ជាមួយ​អង់គ្លេស ហើយ​គណៈកម្មការ​អឺរ៉ុប នឹង​ធ្វើជា​តំណាង​ក្នុងការ​ចរចា​នេះ​។ គេ​មិនទាន់​ដឹង​ច្បាស់​ពី​ប្រធានបទ​សំខាន់​នៃ​ការចរចា​នៅឡើយ ប៉ុន្តែ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី អាច​ត្រូវ​លើកឡើង​ក្នុងពេល​ចរចា​នេះដែរ​។​

​លទ្ធផល​នៃ​ការចរចា​នេះ នឹង​កំណត់​វាសនា​ចក្រភព​អង់គ្លេស ដែលមាន​ទំហំ​សេដ្ឋកិច្ច​២,៦ ទ្រី​លាន​ដុល្លារ និង​ជា​មហាអំណាច​នុយក្លេអ៊ែរ​ទៀតផង​។ ការចាកចេញ​របស់​ច​ក្រព​ភ​អង់គ្លេស ក៏​ជាការ​វាយប្រហារ​មកលើ​សហភាព​អឺរ៉ុប ដែល​កំពុង​រងគ្រោះ​ដោយ​វិបត្តិ​ហិរញ្ញវត្ថុ និង​វិបត្តិ​ជនភៀសខ្លួន​ស្រាប់​ផង​។ ភាគី​ទាំងសងខាង សុទ្ធតែ​សន្យា​រក​លទ្ធផល​ដែល​បម្រើ​ផលប្រយោជន៍​រៀងរាល់​ខ្លួន ក្នុង​រយៈពេល​២​ឆ្នាំ​នៃ​ការចរចា​នេះ​។​

​ជាមួយ​ការជូនដំណឹង​លែងលះ​នៅ​ថ្ងៃទី​២៩ ខែមីនា អង់គ្លេស នឹង​ចាក​ចេញពី​សហភាព​អឺរ៉ុប​នៅ​ខែមីនា ឆ្នាំ​២០១៩ ។ នាយករដ្ឋមន្ត្រី May សន្យា​ហើយ​ថា ការចរចា​លែងលះ និង​ការចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អាចធ្វើ​ក្នុង​ដំណាលគ្នា​តែម្ដង សំដៅ​ចៀសវាង​ចំណាយពេល​ច្រើន​សម្រាប់​ការចរចា​លើក​ក្រោយ ប៉ុន្តែ​វា​មិនមែនជា​រឿង​ងាយស្រួល​ឡើយ​។ ទាំង​អឺរ៉ុប ទាំង​អង់គ្លេស សុទ្ធតែ​ការពារ​ប្រយោជន៍​រៀងខ្លួន​ពី​លក្ខខណ្ឌ​ចរចា​។ ដូច្នេះ​វា​មិនមែនជា​រឿង​ងាយស្រួល​នោះទេ​៕    

Tag:
 Brexit
  អឺរ៉ុប​
  Theresa May
© រក្សាសិទ្ធិដោយ thmeythmey.com