ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​នៃ​ការរត់​ហាត់ប្រាណ​យឺតៗ​
31, Mar 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អង្គការ​សុខភាព​ពិភពលោក​បាន​ណែនាំ​ថា មនុស្ស​ធំ​ពេញវ័យ​អាយុ​ចាប់ពី ១៨ ទៅ​៦៤​ឆ្នាំ​គួរតែ​ហាត់ប្រាណ​យ៉ាងហោចណាស់ ១៥០​នាទី​ក្នុង​មួយ​សប្តាហ៍​។ ការរត់​ហាត់ប្រាណ​យឺតៗ​គឺជា​មធ្យោបាយ​ដ៏​ល្អ​មួយ​ក្នុងការ​ទទួលបាន​សុខភាព ហើយ​មិនបាច់​ចំណាយ​ច្រើន​ហាត់​ក្នុង​ក្លិប ឬ​សម្ភារៈ​ហាត់ប្រាណ​ឡើយ​។ យ៉ាងណាមិញ ការហាត់​ប្រាណ​របៀបនេះ​អាច​នឹងមាន​ប្រយោជន៍​ចំពោះ​សុខភាព​ច្រើនណាស់ បើសិនជា​អ្នក​អាចធ្វើ​វា​ជាប្រចាំ​បាន​។​



​រំលាយ​ជាតិ​ខ្លាញ់ សម្រក​ទម្ងន់​
​គ្រាន់តែ​ចំណាយពេល​រត់​យឺត​ចម្ងាយ ៨​គីឡូម៉ែត្រ អ្នកនឹង​អាចរំលាយ​ជាតិ​ខ្លាញ់​ពី ២៤០ ទៅ ៣៥៥​កាឡូរី ក្នុង​រយៈពេល​កន្លះ​ម៉ោង​។ កាលណា​ជាតិ​ខ្លាញ់​រលាយ​បែបនេះ អ្នកនឹង​អាច​ស្រក​ទម្ងន់​បាន​យ៉ាង​អស្ចារ្យ ហើយ​បាន​សាច់ដុំ​ថែមទៀត​។​

​ពង្រឹង​ដល់​សុខភាព​បេះដូង​សរសៃឈាម​

​ការហាត់​ប្រាណ​របៀបនេះ​អាចជួយ​កាត់បន្ថយ​ការកើត​ជំងឺ​ស្លោក​សាច់ដុំ​បេះដូង និង​ពង្រឹង​ដល់​សុខភាព​បេះដូង​សរសៃឈាម​ទាំងមូល​ផង​។ ការសិក្សា​រកឃើញថា អ្នក​ដែល​ហាត់ប្រាណ​ដោយ​ការរត់​យឺតៗ​អាច​ថែរក្សា​រាង​បានល្អ ព្រមទាំង​មិនមាន​ជាតិ​ខ្លាញ់​លើស​ក្នុង​ឈាម​ទេ​។​

​បញ្ចុះ​សម្ពាធ​ឈាម​
​ការសិក្សា​បាន​រកឃើញថា កាលណា​យើង​រត់​យឺតៗ ឬ​ដើរ​រាល់ថ្ងៃ វា​នឹងធ្វើ​ឲ្យ​សម្ពាធ​ឈាម​ខាងលើ​ចុះ​បាន ១៤​មី​លី​ម៉ែត្រ​បា​រ៉​ត និង​ខាងក្រោម​បាន ១២​មី​លី​ម៉ែត្រ​បា​រ៉​ត​។​

​ពង្រឹង​ដល់​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​
​នៅពេល​អ្នក​ហាត់ប្រាណ កោសិកា​គ្រាប់​ឈាមស និង​អង់ទីគ័រ​នឹង​ទទួលខុសត្រូវ​លើ​ការ​ចល័ត​ទ័ព​ការពារ​រាងកាយ​បាន​កាន់តែ​ល្អ និង​លឿន សម្រាប់​ការពារ​កុំ​ឲ្យ​ឆ្លង​ជំងឺ​។​

​រស់​កាន់តែ​យូរ​
​ការធ្វើសកម្មភាព​រាង​កាយ​បែបនេះ​ជាទូទៅ អាច​កាត់បន្ថយ​ការស្លាប់​បាន​រហូតដល់ ៣០​ភាគរយ​ឯណោះ​បើសិនជា​ប្រៀបធៀប​នឹង​អ្នក​ដែល​មិន​ធ្វើ​សកម្មភាព​អ្វី​សោះ​។​

​សុខភាព​ផ្លូវចិត្ត​កាន់តែ​ល្អ​
​ការរត់​យឺតៗ​អាចជួយ​កាត់បន្ថយ​ការ​ប្រឈម​នឹង​ការខូចខាត​ខាង​ភាព​ឈ្លាស់​វ៉ៃ និង​ការ​ភ្លេចភ្លាំង​។ រឿងនេះ​មាន​ប្រយោជន៍​ជាពិសេស​សម្រាប់​មនុស្ស​ចា​ស់​តែម្តង​។​

​សន្លាក់ និង​ឆ្អឹង​កាន់​តែមាន​សុខភាព​ល្អ​
​អ្នកស្រាវជ្រាវ​បាន​រកឃើញថា ការរត់ និង​ការហាត់​ប្រាណ​ផ្សេងៗ​ទៀត​អាចធ្វើ​ឲ្យ​សន្លាក់​ឆ្អឹងខ្ចី​ល្អ​ឡើងវិញ​បាន​។ ការសិក្សា​មួយ​បាន​និយាយទៀតថា អ្នក​ដែល​ប្រឈម​នឹង​ការ​រលាក​ឆ្អឹងខ្ចី​ក្នុង​ជង្គង់​អាច​ទទួលបាន​ប្រយោជន៍​ច្រើន​ពី​ការចាប់ផ្តើម​ហាត់ប្រាណ​។​

​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com