កីឡាអន្តរជាតិ
អន្តរជាតិ
Kiatisak Senamuang លាឈប់​ពី​តំណែង​គ្រូបង្វឹក​ជម្រើសជាតិ​ថៃ​
01, Apr 2017 , 12:08 pm        
រូបភាព
 
Kiatisak Senamuang  បាន​លាលែង​ពី​តំណែង​ជា​គ្រូបង្វឹក​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ថៃ​ហើយ បន្ទាប់ពី​ដឹកនាំ​ក្រុម​ធ្លាក់​ក្នុង​ព្រឹត្តិការណ៍​ជម្រុះ World Cup ២០១៨ នៅ​រុស្ស៊ី​។​


​ក្រោយ​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ថៃ​មិន​បានល្អ ក្នុងការ​ប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​៣​នៅ​តំបន់​អាស៊ី នៃ​ពានរង្វាន់​ពិភពលោក FIFA World Cup ឆ្នាំ​២១០៨ លោក Kiatisak Senamuang  ឬ Zico បានសម្រេច​លាលែង​ពី​តំណែង​ជា​គ្រូបង្វឹក​ជម្រើសជាតិ​ថៃ​តែម្តង​។ ៧​ប្រកួត​ក្រោម​ការដឹកនាំ​របស់លោក​ក្នុង​ព្រឹត្តិការណ៍​ជម្រុះ​នេះ ថៃ​ដែល​ស្ថិតក្នុង​ពូ​ល​B រកបាន​តែមួយ​ពិន្ទុ​ប៉ុណ្ណោះ ដោយ​ស្មើ​ម្តង និង​ចាញ់​៦​ដង​។​
 
​បើតាម​ការចុះផ្សាយ​រប​ស់ការ​សែត​បាងកក​ប៉ុ​ស្តិ៍ គ្រូបង្វឹក​វ័យ​៤៣​ឆ្នាំ​បាន​សរសេ​នៅក្នុង​បណ្តាញ​សង្គម Instagram​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ ថា​៖«​ខ្ញុំ​ចង់​បញ្ចប់​តួនាទី​របស់ខ្ញុំ​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ថៃ ហើយនឹង​ជម្រះ​ការងារ​របស់ខ្ញុំ​នៅទីនេះ​ក្នុង​រយៈពេល​៩០​ថ្ងៃ​។ ខ្ញុំ​ចង់​អរគុណ​ដល់​កីឡាករ​ទាំងអស់ បុគ្គលិក​គ្រូបង្វឹក​របស់ខ្ញុំ ក៏ដូចជា​ក្រុម​អ្នកគាំទ្រ​បាល់ទាត់ និង​ក្រុមគ្រួសារ​របស់ខ្ញុំ​ដែល​តែងតែ​នៅ​ពីក្រោយ​ខ្ញុំ​»​។​
 
​អតីត​កីឡាករ​បាល់ទាត់​ល្អ​បំផុត​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ បាន​យល់ព្រម​បន្ត​កិច្ចសន្យា​ដឹកនាំ​ក្រុម​ដំរី​នេះ​រយៈពេល​មួយឆ្នាំ​ទៀត ជាមួយនឹង​សហព័ន្ធ​កីឡាបាល់ទាត់​ថៃ​កាលពី​ថ្ងៃទី​២៧ ខែកុម្ភៈ ២០១៧​។ ដូច្នេះ​មានន័យថា Zico លាលែង​ពី​តំណែង​ទាំង​នៅជាប់​កិច្ចសន្យា​រហូតដល់​១១​ខែ​ទៀត​ឯណោះ​។ 
 
​ក្រោម​ការដឹកនាំ​របស់​អតីត​កីឡាករ Huddersfield Town ថៃ​ធ្លាប់​ឈ្នះ​ពាន AFF Championship ពីរដង​ក្នុង​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៦​។ ជាមួយនឹង​ការចាកចេញ​របស់ Zico សហព័ន្ធ​កីឡាបាល់ទាត់​ថៃ​ក៏​កំពុងតែ​រក​គ្រូបង្វឹក​ថ្មី​ដែរ ហើយ​គ្រូ​ថ្មី​នេះ​ទំនងជា​គ្រូ​បបរ​ទេស​ថែម​ទៀតផង​៕
 
 
 

Tag:
 បាល់ទាត់​
  Zico
  World Cup
  Kiatisak Senamuang
© រក្សាសិទ្ធិដោយ thmeythmey.com