ជាតិ
សេដ្ឋកិច្ច
ចំណូល​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​តំបន់​អង្គរ​បាន ៣០​លាន​ដុល្លារ ក្នុង​ត្រីមាស​ទី​១​ឆ្នាំនេះ​
02, Apr 2017 , 9:07 am        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ ក្នុងអំឡុងពេល​បី​ខែ​ដើមឆ្នាំ​នេះ ភ្ញៀវទេសចរ​អន្តរជាតិ​ចូល​ទស្សនា​តំបន់​អង្គរ​មាន​ចំនួន​ជាង ៧៦​ម៉ឺន​នាក់ កើនឡើង ៩​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៦ ។ រីឯ​ចំណូល​ពី​ការលក់​សំបុត្រ​ជូន​ភ្ញៀវទេសចរ​ទាំងនេះ​មាន​ចំនួន ៣០,៨៥​លាន​ដុល្លារ កើនឡើង ៥១,៦​ភាគរយ​។ នេះ​បើតាម​របាយការណ៍​រប​ស់​គ្រឹះស្ថាន​អង្គរ នៅ​ថ្ងៃទី​១​ខែមេសា​។​


​របាយការណ៍​នេះ​បញ្ជាក់ថា ក្នុង​ទំហំ​ទឹកប្រាក់​ជាង​៣០​លាន​ដុល្លារ​នេះ ថវិកា ២៩,៩​លាន​ដុល្លារ​ត្រូវ​បង់​ចូល​ថវិកាជាតិ និង ៩៥,៤​ម៉ឺន​ដុល្លារ​ត្រូវ​ផ្ដល់ជូន​មូលនិធិ​ពេទ្យ​គន្ធបុប្ផា​សម្រាប់​ខែកុម្ភៈ និង​មីនា​។ 
 
​គួរ​បញ្ជាក់ថា រដ្ឋាភិបាល​បាន​អនុវត្ត​តម្លៃ​សំបុត​ថ្មី​សម្រាប់​ការចូល​ទស្សនា​រមណីយ​ដ្ឋា​ន​អង្គរ ចាប់ពី​ខែកុម្ភៈ​ឆ្នាំនេះ​មក ដោយ​តម្លៃ​ថ្មី​គឺ ៣៧​ដុល្លារ​សម្រាប់​សំបុត្រ​ចូល​ទស្សនា​មួយថ្ងៃ​។ ក្នុងនោះ​ទឹកប្រាក់ ២​ដុល្លារ​ត្រូវ​ផ្ដល់ជូន​មន្ទី​ពេទ្យ​គន្ធបុប្ផា​។​
 
​នៅ​ឆ្នាំ​២០១៦ កន្លងទៅ ថវិកា​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរ​បាន​ជាង ៦២​លាន​ដុល្លារ កើនឡើង​ជាង ៤​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៥ ។  រដ្ឋាភិបាល​គ្រប់គ្រង​ការលក់​សំបុត្រ​ទស្សនា​អង្គរ​ដោយ​ខ្លួនឯង​ចាប់ពី​ខែមករា​ឆ្នាំ​២០១៦ បន្ទាប់ពី​ដកហូត​សិទ្ធិ​នេះ​ពី​ក្រុមហ៊ុន​សុខា​៕
 
 
 

Tag:
 អង្គរវត្ត​
  គ្រឹះស្ថាន​អង្គរ​
© រក្សាសិទ្ធិដោយ thmeythmey.com