ជាតិ
សិល្បះ
កម្ពុជា​សុំ​ចុះ​ល្ខោនខោល​ជា​សម្បត្តិ​បេតិកភណ្ឌ​អរូបី​មនុស្សជាតិ​អង្គការ​យូណេស្កូ​
04, Apr 2017 , 2:37 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកយុវជនល្ខោនខោលកម្ពុជា
រូបភាពពីហ្វេសប៊ុកយុវជនល្ខោនខោលកម្ពុជា
​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានដាក់​ឯកសារ​ល្ខោនខោល​ខ្មែរ ដើម្បី​ស្នើសុំ​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​អរូបី​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ រួចហើយ​នៅ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៧​កន្លងទៅ​។ បើតាម​ក្រសួង​វប្បធម៌ អង្គការ​យូណេស្កូ​នឹង​ចំណាយពេល​ជិត​២ឆ្នាំ ពិនិត្យ វាយតម្លៃ មុននឹង​សម្រេច​ថា​ដា​ក់ប​ញ្ជូ​ល​ល្ខោនខោល​ខ្មែរ​ជា​សម្បត្តិ​បេតិកភណ្ឌ​អរូបី​មនុស្សជាតិ ឬក៏​អត់​។ ក្រៅពី​ល្ខោនខោល កម្ពុជា​ក៏បាន​ស្នើសុំ​ឲ្យ​អង្គការ​យូណេស្កូ​ប​ញ្ជូ​ល​ក្បាច់គុន​ល្បុក្កតោ ជា​បេតិកភណ្ឌ​អរូបី​មនុស្សជាតិ​ដែរ​។ ជាមួយគ្នា​នោះ ក្រសួង កំពុង​រៀបចំ​ឯកសារ​ពាក់ព័ន្ធ​នឹង​ភ្លេង​អារក្ខ និង​តម្បាញ​សូត្រ​ខ្មែរ​ជាដើម ដើម្បី​ស្នើសុំ​ប​ញ្ជូ​ល​ជាស​ម្ប​តិ្ត​បេតិកភណ្ឌ​អរូបី​មនុស្សជាតិ​នៅពេល​ខាងមុខ​។



​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានដាក់​ឯកសារ​ពាក់​ព័ន្ធ​នឹង​ល្ខោនខោល ដើម្បី​ស្នើសុំ​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​អ​រូ​បិ​មនុស្សជាតិ ទៅកាន់​អង្គការ​យូណេស្កូ តាំងពី​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៧ ។ អគ្គនាយកដ្ឋាន​បច្ចេក​ទេស​វប្បធម៌ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​បញ្ជាក់ថា អង្គការ​យូណេស្កូ ក៏បាន​ឆ្លើយតប​វិញ​ថា បានទទួល​ឯកសារ​ទាំងអស់​នេះហើយ នៅ​ថ្ងៃ​ដដែល​ដែរ​។

​លោក ហាប់ ទូច អគ្គនាយកដ្ឋាន​បច្ចេក​ទេស​វប្បធម៌ បាន​បន្ត​បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​ថា​៖«​អង្គការ​យូណេស្កូ គេ​ឆ្លើយតប​ថា​គេ​បានទទួល​ឯកសារ​ផ្លូវការ​ហើយ ប៉ុន្តែ​មិនមែន​ដាក់​ទៅ​ភ្លាម គេ​សម្រេច​ភ្លាម​នោះទេ​។ ត្រូវការ​ពេលវេលា ពិនិត្យ វាយតម្លៃ ក៏​ជិត​២​ឆ្នាំ​ដែរ​»​។​

​តាម​គោលការណ៍ និង​នីតិវិធី​របស់​អង្គការ​យូណេស្កូ ឯកសារ​នីមួយៗ​ដែល​ដាក់​ស្នើសុំ ត្រូវ​ឆ្លងកាត់​ការពិនិត្យ វាយតម្លៃ ជាច្រើន​ដំណាក់កាល ពី​ក្រុម​ជំនាញ​អន្តរជាតិ មុននឹង​ពិនិត្យ​សម្រេច នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​របស់​អង្គការ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ចុងឆ្នាំ​២០១៨ ។​



​ជាការ​កត់សម្គាល់ ប្រទេស​ថៃ ក៏បាន​ដាក់​ឯកសារ របាំ​ល្ខោន​ពាក់​របាំងមុខ ឬ​ល្ខោនខោល (Khon Masked Dance) ស្នើសុំ​ចុះបញ្ជី​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​អរូបី របស់​អង្គការ​យូណេស្កូ​ដែរ នៅ​ចុងខែ​មីនា ឆ្នាំ​២០១៧ កន្លងទៅនេះ​។​

​ជុំវិញ​ការស្នើសុំ​នេះ លោក ហាប់ ទូច បាន​គូសបញ្ជាក់ថា លោក​មិន​បារម្ភ​និង​មិន​ប្រឆាំង​នោះឡើយ ពីព្រោះ​ប្រទេស​នីមួយៗ មាន​អត្តសញ្ញាណ​រៀងៗ​ខ្លួន​។ អគ្គនាយកដ្ឋាន​បច្ចេក​ទេស​វប្បធម៌ គូសបញ្ជាក់​ដូច្នេះ​ថា​៖«​ប្រទេស​ណា​ក៏​គេ​មាន​បេតិកភណ្ឌ​អ​រូបិយ​ដែរ ហើយ​វា​តែងតែមាន​ឥទ្ធិពល​ទៅវិញទៅមក​។ កម្ពុជា​មិន​ប្រឆាំងនឹង​ថៃ ហើយ​ថៃ​ក៏​មិនត្រូវ​ប្រឆាំងនឹង​កម្ពុជា​ដែរ​»​។​

​បើតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​វប្បធម៌ ចុះ​ថ្ងៃ​៤ មេសា ក្រសួង​ក៏បាន​ដាក់​ឯកសារ​គុន​ល្បុក្កតោ​ខ្មែរ ស្នើសុំ​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​អ​រូ​បិ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ​ដែរ​។ ទន្ទឹមនឹងនេះ ក្រុមបច្ចេកទេស​របស់​ក្រសួង​វប្បធម៌ បាន និង​កំពុង​សិក្សា​ឯកសារ​មរតក​វប្បធម៌​អរូបី​ផ្សេងទៀត ដើម្បី​ដាក់​ស្នើ​ទៅ​អង្គការ​យូណេស្កូ មាន​ជាអាទិ៍ ភ្លេង​អារក្ខ តម្បាញ​សូត្រ​ខ្មែរ ជាដើម​។​៕

Tag:
 ល្ខោនខោល​
 ​ ហាប់ ទូច​
© រក្សាសិទ្ធិដោយ thmeythmey.com