ពីនេះ ពីនោះ
ពាក្យ ដែលមាន «​កិរិយា​, ការ​, សេចក្តី​» នៅ​ខាងដើម គឺ​សុទ្ធតែជា «​នាមសព្ទ​» ទាំងអស់​
05, Apr 2017 , 7:30 am        
រូបភាព
​ភ្នំពេញ​៖ ពាក្យ​បីយ៉ាង គឺ «​កិរិយា​, ការ​, សេចក្តី​» ត្រូវបាន​ប្រើប្រាស់​នៅ​ខាងដើម​នៃ​ពាក្យ​ដទៃទៀត​។ នៅពេល «​កិរិយា​, ការ​, សេចក្តី​» នៅ​ខាងដើម​នៃ​ពាក្យ​ណាមួយ ពាក្យ​នោះ ត្រូវតែ​ក្លាយជា​នាមសព្ទ​។



​ជាទូទៅ «​កិរិយា​, ការ​, សេចក្តី​» តែងតែ​ឈរ​នៅមុខ​ពាក្យ​ណា ដែលជា​កិរិយាសព្ទ ឬ គុណនាម​។ បន្ទាប់មក ពាក្យ ដែលជា​កិរិយាសព្ទ ឬ គុណនាម​នោះ នឹង​ក្លាយទៅជា​នាមសព្ទ​វិញ នៅពេល «​កិរិយា​, ការ​, សេចក្តី​» សិ្ថ​ត​នៅ​ពីមុខ​។ ឧទាហរណ៍​ថា ប្រព្រឹត្ត (​កិរិយាសព្ទ​) ទៅជា កិរិយា​ប្រព្រឹត្ត (​នាមសព្ទ​), សំពះ (​កិរិយាសព្ទ​) ទៅជា ការសំពះ (​នាមសព្ទ​), សុខ (​គុណនាម​) ទៅជា សេចក្តីសុខ (​នាមសព្ទ​) ។​ល​។ 

​ជាការ​កត់សម្គាល់ ពាក្យ​ណា ដែលជា​កិរិយាសព្ទ ច្រើនតែ​ដាក់ «​កិរិយា ឬ ការ​» នៅ​ខាងដើម ដើម្បី​ឲ្យ​ក្លាយជា​នាមសព្ទ វិញ​។ ឧទាហរណ៍​ថា សន្សំ (​កិរិយាសព្ទ​) ទៅជា កិរិយា​សន្សំ (​នាមសព្ទ​) ឬ ការ​សន្សំ (​នាមសព្ទ​)​។

​យ៉ាងណា «​កិរិយា​» មិនសូវ​ប្រើ​ជា​ញឹកញាប់​ដូចជា «​ការ​» នោះទេ​។ ប្រជាពលរដ្ឋ​ខ្មែរ និយម​ចូលចិត្ត​ប្រើ «​ការ​» ច្រើនជាង (​កិរិយា​)​។ ឧទាហរណ៍​ថា ដេក (​កិរិយាសព្ទ​) ទៅជា ការ​ដេក (​នាមសព្ទ​), ដើរ (​កិរិយាសព្ទ​) ទៅជា ការដើរ (​នាមសព្ទ​), ឈរ (​កិរិយាសព្ទ​) ទៅជា ការ​ឈរ (​នាមសព្ទ​), អង្គុយ (​កិរិយាសព្ទ​) ទៅជា ការ​អង្គុយ (​នាមសព្ទ​) ។​ល​។ 

​ចំណែកឯ «​សេចក្តី​» ច្រើនតែ​ដាក់​នៅមុខ​ពាក្យ​ណា ដែលជា «​គុណនាម​»​។ ពាក្យ​ទាំងនោះ មានដូចជា ល្អ (​គុណនាម​) ទៅជា​សេចក្តី​ល្អ (​នាមសព្ទ​), អាក្រក់ (​គុណនាម​)  ទៅជា សេចក្តី​អាក្រក់ (​នាមសព្ទ​), សុខ (​គុណនាម​) ទៅជា សេចក្តីសុខ (​នាមសព្ទ​), ទុក្ខ (​គុណនាម​) ទៅជា សេចក្តី​ទុក្ខ (​នាមសព្ទ​) ។​ល​។

​ប៉ុន្តែ ពេលខ្លះ «​សេចក្តី​» ក៏​អាចដាក់​នៅ​ពីមុខ​ពាក្យ ដែលជា​កិរិយាសព្ទ ផងដែរ​។ ឧទាហរណ៍​ថា សរសើរ (​កិរិយាសព្ទ​) ទៅជា សេចក្តី​សរសើរ (​នាមសព្ទ​), ស្លាប់ (​កិរិយាសព្ទ​) ទៅជា សេចក្តីស្លាប់ (​នាមសព្ទ​), ពន្យល់ (​កិរិយាសព្ទ​) ទៅជា សេចក្តីពន្យល់ (​នាមសព្ទ​) ។​ល​។ 

​ការបកស្រាយ​ខាងលើ គឺ​ផ្អែកលើ​វចនានុក្រម សម្តេច ជួន ណាត ជា​គោល​៕



Tag:
 ពន្យល់ពាក្យ
  កិរិយា ការ សេចក្តី
© រក្សាសិទ្ធិដោយ thmeythmey.com