ជាតិ
កញ្ញា លី ទិ​ត្យ​សុភាព ប្រាប់​ពី​របៀប​ដណ្តើម​ពានរង្វាន់​វោហា​ស័ព្ទ​ជា​សាធារណៈ​
06, Apr 2017 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ កញ្ញា លី ទិ​ត្យ​សុភាព ជា​សិស្ស​ភាសា​អង់គ្លេស​នៃ​សាលា AII និង​ជា​និស្សិត​ឆ្នាំ​ទីមួយ ផ្នែក​សិក្សា អន្តរជាតិ នៃ​វិទ្យា​សា្ថ​ន​ភាសាបរទេស (IFL) ដែល​បានទទួល​ពានរង្វាន់​វោ​ហោ​ស័ព្ទ​ជា​សាធារណៈ​ប្រចាំឆ្នាំ ២០១៧​នេះ​។ យុ​វជ​នារី​វ័យ ១៨​ឆ្នាំ​ដែលមាន​ដើមកំណើត​ក្នុង​រាជធានី​រូបនេះ បាន​បញ្ចេញ​សមត្ថភាព​បកស្រាយ​ជា​ភាសា​អង់គ្លេស​ប្រជែង​ជាមួយ​បេក្ខជន​ចំនួន ៣០​រូប​ចាប់ពី​វគ្គ​ជម្រុះ រហូតដល់​វគ្គ​ផ្តាច់ព្រ័ត្រ​លើ​ប្រធានបទ​ពាក់ព័ន្ធ​នឹង​គោលដៅ​អភិវឌ្ឍ​សហស្ស​វត្សរ៍​របស់​អង្គការសហប្រជាជាតិ​(UNSDG)​ទាំង ១៧​ចំណុច​យ៉ាង​ស្វាហាប់​កាលពី​ថ្ងៃទី​១ មេសា​កន្លងទៅ នា​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ឬ​សាលា​តិច​ណូ​។ កញ្ញា នឹង​បន្តដំណើរ​ទៅ​ចូលរួម​ប្រកួត​ថ្នាក់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក នៅ​ខែមិថុនា នា​ម៉ុង​ហ្គោ​លី​ខាងមុខនេះ​ទៀត​។​



​តើ​មាន​កត្តា​អ្វីដែល​នាំ​ឲ្យ សុភាព អាច​ដណ្តើមពាន​រង្វាន់​វោ​ហោ​ស័ព្ទ​ថ្នាក់ជាតិ​?

​ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​ស្តាប់​បទ​សម្ភាស​រវាង​លោក រឿន ភា​រុន អ្នកសារព័ត៌មាន​ថ្មីៗ និង​កញ្ញា លី ទិ​ត្យ​សុភាព ដូចខាងក្រោម​៖







​លោក រឿន ភា​រុន​៖ សួស្តី​កញ្ញា លី ទិ​ត្យ​សុភាព​! អរគុណ​ដែល​ផ្តល់​បទ​សម្ភាស​ដល់​សារព័ត៌មាន​ថ្មីៗ​ពេលនេះ​។ កញ្ញា​ជា​ជ័យលាភី​ឆ្នើម​ផ្នែក​វោហា​ស័ព្ទ​ជា​សាធារណៈ​ប្រចាំឆ្នាំ​២០១៧​នេះ តើ​កញ្ញា​អាច​ចូលរួម​ការប្រកួតប្រជែង​ក្នុង​វេទិកា​វោហា​ស័ព្ទ​ដោយ​របៀប​ណា​?

​កញ្ញា លី ទិ​ត្យ​សុភាព​៖ ចាស​! សម្រាប់​ការប្រកួត​ពានរង្វាន់​វោហា​ស័ព្ទ​ជា​សាធារណៈ និង​តស៊ូ​មតិ​ប្រចាំឆ្នាំ ២០១៧​នេះ មុនដំបូង ខ្ញុំ​បានឃើញ​សេចក្តីប្រកាស​ព័ត៌មាន​សាលា​ស្វែងរក​បេក្ខជន​ចូលរួម​រួច ស្របពេល​ខ្ញុំ​ក៏​ចាប់អារម្មណ៍​ហើយ​សាលា​ក៏​សាកសួ​ដែរ​...​។ ខ្ញុំ​បាន​ចូលរួម​ប្រកួតប្រជែង​តាមរយៈ​សាលា​។​

​លោក រឿន ភា​រុន​៖ តើ​កញ្ញា​អាច​ទទួលបាន​ប្រយោជន៍​អ្វីខ្លះ​ពី​ការនិយាយ​វោ​ស័ព្ទ​ជា​សាធារណៈ​? តើ​កញ្ញា​ចេះ​ជជែក ចេះ​ស្រាវជ្រាវ និង​ចេះ​ថ្លែង​ជា​សាធារណៈ​ទៅ​មហាជន​ច្រើនជាង​មុន​ឬ​យ៉ាងដូចម្តេច​? ឧទាហរណ៍​មួយ​ចំណុច​ដែល​កញ្ញា​ថែ្ល​ង​ក្នុងការ​ប្រកួតប្រជែង​។​

​កញ្ញា លី ទិ​ត្យ​សុភាព​៖ ពិតណាស់​! មុនពេល​ខ្ញុំ​ចូលរួម​ការប្រកួត​នេះ ខ្ញុំ​គិតថា វោហា​ស័ព្ទ​ជា​សាធារណៈ​គ្រាន់តែ​ស្រាវជ្រាវ​តាម​អ៊ី​ន​ធឺ​ណេ​ត​រួច​ថ្លែង​សារ​ទៅកាន់​សាធារណជន​។ តែ​វា​ផ្ទុយ​ពី​ការគិត​របស់ខ្ញុំ​។ ឥឡូវ ខ្ញុំ​យល់ថា យើង​មិន​ត្រឹមតែ​ចេះ​ស្រាវជ្រាវ​ប៉ុណ្ណោះ​ទេ យើង​ថែមទាំង​ត្រូវ​និយាយ​ចំ​ខ្លឹម​សារសំខាន់ៗ ដែល​បង្កប់​សារ​ពាក់ព័ន្ធ​នឹង​ប្រធានបទ​ដែល​យើង​បញ្ជូន​សារ​ដល់​សាធារណជន​ឲ្យ​គាត់​យល់ និង​ចាប់អារម្មណ៍​ច្បាស់លាស់​។ យើង​ត្រូវ​ដឹង​ពី​អត្ថន័យ​អំពី​ប្រធានបទ​។ តើ​យើង​ត្រូវ​និយាយ​ពីអ្វី​? បើ​យើង​ត្រឹមតែ​យក​ព័ត៌មាន​តាម​អ៊ី​ន​ធឺ​ណេ​ត​នោះ អ្នកណា​ក៏​អាចនិយាយបាន​ដែរ​...​។ ជា​ឧទាហរណ៍ យើង​ត្រូវ​ប្រកួត​ជា​ពីរ​ជុំ គឺ​វគ្គ​ជម្រុះ​មាន​បេក្ខជន ៣០​នាក់ និង​វគ្គ​ផ្តាច់ព្រ័ត្រ​ចំនួន ១០​នាក់ ដូចនេះ​ប្រធានបទ​ខុសគ្នា ក្នុងនោះ មាន ការបញ្ឈប់​អំពើហិង្សា​លើ​ស្ត្រី ជាដើម​...​។​

​លោក រឿន ភា​រុន​៖  មុនពេល​កញ្ញា​ឡើង​បញ្ចេញ​សមត្ថភាព​លើ​វេទិកា កញ្ញា​បាន​ត្រៀមខ្លួន​ដូចម្តេចខ្លះ​? កញ្ញា​ស្រាវជ្រាវ ឬ​ហ្វឹកហាត់​និយាយ​ដូចម្តេច​? កញ្ញា​ទទួលបាន​ការណែនាំ​ពី​លោកគ្រូ អ្នកគ្រូ មិត្តភក្តិ​ដែរ​ទេ​?

​កញ្ញា លី ទិ​ត្យ​សុភាព​៖ ចាស​ប្រាកដ​ណាស់​! នៅ​វគ្គ​ចុងក្រោយ យើង​មាន​ប្រធានបទ​ចំនួន ៣ ។ យើង​ត្រូវ​សិក្សា​អំពី​ប្រធានបទ​ឲ្យ​ច្បាស់លាស់​។ យើង​ត្រូវ​យល់​អំពី​គោលបំណង​នៃ​ប្រធានបទ​ថា តើ​គេ​ចង់បាន​អ្វី​? ពីព្រោះ​ប្រធានបទ​មាន​អត្ថន័យ​ស៊ីជម្រៅ​ជាង​វគ្គ​មុនៗ​។ ចឹ​ង យើង​ត្រូវ​ទទួល​ការណែនាំ​ពី​គ្រូ និង​បងស្រី​បន្ថែមទៀត​។ បន្ទាប់មក យើង​ត្រូវ​រៀប​សេចក្តីព្រាង​ការនិយាយ និង​ត្រៀម​ការសម្តែង​អាកប្បកិរិយា​ពេល​ឡើង​និយាយ​លើ​វេទិកា ពិសេស​គឺ កាយវិការ និង​ការលើកដាក់​សំឡេង​...​។ ការ​ថ្លែង​វោហា​ស័ព្ទ​ជា​សាធារណៈ​ដូចគ្នា​នឹង​ការសម្តែង​ដែរ​...​។​



​លោក រឿន ភា​រុន​៖ មុន​ឡើង​ប្រកួតប្រជែង តើ​កញ្ញា​ស្រាវជ្រាវ​តាមរយៈ​ណាខ្លះ​ដែរ ដើម្បី​ឲ្យ​ការ​ថ្លែង​សារ​របស់​កញ្ញា​មាន​ឥទ្ធិពល​ជា​វិជ្ជមាន​ដល់​សាធារណជន​? ពិសេស​គឺ ពេល​ថ្លែង​សារ​?

​កញ្ញា លី ទិ​ត្យ​សុភាព​៖ យើង​ត្រូវ​ចេះ​ស្រាវជ្រាវ​ទាំង​លើ​អ៊ី​ន​ធឺ​ន​ណេ​ត និង​សៀវភៅ​ដែលមាន​ប្រភព​ច្បាស់លាស់​។ យើង​ត្រូវការ​ប្រភព​ឯកសារ ច្បាស់លាស់​ពី​អង្គការសហប្រជាជាតិ​ជាដើម​...​។ ហើយ​ពេល​និយាយ យើង​ត្រូវមាន​កាយវិការ និង​បញ្ចូល​មនោសញ្ចេតនា គឺ​ដូច​ការសម្តែង​ចឹ​ង​...​។ យើង​ត្រូវ​និយាយ​ម៉េច​ឲ្យ​ខ្លឹមសារ​ចាក់​ចូល​បេះដូង​សាធារណជន​។​

​លោក រឿន ភា​រុន​៖ តើ​កញ្ញា​មាន​ភ័យខ្លាច​ដែរ​ទេ ពេល​កញ្ញា​ឡើង​និយាយ​លើ​វេទិកា​មុខ​សាធារណជន​នោះ​? ប្រសិនបើ​ភ័យ តើ​កញ្ញា​ធ្វើ​ដូចម្តេច ដើម្បី​ឲ្យ​មាន​ទំនុកចិត្ត​ក្នុង​ខ្លួន​វិញ​?

​កញ្ញា លី ទិ​ត្យ​សុភាព​៖ ចាស​! ខ្ញុំ​ភ័យ​ខ្លះ​ដែរ​។ តែ​ខ្ញុំ​បាន​ត្រៀម​គ្រប់គ្រង​ការភ័យខ្លាច​រួច មុនពេល​ប្រកួត​។ លោក​បង្វឹក​ខ្ញុំ​បាន​នាំ​ខ្ញុំ​ចូលក្នុង​ផ្សារ​ទូល​ទំពូង ដើម្បី​និយាយ​ទៅកាន់​មនុស្សម្នា​ជា​សាធារណ​ដូច្នេះ​ខ្ញុំ​អាច​កាត់បន្ថយ​ភាពភ័យខ្លាច​បាន​ច្រើន​។ គាត់​បាន​ឲ្យ​ខ្ញុំ​និយាយ​ពី​ប្រធានបទ​ដែល​ខ្ញុំ​ត្រូវ​ចូលរួម ប្រកួតប្រជែង​ក្នុង​ទីផ្សារ​។ តែ​យ៉ាងណា ខ្ញុំ​នៅតែ​ភ័យ​ខ្លះ​ដែរ ពេល​ឡើង​និយាយ​។ ចឹ​ង ខ្ញុំ​ត្រូវ​សម្រួល​ដង្ហើម​មួយៗ​វែងៗ ហើយ​ត្រូវ​សំឡឹង​ទៅ​សាធារណជន​ដោយ​យកចិត្តទុកដាក់ ដើម្បី​កុំ​ឲ្យ​ភ័យខ្លាច​...​។ យើង​គិតថា យើង​ត្រូវ បញ្ចេញ​ឲ្យ​អស់ពី​សមត្ថភាព​...​។ បើ​យើង​គិតតែ​អៀនខ្មាស់ យើង​នឹង​មិនអាច​ប្រមូល​គំនិត​ប្រកួត​យកជ័យ​ជម្នះ បានទេ​...​។​

​លោក រឿន ភា​រុន​៖ តើ​ពួកគេ​មាន​អ្នក​ឆ្ងល់​ទេ ហេតុអ្វី​បានជា​កញ្ញា​និយាយ​នៅ​ទីសាធារណៈ​បែបនេះ​? ដោយឡែក តើ​កញ្ញា​ត្រូវ​រម្លឹក​ឡើងវិញ​ដែរ​ទេ មុនពេល​ការប្រកួត​?

​កញ្ញា លី ទិ​ត្យ​សុភាព​៖ ចាស​! ពួកគាត់​ឆ្ងល់​ដែរ​។ តែ​ខ្ញុំ​ប្រាប់​គាត់​វិញ  នៅពេល​ពួកគាត់​សួរ​។ ចំពោះ មុន​ការប្រកួត យើង​ត្រូវ​រម្លឹក​ការនិយាយ​របស់​យើង​ឡើងវិញ ដើម្បី​ឲ្យ​ប្រាកដថា ការនិយាយ​នោះ គឺ​ត្រឹម ត្រូវ​ច្បាស់លាស់​ដល់​សាធារណជន និង​គណៈកម្មាធិការ​ដាក់​ពិន្ទុ​...​។

​លោក រឿន ភា​រុន​៖ កញ្ញា​បាន​គិតថា កញ្ញា​នឹង​ឈ្នះ​មុន​ការប្រកួតប្រជែង​ដែរ​ទេ​? កញ្ញា​នឹង​ចេញទៅ បន្ត​ការប្រកួត​ថ្នាក់​តំបន់​ថែមទៀត​នាពេលខាងមុខ តើ​កញ្ញា​សង្ឃឹម​ទទួល​ពានរង្វាន់​ជ័យលាភី​ប៉ុន្មាន ភាគរយ​?

​កញ្ញា លី ទិ​ត្យ​សុភាព​៖ ចំពោះ​ការប្រកួត​ថ្នាក់ជាតិ ខ្ញុំ​គិតថា ខ្ញុំ​នឹង​ឈ្នះ​បេក្ខជន​ដទៃទៀត ពីព្រោះ​ពួកគេ​ជា​បេក្ខជន​ដែល​សមត្ថ​ភាពខ្លាំងៗ​...​។ តែ​ខ្ញុំ​ប្តេជ្ញា​ត្រូវ​បញ្ចេញ​អស់ពី​សមត្ថភាព​ប្រកួត​។ ខ្ញុំ​មាន​ជំនាញ​មួយ​នេះ គឺ​ខ្ញុំ​អាចជួយ​គ្រួសារ និង​សង្គម រួមទាំង​ចូលរួម​កិច្ចការ​សាលា​ផងដែរ​។ ដោយឡែក ការប្រកួត​ថ្នាក់ តំបន់​វិញ ខ្ញុំ​តាំងចិត្ត​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព ពីព្រោះ​ខ្ញុំ​ចង់​ឈ្នះ​បេក្ខជន​ប្រទេស​ដទៃ​។ ខ្ញុំ​សង្ឃឹម​ឈ្នះ​ចំនួន ៦០ ទៅ​៧០​ភាគរយ​។ ខ្ញុំ​បាន​ត្រៀម​ចិត្តគំនិត​ប្រកួត​រួចរាល់​ហើយ​...​។​



​លោក រឿន ភា​រុន​៖ ជា​ចុងក្រោយ តើ​កញ្ញា​ថ្លែងអំណរគុណ​អ្នកណា​ដែល​ជំរុញ​ឲ្យ​កញ្ញា​ទទួល​ជ័យ​ឆ្នើម​ផ្នែក​វោហា​ស័ព្ទ​ជា​សាធារណៈ​ឆ្នាំនេះ​ទេ​?

​កញ្ញា លី ទិ​ត្យ​សុភាព​៖ ខ្ញុំ​សូម​អរគុណ​គ្រួសារ​ដែល​តែង​លើក​ចិត្ត​រហូត និង​លោកគ្រូ​ហ្វឹកហាត់​ខ្ញុំ និង​មិត្តភក្តិ​ដែល​តែង​ជួយ​លើកទឹកចិត្ត​ខ្ញុំ​។​
​គួរ​បញ្ជាក់ថា យុវជន​ឆ្នើម​ប្រមាណ ១០​ក្រុម​ដែលមាន​សមាជិក​ប្រមាណ​បីនាក់​ក្នុង​មួយក្រុមៗ​តំណាង​គ្រឹះស្ថានសិក្សា​រដ្ឋ និង​ឯកជន​ចំនួន​១១​គ្រឹះស្ថាន បាន​ចូលរួម​ប្រកួតប្រជែង​ផ្នែក​តស៊ូ​មតិ​លើក​ទី​៧ រីឯ សិស្ស​និស្សិត​តំណាង​គ្រឹះស្ថានសិក្សា និង​បេក្ខជន​ឯករាជ្យ​ជាង​១០​រូប​ទៀត បាន​ប្រកួតប្រជែង​វោ​ស័ព្ទ​ជ​សាធារណៈ​ក្នុង​ឆ្នាំ​ទី​៤ របស់ JCI ពាក់ព័ន្ធ​នឹង​ប្រធានបទ​គោលដៅ​អភិវឌ្ឍ​សហស្ស​វត្សរ៍​របស់​អង្គការសហប្រជាជាតិ​(UNSDG)​ទាំង ១៧​ចំណុច​ក្នុង​ឆ្នាំ​២០១៧​នេះ​។​

​ក្រោយពី​បេក្ខជន​ទាំងអស់​ប្រកួតប្រជែង​ដ៏​តឹងសរសៃក​លើ​ប្រធានបទ ដូចជា ការកាត់បន្ថយ​ភាពក្រីក្រ​ធ្ងន់ធ្ងរ និង​ការ​លើ​កម្ពស់​បរិស្ថាន​ស្អាត ព្រមទាំង​ការអប់រំ​ជា​សាកល​ជាដើម​កាលពី​ថ្ងៃទី​ថ្ងៃទី​១ មេសា​កន្លងទៅ គណៈកម្មការ​ជំនាញ​ឯករាជ្យ​បាន​រកឃើញ​ម្ចាស់​ជ័យលាភី​ដែលមាន​សមត្ថភាព​ខ្ពស់​វោហា​ស័ព្ទ​ជា​សាធារណៈ​ចំនួន​១​រូប នោះ​គឺ កញ្ញា លី ទិ​ត្យ​សុភាព ជា​សិស្ស​ផ្នែក​ភាសា​អង់គ្លេស​នៃ​វិទ្យាស្ថាន AII និង​ក្រុមនិស្សិត​សាកលវិទ្យាល័យ​នីតិសាស្ត្រ និង វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ផ្នែក​ច្បាប់​ភាសា​អង់គ្លេស បាន​ពានរង្វាន់​ផ្នែក​តស៊ូ​មតិ​ឆ្នើម​។​

​ក្នុង​វគ្គ​ប្រកួតប្រជែង​ផ្តាច់ព្រ័ត្រ JCI បានប្រកាសថា កញ្ញា សុភាព បានទទួល​ពិន្ទុ​ចំនួន ២០៥​ពិន្ទុ​ឈ្នះ​លោក ប៊ិន យ៉ាន ដែលជា​បេក្ខជន​វោហា​ស័ព្ទ​ឯករាជ្យ​បាន​ពិន្ទុ​ចំនួន ១៩៩​ពិន្ទុ​។ ដោយឡែក​ក្រុម​តស៊ូ​មតិ​វិញ ក្រុមនិស្សិត​សាកលវិទ្យាល័យ​នីតិសាស្ត្រ និង វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​បានទទួល​ពិន្ទុ​ចំនួន ១២៨៩​ពិន្ទុ​ឈ្នះ​គូប្រកួត​ក្រុម​សិស្សសាលា CamEd ទទួលបាន​ពិន្ទុ​ចំនួន ១២៧៩​ពិន្ទុ​។ កញ្ញា សុភាព នឹង​ទៅ​ចូលរួម​ការប្រកួតប្រជែង​ថ្នាក់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក នៅ​ខែមិថុនា ឆ្នាំ ២០១៧ ខាងមុខនេះ ក្នុង​ម៉ុង​ហ្គោ​លី​ថែមទៀត​៕


Tag:
 ​លី ទិ​ត្យ​សុភាព​
  JCI
  វោហា​ស័ព្ទ​
  តស៊ូ​មតិ
© រក្សាសិទ្ធិដោយ thmeythmey.com