ជាតិ
សេដ្ឋកិច្ច
ទូត​អាមេរិក ជំរុញ​រដ្ឋាភិបាល​សម្រួល​ការធ្វើ​ពាណិជ្ជកម្ម​ដល់​វិស័យ​ឯកជន តាមរយៈ​កិច្ចព្រមព្រៀង TFA
06, Apr 2017 , 8:59 am        
រូបភាព
រូបភាពពីហ៊េសប៊ុកក្រសួងពាណិជ្ជកម្ម
រូបភាពពីហ៊េសប៊ុកក្រសួងពាណិជ្ជកម្ម
ដោយ:
​ភ្នំពេញ​៖ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក William A. Heidt  បាន​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ស្វែងរក​យន្តការ​អនុវត្ត និង​ចាប់យក​ឱកាស​ពីបទ​បញ្ញត្តិ​នៃ​កិច្ចព្រមព្រៀង​សម្រួល​ពាណិជ្ជកម្ម (Trade Facilitation Agreement, TFA)  សម្រាប់​ជា​ប្រយោជន៍​ដល់​សហគ្រិន​កម្ពុជា​។



​កម្ពុជា​បានផ្ដល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង TFA នៅ​ឆ្នាំ​២០១៥ ។ កិច្ចព្រមព្រៀង​សម្រួល​ពាណិជ្ជកម្ម (Trade Facilitation Agreement, TFA) គឺជា​កិច្ចព្រមព្រៀង​ពហុភាគី​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ដែល​បាន​ចូល​ជាធរ​មាននៅ​ខែកុម្ភៈ​ឆ្នាំ​២០១៧ ។ កិច្ចព្រមព្រៀង TFA ផ្ដោត​សំខាន់​លើ​ការសម្រួល​នីតិវិធី​បែបបទ​នៃ​ការដោះដូរ​ទំនិញ និង​សេវា​ពី​ប្រទេសមួយ​ទៅ​ប្រទេសមួយ ដែល​ការសម្រួល​នេះ​នឹង​ជួយ​កាត់​បន្ថយថ្លៃ​ចំណាយ និង​បង្ក​ភាពងាយស្រួល​ដល់​ពាណិជ្ជករ​។ បើតាម​អង្គការ OECD ការអនុវត្ត​កិច្ចព្រមព្រៀង TFA នឹង​ជួយ​កាត់បន្ថយ​ថ្លៃ​ចំណាយ​លើ​ការធ្វើ​ពាណិជ្ជកម្ម​ចំនួន ១២,៥​ភាគរយ ទៅ​១៧,៥​ភាគរយ ហើយ​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នឹង​ទទួលបាន​អត្ថប្រយោជន៍​នេះ​ច្រើនជាងគេ​បំផុត​។​

​លោក William A. Heidt បានចាត់ទុក TFA ជា​ច្រក​មួយ​អាច​ពង្រឹង​ការប្រកួតប្រជែង​របស់​កម្ពុជា​លើ​ទីផ្សារ​អន្តរជាតិ​។ ថ្លែង​សន្ទរកថា​បើក​សិក្ខា​សា​ស្ដីពី​ការអនុវត្ត​កិច្ចព្រមព្រៀង​សម្រួល​ពាណិជ្ជកម្ម​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក កាលពី​ថ្ងៃទី​៤ មេសា ឯកអគ្គរដ្ឋទូត​អាមេរិក បានបញ្ជាក់​ដូច្នេះ​៖«​ការកាត់បន្ថយ​បន្ថយថ្លៃ​នាំចេញ​-​ចូល​ទំនិញ និង​សេវា និង​ការបង្ក​លក្ខណៈ​ងាយស្រួល​ដល់​លំហូរ​ពាណិជ្ជកម្ម​ទៅ​ទីផ្សា​អន្តរជាតិ​របស់​កម្ពុជា នឹង​ជំរុញ​ដោយផ្ទាល់​នូវ​ភាព​ប្រកួតប្រជែង​កម្រិត​តំបន់ និង​ពិភពលោក​របស់​កម្ពុជា និង​បន្តបាន​នូវ​កំណើនសេដ្ឋកិច្ច​»​។​

​ទន្ទឹមនឹង​ជំរុញ​កម្ពុជា​លើ​ការសម្រួល​ពាណិជ្ជកម្ម លោក William A. Heidt បានកត់សំគាល់​ពី​បញ្ហា​នានា​ដែល​បង្ក​ការលំបាក់​ដល់​វិស័យ​ឯកជន​។ លោក​ប្រាប់ថា បើទោះបី​កម្ពុជា​បានធ្វើ​កំណែទម្រង់​សំខាន់ៗ​មួយចំនួន​ក្នុង​រយៈពេល​១០​ចុងក្រោយ​នេះ​ក្ដី ប៉ុន្តែ​ការធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​នៅតែ​ជួប​ក្ដីកង្វល់​ជុំវិញ​បញ្ហា​ការិយាល័យ​ធិបតេយ្យ​, ការធ្វើ​សេចក្ដីសម្រេចចិត្ត​របស់​រដ្ឋាភិបាល​ខ្វះ​តម្លាភាព និង​ការអនុវត្ត​បទបញ្ញត្តិ​មួយចំនួន​គ្មាន​និរន្តរភាព​។ លោក​បន្តថា បញ្ហា​ទាំងនេះ​ជះឥទ្ធិពល​ជាពិសេស​ដល់​សហគ្រាស​ខ្នាតតូច​និង​មធ្យម (SME) ។​

​អគ្គរដ្ឋទូត​អាមេរិក​រូបនេះ​បន្ត​ថ្លែងថា រដ្ឋាភិបាល​កម្ពុជា​គួរ​ក្ដាប់​យក​ឱកាស​ពី​ការអនុវត្ត​ប​ញ្ញ​តិ​នៃ​កិច្ចព្រមព្រៀង TFA ដែល​កិច្ចព្រមព្រៀង​នេះ​តម្រូវ​ឲ្យ​សមាជិក​របស់ខ្លួន​លុបបំបាត់​នីតិវិធី​ស្មុគស្មាញ និង​គ្មាន​តម្លាភាព ដើម្បី​ជំរុញ​កម្មវិធី​កំណែ​តម្រង់​ដែលមាន​គោលដៅ​ធ្វើ​ឲ្យ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​មា​ន​ភាពងាយស្រួល និង​តម្លៃ​សមរម្យ​សម្រាប់​សហគ្រិន​កម្ពុជា​។​

​លើសពីនេះ​ទៀត កិច្ចព្រមព្រៀង TFA នឹង​ជួយ​ដោះស្រាយ​លើ​បញ្ហា​ស្ដង់ដារ​អនាម័យ និង​ភូតគាម​អនាម័យ ដែល​អ្នក​នាំចេញ​កសិផល​កម្ពុជា​ជួប​ការលំបាក​នាពេល​កន្លងមក ប្រសិនបើ​រដ្ឋាភិបាលរ​ក​យន្តការ​ផ្នែក​ជំនាញ​បច្ចេកទេស បទដ្ឋាន​ច្បាប់ និង​ប្រព័ន្ធ​នានា អនុលោម​តាម​បញ្ញត្តិ​នៃ TFA នេះ​។ លោក​លើកឡើងថា កន្លងមក កម្ពុជា​នាំចេញ​កសិផល​ទៅ​ទីផ្សារ​ក្រៅប្រទេស​តិចតួច​ណាស់ ដោយសារតែ​ប្រព័ន្ធ​ស្ដង់ដារ​អនាម័យ និង​ភូតគាម​អនាម័យ​នេះឯង​។

​ម្យ៉ាងវិញទៀត ការសហការ​រវាងរ​ដ្ឋា​ភិ​បាល និង​វិស័យ​ឯកជន គឺ​ភាពចាំបាច់​។ លោក William A. Heidt មានប្រសាសន៍ថា ប្រទេស​ដែល​ជោគជ័យ​លើ​សកម្មភាព​ពាណិជ្ជកម្ម បានទទួល​ស្គាល់​វិស័យ​ឯកជន​ថា ជា​កត្តា​ជំរុញ​កំណើនសេដ្ឋកិច្ច​ដ៏​សំខាន់ ហើយ​ប្រទេស​ទាំងនោះ​សហការ​ជាមួយ​វិស័យ​ឯកជន​នៅពេល​ធ្វើ​សេចក្ដីសម្រេចចិត្ត​ណា​ដែល​ទាក់ទង​នឹង​ប្រតិបត្តិការ​របស់​ផ្នែក​ឯកជន ជាពិសេស​លើ​វិស័យ​គយ​៕


Tag:
 TFA
  William A. Heidt
© រក្សាសិទ្ធិដោយ thmeythmey.com