ជាតិ
កាលពី​ឆ្នាំ​១៩៨១ បទ «Cambodia» របស់ Kim Wilde ល្បីល្បាញ​ពេញ​ពិភពលោក​
09, Apr 2017 , 8:19 pm        
រូបភាព
​កាលពី​ឆ្នាំ​១៩៨១ អ្នកចម្រៀង​អង់គ្លេស​ដ៏​ល្បី Kim Wilde ដែល​បច្ចុប្បន្ន​មាន​វ័យ​៥៦​ឆ្នាំ បានចេញ​អាល់​ប៊ុ​ម​ចម្រៀង​មួយ​បទ​ដែលមាន​ចំណងជើង​ថា «Cambodia»​។ បទ​នេះ រំលឹក​ពី​អនុស្សាវរីយ៍​នៃ​ការព្រាត់ប្រាស់​គ្រួសារ​របស់​នារី​ម្នាក់ ដោយសារ​សង្គ្រាម​។



​បទ «Cambodia» រៀបរាប់​ពី​ភរិយា​ពី​ឡុ​ត US Air Force ម្នាក់​ដែល​រស់នៅ​ក្នុងប្រទេស​ថៃ​។ ស្វាមី​គាត់​បាន​បាត់​ខ្លួន​ដោយ​អាថ៌កំបាំង​នៅពេល​ហោះហើរ​ឆ្លងកាត់​កម្ពុជា ដោយពេល​នោះ​ជា​ប្រតិបត្តិ​ទម្លាក់​គ្រាប់បែក​របស់​សហរដ្ឋ​អាមេរិក​មកលើ​កម្ពុ​ជានា​អំឡុង​សង្គ្រាម​វៀតណាម​។ បទ​នេះ ត្រូវបាន​និពន្ធ​រួមគ្នា​ដោយ លោក Marty Wilde ដែលជា​ឪពុក និង​លោក Ricky Wilde ដែលជា​ប្អូនប្រុស​របស់ Kim Wilde ផ្ទាល់​។​

«Cambodia» ជា​អាល់​ប៊ុ​ម Single (​អាល់​ប៊ុ​ម​ដែលមាន​ចម្រៀង​តែ​១​បទ​) ទី​៤​របស់​អ្នកចម្រៀង Kim Wilde បន្ទាប់​ពីបទ «Kids in America» «Chequered Love» និង «Water on Glass»​។ ក្រោយ​បង្ហាញ​វត្តមាន​នៅលើ​ទីផ្សា បទ «Cambodia» បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១​លើ​តារាង «Best-Seller» នៅ​ប្រទេស​ស៊ុយអែត ស្វី​ស និង​ដា​ណឺ​ម៉ាក លេខ​៣​នៅ​ន័​រវេ​ស លេខ​៤​នៅ​អូទ្រីស លេខ​៥ នៅ​ហូ​ឡង់ លេខ​១២​នៅ​ចក្រភព​អង់គ្លេស លេខ​១៥​នៅ​អៀរ​ឡង់ និង​លេខ​២១​នៅ​នូ​វែ​ល​សេ​ឡង់​។​



​ក្នុង​ឆ្នាំ​១៩៨២ សមាគម​សិល្បៈ​តន្ត្រី SNEP របស់​បារាំង ចេញ​លិខិតបញ្ជាក់​ដល់​អាល់​ប៊ុ​ម​ចម្រៀង «Cambodia» ថា​ជា​អាល់​ប៊ុ​ម​មាស «Disque d’Or» ដោយបាន​លក់​ចេញ​ជាង​១​លាន​បន្ទះ​។ ជាមួយគ្នានេះ​ផងដែរ នៅ​ឆ្នាំ​១៩៨២​ដដែល Kim Wilde បាន​បញ្ចូល​បទ «Cambodia» (reprise) ទៅក្នុង​អាល់​ប៊ុ​ម​មួយ​ដែលមាន​ចំណងជើង​ថា «Select» ។​

Kim Wilde ដែលមាន​ឈ្មោះ​កំណើត​ថា Kimberley Smith  កើត​នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​១៩៦០ នៅ​តំបន់ Chiswick ភាគ​ខាងលិច​ប្រទេស​អង់គ្លេស​។ គាត់​ជា​អ្នកចម្រៀង អ្នកនិពន្ធ ឌី​ជេ និង​ជា​ពិធី​ការិនី​ទូរទស្សន៍ ដែល​ចូលចិត្ត​បង្ហាញ​វប្បធម៌​អង់គ្លេស​នា​អំឡុង​ឆ្នាំ​១៩៨០​។​



Kim ជា​កូនស្រី​ច្បង​របស់លោក Marty Wilde និង​អ្នកស្រី Joyce Baker ដែល​សុទ្ធតែជា​អ្នកចម្រៀង​ជើងចាស់ Rock and Roll​។ ក្រៅពី Marty Jr. ដែលជា​ប្អូនប្រុស​ពៅ​នោះ Ricky និង Roxanne ក៏បាន​ប្រឡូក​ខ្លួន​ក្នុង​ឧ​ស្សហកម្ម​ចម្រៀង​ផងដែរ​។ Kim បាន​រៀបការ​ជាមួយ​លោក Hal Fowler នៅ​ឆ្នាំ​១៩៩៦ និង​មានកូន​២​នាក់ គឺ Harry Tristan និង Rose Elisabeth​។

Kim ជោគជ័យ​ក្នុង​អាជីព​ខ្លាំង​បំផុត គឺ​ចន្លោះ​ពី​ឆ្នាំ​១៩៨១ ដល់​ឆ្នាំ​១៩៩៦ ។ បច្ចុប្បន្ន ក្នុង​វ័យ​៥៦​ឆ្នាំ Kim នៅតែ​បង្ហាញ​វត្ត​មាននៅ​ឆាក​តន្ត្រី ផងដែរ​។ ក្រោយ​ឆ្នាំ​១៩៨១ បទ​ចម្រៀង និង​អាល់​ប៊ុ​ម​ដ៏​ពេញនិយម​របស់ Kim ផ្សេងទៀត​រួមមាន  Catch as Catch Can (១៩៨៣) Another Step (១៩៨៦) Love Moves (១៩៩០) Love Is (១៩៩២) Now & Forever (១៩៩៥) Never Say Never (២០០៦) Come Out and Play (២០១០) Snapshots (២០១១) Wilde Winter Songbook (២០១៣) ជាដើម​៕




Tag:
 ឯកសារ​
  Kim Wilde
© រក្សាសិទ្ធិដោយ thmeythmey.com