ជាតិ
អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នឹង​ស្នើ​សម្ដេច ស ខេង បណ្តេញ​លោក ឈាន ពិសិដ្ឋ ចេញពី​ក្របខ័ណ្ឌ​
10, Apr 2017 , 12:16 pm        
រូបភាព
រូបថតលោក​ ឈាន ពិសិដ្ឋ ​ពីហ្វេសប៊ុកប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត
រូបថតលោក​ ឈាន ពិសិដ្ឋ ​ពីហ្វេសប៊ុកប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត
ដោយ:
 
​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ នឹង​ស្នើ​ទៅ​សម្តេច ស ខេង ដើម្បី​សុំ បណ្តេញ​មន្ត្រីនគរបាល​អន្តោប្រវេសន៍ ថ្នាក់​វរសេនីយ៍ត្រី​ម្នាក់​ឈ្មោះ ឈាន ពិសិដ្ឋ ចេញពី​ក្របខ័ណ្ឌ​នគរបាលជាតិ​។


​សំណើ​នេះ​ធ្វើឡើង​ក្រោយពី លោក ឈាន ពិសិដ្ឋ ដែល​គេ​ស្គាល់​ថា​ជា​មន្ត្រីប៉ូលិស​អន្តោប្រវេសន៍​ដែល​ធ្លាប់មាន​ជម្លោះ​ជាមួយ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ចុងឆ្នាំ​២០១៦ កន្លងមក នៅ​បុ​ស្តិ៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​នោះ បាន​បង្កបញ្ហា​ផ្ទុះអាវុធ​មួយ​គ្រាប់​ក្នុង​អង្គភាព កាលពី​ថ្ងៃទី​៩ ខែមេសា នេះ​។​
 
​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ លោក កែវ វណ្ណ​ថន បាន​និយាយថា អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កំពុង​រៀបចំ​លិខិត​ដាក់​ទៅ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ស្នើ​ដាក់ពិន័យ​លោក ឈាន ពិសិដ្ឋ លុបឈ្មោះ​ចេញពី​បញ្ជី​នគរបាល និង​ត្រូវ​ទទួលទោស​តាមផ្លូវ​តុលាការ ។ «​រាល់​មន្ត្រីនគរបាល​ទាំងអស់​ដែល​ប្រព្រឹត្ត​ល្មើសច្បាប់​ត្រូវតែ​ទទួលពិន័យ​ក្របខ័ណ្ឌ​នគរបាលជាតិ និង ទទួលទោស​ចំពោះមុខ​ច្បាប់​ជា​ធរមាន​»​។  លោក កែវ វណ្ណ​ថន បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាមរយៈ​ទូរ​សព្ទ នៅ​ថ្ងៃទី​១០ មេសា​នេះ ស្របពេល​លោក ឈាន ពិសិដ្ឋ ដែល​ហ៊ាន​បាញ់​នាយក​ផ្នែក​រដ្ឋបាល​ពីក្រោយ​ខ្នង​ចំ​ស័ក្តិ​ខាងឆ្វេង​ធ្លាក់ចុះ​ពីលើ​ស្មា កំពុង​គេចខ្លួន​មិន​ចូល​បំភ្លឺ​។​
 
​មន្ត្រីនគរបាល​ជាន់ខ្ពស់​រូបនេះ បន្ត​ឲ្យ​ដឹងថា ក្រោយ​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​នគរបាលជាតិ លោក ឈាន ពិសិដ្ឋ ត្រូវ​ប្រឈមមុខ​នឹង​ផ្លូវច្បាប់​តុលាការ ផ្អែក​តាម​បណ្តឹង​ជនរងគ្រោះ​។ បើតាម​លោក កែវ វណ្ណ​ថន នៅពេលនេះ​សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន​លោក ឈាន ពិសិដ្ឋ មក​ដោះស្រាយ​តាមផ្លូវ​ច្បាប់​ផងដែរ​។​
 
​លោក វណ្ណ​ថន ក៏បាន​ផ្ញើ​សារ​ដល់​សមត្ថកិច្ច​អន្តោប្រវេសន៍​ទូទាំងប្រទេស ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​វិន័យ​នគរបាល និង​ច្បាប់​ជា​ធរមាន​។ បើ​មិន​ដូច្នេះ​ទេ ពួកគេ​ដែល​ប្រព្រឹត្ត​ខុសច្បាប់​នោះ ក៏​នឹងត្រូវ​ទទួលទោស​តាមច្បាប់​ជាដាច់ខាត​ដែរ​។​
 
​ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ នាយក​ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​៧ មេសា លោក ឈាន ពិសិដ្ឋ ប្រើ​អាវុធ​បាញ់​នាយ​រដ្ឋបាល​ម្នាក់​ឈ្មោះ សេម មករា ដែល​បម្រើ​ការងារ​ក្នុង​អង្គភាព​ជាមួយគ្នា បណ្ដាល​ឲ្យ​របួស​ត្រង់​ស្មា តែ​មិន​ប៉ះពាល់​ដល់​អាយុជីវិត​ទេ ។ ដើមចម​ដែល​បណ្ដា​ឲ្យ​មាន​ការបាញ់​លោក សេម មករា នេះ​គឺ​ដោយសារតែ​នៅ​ថ្ងៃកើតហេតុ​នោះ គឺ​លោក មករា បាន​ហៅ​បុគ្គល​ដែលមាន​ជម្លោះ​នឹង​គ្នា ដែលមាន​លោក ឈាន ពិសិដ្ឋ និង​មន្ត្រី​បំពេញបែបបទ​ឆ្លងដែន លោក គឹម កែវ​រក្សា មក​សម្របសម្រួល ។ ប៉ុន្តែ​ក្រោយ​ចេញពី​បន្ទប់​សម្របសម្រួល​ភាគី​ជម្លោះ​ហើយ​នោះ ឈ្មោះ ឈាន ពិសិដ្ឋ បាន​ជិះ​រថយន្ត​មកដល់ ហើយ​ស្រែកជេរ​ខ្លាំងៗ ទៅលើ​លោក សេម មករា ដោយបាន​យក​កាំភ្លើង​ភ្ជង់​គាត់ នឹង​បាន​បាញ់​ពីក្រោយ​នាយក​រដ្ឋបាល​រូបនេះ បណ្ដាល​ឲ្យ​រងរបួស​តែម្ដង ។ នេះ​បើតាម​លិខិត​របស់​ប៉ុស្តិនគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ។​
 
​គួររម្លឹកថា ប៉ូលិស ឈាន ពិសិដ្ឋ ធ្លាប់មាន​រឿងក្តី​ក្ដាំ​ជាមួយ​លោក ឌិន ពុ​ទ្ធី សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ ដែល​បាន​ល្បីល្បាញ​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៦ ម្ដង​ហើយ ដោយ​កាលនោះ លោក ឌិន ពុ​ទ្ធី ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ក្រោម​ការចោទប្រកាន់ថា បាន​បើករថយន្ត​បុក​លោក ឈាន ពិសិដ្ឋ ដែល​កំពុង​ឈរ​ស្ទាក់​ពីមុខ​រថយន្ត​។ ដោយសារ​បញ្ហា​នេះ​លោក ឌិន ពុ​ទ្ធី ត្រូវបាន​តុលាការ​សម្រេច​ឲ្យ​ឃុំខ្លួន​មួយរយៈ​ផងដែរ ៕
 

Tag:
 ឈាន ពិសិដ្ឋ​
  បោយ​ប៉ែត​
  ព្រំដែន​
  មហាផ្ទៃ​
© រក្សាសិទ្ធិដោយ thmeythmey.com