អន្តរជាតិ
ប្រមុខ​ការពារជាតិ​អាមេរិក​អួតថា យន្តហោះ​ស៊ី​រី​២០​ភាគរយ ត្រូវកម្ទេច​ដោយ​មី​ស៊ី​ល Tomahawk
11, Apr 2017 , 3:05 pm        
រូបភាព
រូបភាពខូចខាតនៅមូលដ្ឋានអាកាស Shayrat ដែលរងការវាយប្រហារដោយមីស៊ីល Tomahawk របស់អាមេរិក (រូបភាព The Drive)
រូបភាពខូចខាតនៅមូលដ្ឋានអាកាស Shayrat ដែលរងការវាយប្រហារដោយមីស៊ីល Tomahawk របស់អាមេរិក (រូបភាព The Drive)
​ជិត​មួយ​សប្ដាហ៍​ក្រោយ​បាញ់ស្រោច​មី​ស៊ី​ល Tomahawk ចំនួន​៥៩​គ្រាប់​ដាក់​ស៊ី​រី  រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក James Mattis បាន​និយាយថា យន្តហោះ​ចម្បាំង​របស់​កងទ័ព​ស៊ី​រី​ចំនួន​២០​ភាគរយ ត្រូវបាន​កម្ទេច​ក្នុង​ប្រតិបត្តិការ​យោធា​ដោយផ្ទាល់​នេះ​។ ក្រៅពី​យន្តហោះ​ទាំង​២០​ភាគរយ មី​ស៊ី​ល​របស់​អាមេរិក ក៏បាន​បាញ់​ចំ​គោលដៅ​កងទ័ព​ស៊ី​រី​ជាច្រើន​ទៀត​ដូចជា​ឃ្លាំង​ស្តុក​ប្រេង និង​សម្ភារ​ដទៃទៀត​។ លោក Mattis ក៏​ព្រមាន​ថា បើ​រដ្ឋាភិបាល​ស៊ី​រី​ហ៊ាន​បំពាន​ទៀត អាមេរិក​នឹងមិន​លើកលែង​ឲ្យ​ឡើយ​។​



​មន្ទីរ​បញ្ច​កោណ បាន​បញ្ចេញ​របាយការណ៍​វាយតម្លៃ​នៃ​ការវាយប្រហារ​មី​ស៊ី​ល​របស់ខ្លួន​លើ​មូលដ្ឋាន​ទ័ពអាកាស Shayrat របស់​ស៊ី​រី ដើម្បី​ឆ្លើយតប​នឹង​ការវាយប្រហារ​អាវុធ​គីមី​លើ​ប្រជាជន​ស្លូតត្រង់​។ អាមេរិក បាន​បាញ់​មី​ស៊ី​ល Tomahawk ចំនួន​៥៩​គ្រាប់​ដាក់​មូលដ្ឋាន​នេះ ដែល​គេ​សង្ស័យថា ត្រូវបាន​ប្រើប្រាស់​ដោយ​កងទ័ព​រដ្ឋា​ភិ​បាល​ប្រធានាធិបតី Bashar al-Assad ដើម្បី​វាយប្រហារ​ដោយ​អាវុធ​គីមី ដែល​សម្លាប់​មនុស្ស​ជាង​៨០​នាក់​។​

​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក James Mattis បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​នៅ​ថ្ងៃ​ទៅ​១០ ខែមេសា ថា អាមេរិក​នឹងមិន​នៅ​ស្ងៀម​ឡើយ ពេល​រដ្ឋាភិបាល​លោក Assad សម្លាប់​ប្រជាជន​ស្លូតត្រង់ ដោយ​ប្រើ​អាវុធ​គីមី​។ លោក​បន្តថា ក្នុង​ប្រតិបត្តិការ​យោធា​ដោយផ្ទាល់​លើក​ទី​១ ក្នុង​ជម្លោះ​ស៊ី​រី មី​ស៊ី​ល​អាមេរិក បាន​បំផ្លាញ​យន្តហោះ​ចម្បាំង​របស់​កងទ័ព​ស៊ី​រី​ចំនួន​២០​ភាគរយ​នៃ​យន្តហោះ​ទាំងអស់​ដែល​នៅ​សេសសល់​របស់​ស៊ី​រី​។​

​ក្នុងការ​វាយតម្លៃ​ការខូចខាត​នេះ លោក Mattis អះអាងថា ទីតាំង​ស្តុក​អាវុធ និង​ប្រេង ត្រូវបាន​កម្ទេច ព្រម​គ្នា​នឹង​សមត្ថភាព​ផ្នែក​អាកាស​ផ្សេងទៀត​។ ទាំងនេះ​មានន័យថា កងទ័ព​ស៊ី​រី ក៏​គ្មាន​សមត្ថភាព​ចាក់​ប្រេង ឬក៏​បំពាក់​សម្ភារ​ឲ្យ​យន្តហោះ​ឡើងវិញ​ដែរ ហើយ​នៅពេលនេះ ព្រលានយន្តហោះ Shayrat លែងមាន​ប្រយោជន៍​ទៀតហើយ​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​សារព័ត៌មាន Al Jazeera ដែល​ផ្សាយ​ថា ការបាញ់​មី​ស៊ី​ល គឺជា​វិធានការណ៍​ប្រឆាំង​ការប្រើប្រាស់​អាវុធ​គីមី​តែម្ដង​។​

​យ៉ាងណាក្ដី ការវាយតម្លៃ​របស់​អា​មេ​រិ​ក​ស្ដីពី​ការខូចខាត​មូលដ្ឋាន​ទ័ពអាកាស Shayrat ខុសគ្នា​ពី​របាយការណ៍​របស់រ​ដ្ឋា​ភិ​បាល​ស៊ី​រី និង​រុស្ស៊ី​។ រដ្ឋាភិបាល​លោក Assad អះអាងថា ការខូចខាត​មិនមាន​ច្រើន​ឡើយ ហើយក៏​មិន​ប៉ះពាល់​កម្លាំង​ទ័ព​ស៊ី​រី​ដែរ​។ ចំណែក​រុស្ស៊ី​វិញ​ក៏​និយាយថា ក្នុងចំណោម​មី​ស៊ី​ល​ទាំង​៥៩ មាន​មី​ស៊ី​ល​ចំនួន​២៣ ដែល​បាញ់​ដល់ Shayrat ហើយ​មានតែ​យន្តហោះ MIG-23s ចំនួន​៦​គ្រឿង​ប៉ុណ្ណោះ ត្រូវកម្ទេច​។​

​បន្ថែម​ពីលើ​ការបាញ់​មី​ស៊ី​ល​លើក​នេះ មន្ត្រីរដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ក៏​ព្រមាន​ដែរ​ថា ប្រតិបត្តិការ​របៀបនេះ អាច​នឹងធ្វើ​ឡើង​ទៀត បើ​របប​ស៊ី​រី បន្ត​ប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ងរ​ទៀត​នោះ​។ យ៉ាងណាក្ដី អាមេរិក​នឹង​ព្យាយាម​ធ្វើយ៉ាងណា ដើម្បី​បន្ថយ​ការអន្តរាគមន៍​ដោយផ្ទាល់​ទៅក្នុង​ជម្លោះ​នេះ​។ ជំនួស​មកវិញ ការចូលរួម​ជាមួយ​ស​ម្ព័​ន្ធ​មិត្ត​ផ្សេងទៀត​ដូច​អ្វីដែល​ធ្លាប់ធ្វើ​កន្លងមក នឹង​នៅតែ​បន្ត​រហូត​គោលដៅ​អាទិភាព​ត្រូវបាន​បញ្ចប់ គឺ​ការផ្លាស់ប្ដូរ​របប​ដឹកនាំ​ស៊ី​រី​តែម្ដង​៕


Tag:
 អាមេរិក​
  James Mattis
  ស៊ី​រី​
© រក្សាសិទ្ធិដោយ thmeythmey.com