ជាតិ
សេដ្ឋកិច្ច
ចូលឆ្នាំ​ខ្មែរ​៖ អាស៊ាន ជា​គោលដៅ​ទេសចរណ៍​ទី​១​ដែល​ពលរដ្ឋ​ខ្មែរ​ទៅ​កម្សាន្ត​
15, Apr 2017 , 9:00 am        
រូបភាព
​លោក ហូ វណ្ឌី អគ្គលេខាធិការ​សម្ព័ន្ធ​ទេសចរណ៍​ជាតិ​កម្ពុជា
​លោក ហូ វណ្ឌី អគ្គលេខាធិការ​សម្ព័ន្ធ​ទេសចរណ៍​ជាតិ​កម្ពុជា
ដោយ:
ភ្នំពេញ​៖ ក្នុងឱកាស​ចូលឆ្នាំថ្មី​ឆ្នាំ ២០១៧​នេះ ពលរដ្ឋ​ខ្មែរ​មួយចំនួន​បានចេញ​ទៅ​កម្សាន្ត​នៅក្រៅ​ប្រទេស​។ ប្រទេស​ក្នុង​តំបន់​អាស៊ាន នៅតែ​គោលដៅ​ទេសចរណ៍​លំដាប់​ទី​១​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​កម្សាន្ត ខណៈ​ប្រទេស ជប៉ុន ចិន និង​កូរ៉េខាងត្បូង​ស្ថិតនៅ​លំដាប់​ទី​២ បន្ទាប់មក​គឺ​ក្រុង​ឌូ​បៃ នៃ​ប្រទេស​អារ៉ាប់​រួម និង​ប្រទេស​មួយចំនួន​នៅ​តំបន់​អឺរ៉ុប​។​



​លោក ហូ វណ្ឌី អគ្គលេខាធិការ​សម្ព័ន្ធ​ទេសចរណ៍​ជាតិ​កម្ពុជា បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា តំបន់​អាស៊ាន ជា​គោលដៅ​ទី​១ ដែល​ពលរដ្ឋ​ខ្មែរ​ទៅ​កម្សាន្ត​ក្នុងឱកាស​ចូលឆ្នាំ​ខ្មែរ​នេះ​។ ប្រទេស​ទាំងនោះ មាន​ប្រទេស​ថៃ វៀតណាម ម៉ាឡេស៊ី និង​ប្រទេស​សឹង្ហ​បុរី​ជាដើម​។ ក្រៅពី​តំបន់​អាស៊ាន ពលរដ្ឋ​ខ្មែរ​ចេញទៅ​កម្សាន្ត​នៅ​ប្រទេស​ជប៉ុន កូរ៉េ ចិន ក្រុង​ឌូ​បៃ​ប្រទេស​អារ៉ាប់ និង​តំបន់​អឺរ៉ុប​។ នេះ​បើតាម លោក ហូ វណ្ឌី ដែល​បន្ត​បញ្ជាក់​មូលហេតុ​ថា ដំណើរ​កម្សាន្ត​ក្នុង​តំបន់​អាស៊ាន ពលរដ្ឋ​ខ្មែរ​ចំណាយ​តិច និង​ងាយស្រួល​ជាង​ការ​ទៅ​កម្សាន្ត​ទៅ​ប្រទេស​ផ្សេងទៀត​។​

​លោក ខៀវ វ​ឌ្ឍ​នា បុគ្គលិក​ផ្នែក​បម្រើសេវា​អតិថិជន​នៃ​ក្រុមហ៊ុន World Pop បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​លោក បាន​លក់​កញ្ចប់​ទេសច​រណ៍​ទៅ​ប្រទេស​ជប៉ុន​ដាច់​ជាង​កញ្ចប់​ទេសចរ​ណ៍ដ​ទៃទៀត ដោយសារ​នៅពេលនេះ​ជា​រដូវ​ផ្កា​សាគូ​រ៉ា​រីក ដែល​ទាក់ទាញ​ទេសចរ​ឲ្យ​ទៅ​កម្សាន្ត​នៅ​ប្រទេស​ជប៉ុន​។ លោក​បន្ថែមថា ប្រទេស​ក្នុង​តំបន់​អាស៊ាន ក៏​ជា​គោលដៅ​ទេសចរណ៍​ខ្លាំង​ណាស់ដែរ សម្រាប់​ពលរដ្ឋ​ខ្មែរ​ក្នុងឱកាស​ចូលឆ្នាំ​ខ្មែរ​ឆ្នាំនេះ​។​
​ដោយឡែក​គោលដៅ​ទេសចរណ៍​ក្នុងស្រុក​វិញ ខេត្តសៀមរាប តំបន់ឆ្នេរ និង​ភាគ​ឦសាន ពិសេស ខេត្តមណ្ឌលគិរី និង​រតនគិរី បាន​ស្រូប​ទាញ​អ្នកទេសចរ ក្នុងកំឡុងពេល​ចូលឆ្នាំថ្មី​នេះ​។ អគ្គលេខាធិការ​សម្ព័ន្ធ​ទេសចរណ៍​ជាតិ​កម្ពុជា លើកឡើងថា ខេត្តសៀមរាប​ទាក់ទាញ​ទេសចរ​ច្រើន​បំផុត ដោយសារ​ខេត្ត​នេះ​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​៕



Tag:
 ​ហូ វណ្ឌី​
  ទេសចរណ៍​
 ​ចូលឆ្នាំ​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com