កីឡាអន្តរជាតិ
អន្តរជាតិ
 អាមេរិក កាណាដា និង​ម៉ិ​ក​ស៊ិ​ក​រួមគ្នា​ប្រជែង​ធ្វើ​ម្ចាស់ផ្ទះ World Cup ២០២៦
16, Apr 2017 , 8:59 pm        
រូបភាព
​ប្រទេស​នៅ​ទ្វីបអាមេរិក​៣ រួមមាន​សហរដ្ឋអាមេរិក កាណាដា និង​ម៉ិ​ក​ស៊ិ​ក​ប្រកាស់​រួមគ្នា​ប្រជែង​ធ្វើជា​ម្ចាស់ផ្ទះ​ពានរង្វាន់​ពិភពលោក FIFA World Cup ឆ្នាំ​២០២៦​។ នេះ​បើ​យោងតាម​ការលើកឡើងរ​ប​ស់លោក Victor Montagliani ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​តំបន់​អាមេរិក​ខាងកើត អាមេរិក​កណ្តាល និង​កា​រ៉ា​អ៊ី​ប (CONCACAF)​។​



​បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន TheGuardian កាលពី​ថ្ងៃទី​៦ ខែមេសា​កន្លងទៅ ប្រទេស​ដែល​ស្ថិតក្នុង​តំបន់ CONCACAF​ទាំងបី​នេះ​បានរួម​គ្នា​ដើម្បី​ស្នើសុំ​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍ World Cup ២០២៦​។ ការដេញថ្លៃ​សុំ​សិទ្ធិ​នេះ រំពឹងថា​នឹង​បញ្ចប់​នៅមុន​ឆ្នាំនេះ ហើយ​ការសម្រេច​ចុងក្រោយ​នឹងត្រូវ​ធ្វើឡើង​រហូតដល់​ខែឧសភា​ឆ្នាំ​២០២០​។​

«​កាណាដា អាមេរិក និង​ម៉ិ​ក​ស៊ិ​ក​មានបំណង​ដេញថ្លៃ​រូ​ម​គ្នា​ដើម្បី​ធ្វើជា​ម្ចាស់ផ្ទះ World Cup ឆ្នាំ​២០២៦ ដែល​គំនិត​នេះ​គឺ​ស្ថិតក្នុង​ការពិភាក្សាគ្នា​នៅឡើយ ហើយ​វា​ក៏​ជា​រឿង​គួរ​ឲ្យ​រំភើប​ដែរ ប្រសិនបើ​ការស្នើសុំ​នេះ​ទទួល​បានជា​ផ្លែ​ក​ផ្កា​នោះ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក Montagliani ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​តំបន់ CONCACAF​។ លោក​បាន​បន្ថែមទៀតថា​៖«​យើង​មិន​បានទទួល​អ្វី​នៅឡើយ​ទេ ខណៈ​ការចរចា​ក៏​មិនទាន់មាន​លទ្ធផល​ដែរ ប៉ុន្តែ​វា​ជា​សញ្ញា​ដ៏​ល្អ​មួយ​ដែល​ពួកគេ [​ប្រទេស​ទាំង​៣] អាច​ធ្វើការ​ជាមួយគ្នា​តាមរយៈ​ការប្រកួត​កីឡាបាល់ទាត់​នេះ​»​។​

​សូមបញ្ជាក់ថា​តាំងពី​សហរដ្ឋអាមេរិក​ធ្វើជា​ម្ចាស់ផ្ទះ​ពានរង្វាន់​ពិភពលោក FIFA World Cup កាលពី​ឆ្នាំ​១៩៩៤​មក មិនទាន់មាន​ប្រទេស​នៅក្នុង​តំបន់ CONCACAF មួយណា​មាន​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ព្រឹត្តិការណ៍​នេះ​ទៀត​នៅឡើយ​ទេ ខណៈដែល​រុស្ស៊ី​បានទទួល​សិទ្ធិ​នៅ​ឆ្នាំ​២០១៨​ខាងមុខ មុនពេល​ប្រទេស​កាតា​ធ្វើជា​ម្ចាស់ផ្ទះ​ឆ្នាំ​២០២២​។



Tag:
 បាល់ទាត់​
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com