កីឡាជាតិ
ជាតិ
បឹងកេត និង Magwe បានធ្លាក់ចេញពីព្រឹត្តិការណ៍ AFC Cup ខណៈពួកគេនៅសល់មួយប្រកួតបង្គ្រប់កិច្ច
× ក្រុមបឹងកេតរបស់កម្ពុជា និងក្រុម Magwe FC របស់មីយ៉ាន់ម៉ា បានធា្លក់ចេញពីព្រឹត្តិការណ៍ពានរង្វាន់ AFC Cup ប្រចាំឆ្នាំ២០១៧ ក្រោយចាញ់គូប្រកួតរៀងៗខ្លួនកាលពីម្សិលមិញ។ ប៉ុន្តែក្រុមទាំងពីរនេះ នៅសល់ម្នាក់មួយប្រកួត ក្នុងនោះបឹងកេតត្រូវជួបប្រកួតក្រុម Global FC រីឯក្រុម Magwe FC ប៉ះក្រុម Johor Darul Ta’zim។
ក្រុមបឹងកេត បន្ទាប់ពីប្រកួតចាញ់ក្រុម Johor Darul Ta’zim របស់ម៉ាឡេស៊ី ៣-០ កាលពីម្សិលមិញនៅពហុកីឡដ្ឋានជាតិ បានធ្វើឲ្យក្រុមតំណាងកម្ពុជាមួយនេះបាត់បង់ឱកាសប្រជែងក្នុងព្រឹត្តិការណ៍ពានរង្វាន់ AFC Cup ប្រចាំឆ្នាំ២០១៧។ ទោះបីបាត់យ៉ាងនេះក្តីក្រុមបឹងកេតត្រូវជួបប្រកួតម្ចាស់ផ្ទះ Global FC មួយប្រកួតទៀតនាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៧ នៅកីឡដ្ឋាន Rizal Memorial Football Stadium ក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
គួររំលឹកថា ៤ប្រកួតកន្លងមករបស់បឹងកេតក្នុងនោះប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ Johor ក្នុងលទ្ធផល ៣-០ ហើយបន្តចាញ់ក្រុម Global FC របស់ហ្វីលីពីន ២-០ នៅលើទឹកដីរបស់ខ្លួន។ បន្ទាប់មក បឹងកេតបានយកឈ្នះក្រុម Magwe FC របស់មីយ៉ាន់ ១-០ នៅនៃពហុកីឡដ្ឋានជាតិ មុនរក្សាលទ្ធផលស្មើ ១-១ ជាមួយ Magwe FC វិញនៅលើទឹកដីមីយ៉ាន់ម៉ា។ បឹងកេតកំពុងលេខរៀងទី២ក្នុងពូល F ដោយមាន៤ពិន្ទុ។
ជាមួយគ្នានេះ ក្រុម Magwe FC របស់មីយ៉ាន់ម៉ា ក៏បានធ្លាក់ចេញពីព្រឹត្តិការណ៍ប្រកួតនេះផងដែរ ក្រោយប្រកួតចាញ់ក្រុម Global FC របស់ហ្វីលីពីន ៤-២ នៅលើទឹកដីរបស់ខ្លួនកាលពីម្សិលមិញ។ ការបរាជ័យនេះ បានធ្វើឲ្យក្រុម Magwe FC បន្តឈរបាតតារាងដោយមាន២ពិន្ទុ។ ប៉ុន្តែក្រុមនេះនៅសល់មួយប្រកួតទៀត គឺត្រូវតទល់ជាមួយក្រុម Johor Darul Ta’zim នាថ្ងៃទី៣ ខែឧសភា នៅកីឡដ្ឋាន Tan Sri Dato' Haji Yunos Stadium របស់ម៉ាឡេស៊ី។
គួររំលឹកថា ៤ប្រកួតកន្លងមករបស់ Magwe FC គឺស្មើ២ និងចាញ់២ ក្នុងនោះស្មើ ១-១ ជាមួយក្រុម Johor Darul Ta’zim ,ស្មើ ១-១ ជាមួយបឹងកេត, ចាញ់ក្រុម Global FC ១-០ និងចាញ់ក្រុមបឹងកេត ១-០។
គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់ AFC Cup 2017 ពូល F បានរកឃើញក្រុមខ្លាំងចំនួន២ ដើម្បីឡើងទៅកាន់វគ្គបន្តហើយ គឺក្រុម Johor Darul Ta’zim របស់ម៉ាឡេស៊ី និងក្រុម Global FC របស់ហ្វីលីពីន ទោះបីក្រុមទាំងពីរនេះនៅសល់ម្នាក់មួយប្រកួតទៀតក៏ដោយ។ បច្ចុប្បន្នក្រុម Global FC ឈរកំពូលតារាងដោយមាន១២ពិន្ទុ ខណៈក្រុម Johor Darul Ta’zim ឈរលេខរៀងទី២ដោយមាន១០ពិន្ទុ៕
Tag:
បាល់ទាត់
AFC Cup 2017
បឹងកេត
© រក្សាសិទ្ធិដោយ thmeythmey.com