ជាតិ
មេធាវី ជួប សម្លាប់ ប្តឹង​ជំទាស់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​
21, Apr 2017 , 11:50 am         2105
រូបភាព
លោក យុង ផានិត មេធាវីរបស់ជួប សម្លាប់ បានផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាននៅមុខសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីចូលស្តាប់ការប្រកាសសាលក្រម កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧។
លោក យុង ផានិត មេធាវីរបស់ជួប សម្លាប់ បានផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាននៅមុខសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីចូលស្តាប់ការប្រកាសសាលក្រម កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧។
​ភ្នំពេញ​៖ លោក យុង ផានិត មេធាវី​ការពារ​ក្ដី​លោក អឿ​ត អាង ហៅ​ជួប សម្លាប់ បាន​ប្តឹង​ជំទាស់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​បាន​ផ្តន្ទាទោស​កូនក្តី​ខ្លួន​ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត​ទៅ​សាលាឧទ្ធរណ៍​។ មេធាវី​ការពារ​ទណ្ឌិត​រូបនេះ បាន​ឲ្យ​ដឹងថា កូនក្តី​លោក​ស្នើ​ឧទ្ធរណ៍​ឲ្យ​ផ្តល់​ស្ថានសម្រាលទោស ពីព្រោះ​កូនក្តី​របស់លោក​ចង់​កែប្រែ​កំហុស​។​


​លោក យុង ផានិត បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ជួប សម្លាប់ មិន​ព្រម​ទទួលយក​សាលក្រម​តុលាការ​ភ្នំពេញ​ដែល​សម្រេច​ឲ្យ​លោក​ជាប់ពន្ធនាគារ​មួយជីវិត ក្នុង​រឿង​ឃាតកម្ម​លោក កែម ឡី  នោះទេ​។ មេធាវី​រូបនេះ បានចាត់ទុក​សាលក្រម​តុលាការ​ដំបូង​ដែល​ដាក់ទោស ជួប សម្លាប់ អស់​មួយជីវិត គឺជា​ការផ្តន្ទាទោស​ធ្ងន់ធ្ងរ​ដែល​កូនក្តី​លោក​គ្មាន​ឱកាស​កែប្រែ​កំហុស​។​

«​ការដាក់ទោស ជួប សម្លាប់ អស់​មួយជីវិត​នេះ​ធ្ងន់ធ្ងរ​ពេក​។ គេ​បាន​សារភាព​កំហុស​រួច ហើយ​គេច​ង់​កែប្រែ​កំហុស​ចូលរួម​ធ្វើ​ការងារ​ជួយ​សង្គម​ដូច​ធម្មតា​វិញ​»​។ មេធាវី​ការពារ​ទណ្ឌិត​ដែល​បាញ់សម្លាប់​លោក កែម ឡី បញ្ជាក់​ពី​មូលហេតុ​ដែល​លោក​សម្រេច​ប្តឹង​ទាស់​កាលពី​ថ្ងៃទី​២០ ខែមេសា​ម្សិលមិញ​នេះ​។​

​មេធាវី​រូបនេះ ជឿជាក់ថា សាលាឧទ្ធរណ៍​នឹង​សម្រាលទោស​កូនក្តី​លោក​តាម មាត្រា ៩៣ និង​៩៥ នៃ​ក្រមព្រហ្មទណ្ឌ ដោយ​ផ្អែក​តាម​ហេតុផល​ខាងលើ​។ តាម​មាត្រា​៩៥ នៃ​ក្រមព្រហ្មទណ្ឌ ដែល​ចែង​ពី​ទោស​ដាក់ពន្ធនាគារ​អស់​មួយជីវិត និង​ស្ថានសម្រាលទោស បាន​បញ្ជាក់ថា កាលណា​បទល្មើស​ត្រូវបាន​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​អស់​មួយជីវិត ចៅក្រម​ដែល​ផ្តល់​ស្ថានសម្រាលទោស​អាច​ប្រកាស​ទោស​ដាក់ពន្ធនាគារ​ក្នុង​ចន្លោះ​រវាង ១៥ (​ដប់​ប្រាំ​) ឆ្នាំ​និង ៣០ (​សាមសិប​)​ឆ្នាំ​។​

​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បានប្រកាស​សាលក្រម កាលពី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៧ សម្រេច​ឲ្យ​លោក ជួប សម្លាប់ ជាប់ពន្ធនាគារ​អស់​មួយជីវិត ក្រោម​បទ​ចោទ «​ឃាតកម្ម​គិតទុក​ជាមុន និង​កាន់កាប់​អាវុធ​ខុសច្បាប់​» តាម​មាត្រា​២០០​និង​មាត្រា​៤៩០​នៃ​ក្រមព្រហ្មទណ្ឌ​។ នៅក្នុង​សវនាការ​កាលនោះ លោក​មេធាវី យុង ផានិត ធ្លាប់​ស្នើ​ឲ្យ​ចៅក្រម​សម្រាលទោស ដល់​លោក ជួប សម្លាប់​ដែរ​។ តែ​ចៅក្រម មិនបាន​ធ្វើតាម​សំណើ​នេះ​ទេ​។

​លោក កែម ឡី អ្នកសិក្សា​ស្រាវជ្រាវ​ការអភិវឌ្ឍ​សង្គម និង​ជា​អ្នកវិភាគ​នយោបាយ ត្រូវបាន​បាញ់សម្លាប់ ក្នុង​ស្តា​ម៉ា​ត​មួយកន្លែង ស្ថិតនៅ​ម្តុំ​ស្តុ​ប​បូកគោ កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦​។ ក្រោយ​ឃាតកម្ម​នេះ កើតឡើង សមត្ថកិច្ច បាន​ចាប់​លោក ជួប សម្លាប់ នៅក្នុង​ថ្ងៃនោះ​តែម្តង​។ ក្រៅពី​លោក ជួប សម្លាប់ សមត្ថកិច្ច និង​តុលាការ នៅ​មិនទាន់​រកឃើញ​អ្នក​ជាប់​ពាក់ព័ន្ធ​ផ្សេង នោះទេ​៕

Tag:
 ជួប សម្លាប់​
  កែម ឡី​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ