អន្តរជាតិ
​ប្រមុខ​ការពារជាតិ​អាមេរិក​ថា «​ស៊ី​រី​នៅមាន​រក្សា​អាវុធ​គីមី​ក្នុង​ដៃ​»
22, Apr 2017 , 5:39 pm        
រូបភាព
​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក James Mattis បាន​ថ្លែង​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​អ៊ីស្រាអែល​ថា រដ្ឋាភិបាល​ស៊ី​រី​នៅ​រក្សាទុក​អាវុធ​គីមី​នៅឡើយ ទោះបីជា​ប្រទេស​នេះ​ធ្លាប់​ប្រកាស​បោះបង់ចោល​កាលពី​ឆ្នាំ​២០១៣​ក៏ដោយ​។ ប្រមុខ​ការពារជាតិ​អាមេរិក​រូបនេះ​ក៏​ព្រមាន​រដ្ឋាភិបាល​ស៊ី​រី​ជាថ្មី​ដែរ បើ​ហ៊ាន​ប្រើប្រាស់​អាវុធ​គីមី​ទៀត​។


​ទោះបីជា​ស៊ី​រី​ប្រកាសថា ខ្លួន​បោះបង់​អាវុធ​គីមី​អស់​ទៅហើយ​កាលពី​ឆ្នាំ ២០១៣ ក្រោម​ការត្រួតពិនិត្យរ​បស់​មហាអំណាច​ក៏ដោយ បច្ចុប្បន្ននេះ​គេ​ឃើញ​មានការ​អះអាង​ជាថ្មី​ថា ស៊ី​រី​នៅតែមាន​អាវុធ​គីមី​ក្នុង​ដៃ​។ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ក៏ អះអាង​បែបនេះ​ដែរ​។
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ក្នុងពេល​ទស្សនកិច្ច​នៅ​អ៊ីស្រាអែល ប្រមុខ​ការពារជាតិ​អាមេរិក​លោក James Mattis បានបញ្ជាក់​ច្បាស់​ថា រដ្ឋាភិបាល​ស៊ី​រី​នៅ​រក្សាទុក​អាវុធ​គីមី​ក្នុង​ដៃ​នៅឡើយ​។​

«​វា​អាច​ថា គ្មានអ្វី​គួរ​ឲ្យ​សង្ស័យ​ទៀត​ទេ​ក្នុង​ចិត្ត​របស់​សហគមន៍​អន្តរជាតិ​ដែលថា ស៊ី​រី​បាន​រក្សាទុក​អាវុធ​គីមី​ខ្លះ​ដែល​រំលោភ​កិច្ចព្រមព្រៀង​និង​ការប្រកាស​របស់ខ្លួន​កាលពី​ឆ្នាំ ២០១៣​ពាក់ព័ន្ធ​ការលះបង់​អាវុធ​នេះ​»​។
​យ៉ាងណាមិញ ប្រមុខ​ការពារជាតិ​អាមេរិក​រូបនេះ​មិនបាន​បកស្រាយ​បន្ថែម​ទេ​ពាក់ព័ន្ធ​បរិមាណ​អាវុធ​ដែល​រដ្ឋាភិបាល​ក្រុង​ដា​ម៉ា​សមាន​ក្នុង​ដៃ​ឡើយ ព្រោះ​វា​ទាក់ទង​រឿង​ច​ម្ងា​ត់​ផ្នែក​ចារកម្ម​។
«​ខ្ញុំ​អាច​និយាយថា គេ​បាន​រក្សាទុក​អាវុធ​ខ្លះ​។ វា​រំលោភ​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ ហើយ​វា​ត្រូវ​ដោះស្រាយ​តាមផ្លូវ​ការទូត ហើយ​វា​ជា​រឿង​ឆ្កួត​ឡប់ បើ​ហ៊ាន​ប្រើប្រាស់​អាវុធ​នេះ​ម្តងទៀត​។ យើង​បានបង្ហាញ​ច្បាស់​ហើយ​តាមរយៈ​ការបាញ់​ផ្លោង​មី​ស៊ី​ល​កន្លងមកនេះ​»​។
​ថ្វីបើ​លោក​មិនបាន​បញ្ជាក់​ពី​ចំនួន​អាវុធ​គីមី​ស៊ី​រី​មាន​ក៏ដោយ រដ្ឋាភិបាល​អ៊ីស្រាអែល​បានបង្ហាញ​របាយការណ៍​ចារកម្ម​មួយ​ដែល​បង្ហាញថា ស៊ី​រី​មាន​អាវុធ​គីមី​ទំហំ​៣​តោន​ឯណោះ​។ ប៉ុន្តែ​គ្រប់យ៉ាង​គ្រាន់តែ​ជាការ​បញ្ជាក់​របស់​អ៊ីស្រាអែល​ប៉ុណ្ណោះ​។​
 
 ដោយឡែក លោក James Mattis បាន​បន្ថែមថា កាលពី​ថ្មីៗ​នេះ រដ្ឋាភិបាល​ស៊ី​រី​ក៏បាន​បំបែក​ក្រុម​យន្តហោះ​ចម្បាំង​ដែល​ដែល​ត្រូវ​ចេញ​ប្រតិបត្តិការ ដែល​វា​ជាស​ញ្ញា​មួយ​ដែល​បញ្ជាក់ថា​ស៊ី​រី​បារម្ភ​ថា​អាមេរិក​នឹង​អាច​វាយប្រហារ​ខ្លួន​ជាថ្មីទៀត ។
​កាលពីដើម​ខែមេសា​កន្ល​ង​មកនេះ រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​បានសម្រេច​បាញ់​ផ្លោង​មី​ស៊ី​ល​ជិត ៦០​គ្រាប់​ចូលក្នុង​មូលដ្ឋាន​ទ័ពអាកាស​ស៊ី​រី​នៅ​ក្រុង Homs ដើម្បី​ឆ្លើយតប​នឹង​ការប្រើប្រាស់​អាវុធ​គីមី​នៅ​ខេត្ត Idlib ដែល​សម្លាប់​មនុស្ស​ប្រហែល​៩០​នាក់​ក្នុងនោះ​មាន​កុមារ  ហើយ​អាមេរិក​អួតថា មី​ស៊ី​ល​ខ្លួន​កម្ទេច​យន្តហោះ​ចម្បាំង​ស៊ី​រី​អស់ ២០​ភាគរយ​ឯណោះ​៕

© រក្សាសិទ្ធិដោយ thmeythmey.com