អន្តរជាតិ
 Duterte៖ រុស្ស៊ី​នៅ​ជាមួយ​ខ្ញុំ ដូច្នេះ​ខ្ញុំ​មិន​ខ្លាច​អ្វី​ឡើយ​
22, Apr 2017 , 8:59 pm        
រូបភាព
​នាវា​កងទ័ពជើងទឹក​២​គ្រឿង​របស់​រុស្ស៊ី បាន​ទៅដល់​កំពង់ផែ​ក្រុង​ម៉ានីល​នៅ​ថ្ងៃទី​២០ ខែមេសា ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​៤​ថ្ងៃ​នៅ​ហ្វីលីពីន​។ នេះ​ជា​ទស្សនកិច្ច​លើក​ទី​២ របស់​នាវា​កងទ័ពជើងទឹក​រុស្ស៊ី​លើទឹក​ដី​ហ្វីលីពីន ហើយ​ទស្សនកិច្ច​លើក​នេះ​ផ្ដល់​ទំនុកចិត្ត​កាន់តែច្រើន​ដល់​ប្រធានាធិបតី Rodrigo Duterte ដែល​ចង់បាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​រុស្ស៊ី​។ វត្តមាន​នាវា​រុស្ស៊ី ធ្វើ​ក៏​ឲ្យ​លោក​Duterte លែង​ខ្លាច​អ្វី​ទាំងអស់​ដែរ​។


​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បាន​ឡើង​ទស្សនកិច្ច​នាវា​ល្បាត​បំពាក់​មី​ស៊ី​ល Varyag នៃ​កងទ័ពជើងទឹក​រុស្ស៊ី ដែល​កំពុង​ទស្សនកិច្ច​ហ្វីលីពីន​។ មេបញ្ជាការ​មួយរូប​នៃ​កងទ័ពជើងទឹក​រុស្ស៊ី បានបង្ហាញ​សមត្ថភាព​ពិសេស​របស់​នាវា​ល្បាត​នេះ​ដែលមាន​ប្រវែង​១៨៦​មែត្រ​ទៅកាន់​ប្រធានាធិបតី​ហ្វីលីពីន​។ នាវា​ល្បាត​នេះ បំពាក់​ដោយ​មី​ស៊ី​ល​ចំនួន​១៦​គ្រឿង និង​មាន​ទាហាន​ចំនួន​៥០០ មកជា​មួយ​ផង​។
​ទស្សនកិច្ច​របស់​នាវា​រុស្ស៊ី ធ្វើ​ឲ្យ​លោក Duterte មាន​ទំនុក​ចិត្តខ្លាំង​លើ​ការប្ដេជ្ញាចិត្ត​របស់​រុស្ស៊ី​លើ​ទំនាក់ទំនង​ជាមួយ​ហ្វីលីពីន​។ បើតាម​សារព័ត៌មាន Rappler ប្រធានាធិបតី​ហ្វីលីពីន បាន​និយាយ​នៅលើ​នាវា​ល្បាត Varyag ថា​៖ «​ឥឡូវនេះ រុស្ស៊ី​ឈរ​ជាមួយ​ខ្ញុំ​។ ដូចនេះ ខ្ញុំ​មិនគួរ​ខ្លាច​អ្វី​ទាំងអស់​»​។ លោក ក៏​ឆ្លៀតពេល​ដដែល​នេះ បង្ហាញ​បំណង​ទទួលយក​ការជួយ​របស់​រុស្ស៊ី ក្នុង​ការទិញ​សព្វាវុធ​ថ្មី​ផងដែរ​។ 
 
​នាវា​ល្បាត​បំពាក់​មី​ស៊ី​ល Varyag មកដល់​ហ្វីលីពីន​ជាមួយ​នាវា​ដឹក​ប្រេង Pechenge ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី ដែល​កំពុងតែ​ផ្អែមល្ហែម​។ នេះ​ជា​លើក​ទី​២ ដែល​នាវា​រុស្ស៊ី​មាន​វត្តមាន​លើ​ទឹកដី​ហ្វីលីពីន​ក្នុង​រយៈពេល​៣​ខែ​ចុងក្រោយ​។ ការមកដល់​របស់​នា​វា​រុស្ស៊ី ក៏​ជាស​ញ្ញា​នៃ​ការ​ទៅមុខ​កាន់តែ​ប្រសើរ​នៃ​ចំណង​ការទូត​រុស្ស៊ី និង​ហ្វីលីពីន ស្របពេល​រដ្ឋបាល​លោក Rodrigo Duterte បែរខ្នង​ដាក់​អាមេរិក​នោះ​។ 
 
​ការមកដល់​នាវា​ទាំង​២​គ្រឿង កើតឡើង​តែមួយ​ខែ​មុន លោក Duterte ហោះហើរ​ទៅកាន់​រុស្ស៊ី​ដើម្បី​ជួប​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ជា​សម្ព័ន្ធមិត្ត​ថ្មី​នៅ​ខែឧសភា​ខាងមុខ ដើម្បី​ពង្រឹង​ចំណងមិត្តភាព​ថ្មីថ្មោង​នេះ​។ មេដឹកនាំ​ទាំង​២ ក៏​រំពឹងថា​ចុះ​កិច្ចព្រមព្រៀង​ការពារជាតិ​មួយ សំដៅ​រឹតចំណង​មិត្តភាព​ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត ខណៈ​ហ្វីលីពីន​ក៏​កំពុងមាន​ចំណាប់​ទិញ​សព្វាវុធ​មួយចំនួន​ពី​រុស្ស៊ី​ដែរ ដើម្បី​ទុ​ការពារ​ខ្លួន​។
​លោក Duterte ក៏​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ការពារជាតិ​របស់លោក ពិនិត្យមើល​អាវុធ​ថ្មីៗ​ដែល​ហ្វីលីពីន​មានលទ្ធភាព​ទិញយក​ប្រើប្រាស់​ដូចជា​កាំភ្លើង​, យន្តហោះ​ដ្រូ​ន និង​ឧទ្ធម្ភាគចក្រ​ជាដើម​។ មិនតែប៉ុណ្ណោះ ហ្វីលីពីន ក៏​សំឡឹង​រក​នាវាមុជទឹក​ផលិត​ដោយ​រុស្ស៊ី​ផងដែរ ដ្បិតអី​ហ្វីលីពីន​កំពុងមាន​ជម្លោះ​ដែនទឹក​សមុទ្រ​ចិន​ខាងត្បូង​ជាមួយ​ចិន​ស្រាប់​ផង​៕

Tag:
 ​រុស្ស៊ី​
  ហ្វីលីពីន​
  Rodrigo Duterte
© រក្សាសិទ្ធិដោយ thmeythmey.com